ក្រុមហ៊ុន ASUS ប្រកាសហ្គេមីងហ្វូនជំនាន់ក្រោយ ZenFone Max M2 និង Max Pro M2 កំពុងទាក់ចិត្តយុវវ័យ

ក្រុមហ៊ុន ASUS បានប្រកាសចេញជំនាន់ក្រោយរបស់ហ្គេមីងហ្វូនសេរ៊ីថ្មីរបស់ខ្លួនចំនួន 2 ម៉ូដែល នោះគឺ Zenfone Max (M2) និង ZenFone Max Pro (M2) ដែលមានគុណតម្លៃ និងភាពលើសគេដូចទៅនឹងអ្នកជំនាន់មុនរបស់ខ្លួនដ៏ល្បីល្បាញ គឺ Zenfone Max M1 និងZenfone Max Pro M1។ ប៉ុន្តែអ្នកជំនាន់ក្រោយនេះ មានល្បឿនកាន់តែលឿនជាងមុន ធុនជាងមុន និងមានគុណភាពផ្នែកកាមេរ៉ាបានល្អជាងមុនថែមទៀតផង។ នៅថ្ងៃទី 11 ខែមករានេះ បានរៀបចំកម្មវិធីសម្ផោធ និងប្រកាសព័ត៌មាននៅក្នុងបរិវេណ Bun Cafe ដែលមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រុមហ៊ុន ASUS និងក្រុមហ៊ុន IT Computer ដែលជាអ្នក ចែកចាយស្មាតហ្វូន Asus  នៅកម្ពុជា រួមជាមួយនឹងម្ចាស់ហាងនានា ហើយនឹងអ្នកសារព័ត៌មានជាច្រើនរូបផងដែរ។

ក្រុមហ៊ុន Asus បានបញ្ជាក់ថា ស្មាតហ្វូន ZenFone Max Pro M2 ត្រូវបានក្រុមហ៊ុនបំពាក់ដោយបន្ទះឈីប Snapdragon 660 ខណះពេលដែល Zenfone Max M2 បំពាក់នូវបន្ទះឈីប Snapdragon 632 ដែលមានការសហការជាមួយបច្ចេកវិទ្យា Qualcomm AI Engine ផងដែរ ដោយបានធ្វើអោយទូរស័ព្ទនេះ ផ្តល់នូវការប្រើប្រាស់បានរលូនល្អ មានភាពឆ្លើយតបរហ័ស និងមានកម្លាំងប្រតិបត្តិការខ្លាំងខ្លាលើសមុនដល់ទៅ 11% និងមានទំហំរ៉េម 4GB និង3 GB ដែលអាចអោយលោកអ្នកប្រើប្រាស់ក្នុងការលេងហ្គេម និងធ្វើការងារជាច្រើនក្នុងពេលតែ 1 បាន។ ទូរស័ព្ទនេះទ្រទ្រង់ជាមួយនឹងស៊ីមការចំនួន 2 ដោយបូកនឹងរន្ធដាក់អង្គចងចាំមួយផងដែរ ដោយមានសមត្ថភាពអាចដាក់បានរហូតដល់ទៅ 2TB ឯណោះ។

Zenfone Max Pro M2 មានថាមពលថ្មទំហំ 5000mAh រីឯ Zenfone Max M2 មានទំហំ 4000mAh។ លោកអ្នកអាចបើក4G ចោលបានដល់ទៅ 35 ម៉ោង និងនិយាយទូរស័ព្ទដោយបើក 3G បាន 45 ម៉ោង ព្រមទាំងអាចលេងហ្គេមទូទៅបាន 10 ម៉ោង មើល YouTube បាន 19 ម៉ោង ព្រមទាំងបើកអ៊ីនធឺណែតដោយប្រើ Wi-Fi បានដល់ទៅ 23 ម៉ោង។ ZenFone Max Pro គឺជាទូរស័ព្ទដៃទី 1 បង្អស់ បើប្រៀបធៀបជាមួយដៃគូប្រកួតប្រជែងរបស់ខ្លួន ដែលជាប្រភេទទូរស័ព្ទដំបូងគេដែលបំពាក់ដោយ Corning® Gorilla® Glass 6 ដែលមានភាពធុនជាង Gorilla Glass 5 ដល់ទៅ 2 ដង ជាមួយរាងកញ្ចក់កោង 2.5Dដែលរំលេចភាពស្រស់ស្អាតបំផុត។

និយាយពីភាពវៃឆ្លាតដែលមាននៅលើកាមេរ៉ាភ្លោះរបស់ស្មាតហ្វូននេះ គឺប្រព័ន្ធ AI ដែលត្រូវបានគេប្រើដូចទៅនឹងសេរ៊ី ZenFone 5 កន្លងមកដែរ។ ជាមួយនឹងកាមេរ៉ានេះ លោកអ្នកនឹងទទួលបាននូវបទពិសោធន៍ក្នុងការថតរូបបានយ៉ាងល្អពិសេសគ្រប់ពេលវេលា។ កំរិតរេសូលុយស៊ិនខ្ពស់ កាមេរ៉ាSony® IMX486 បច្ចេកវិទ្យាជំនួយភាពញ័រ Electronic Image Stabilization (EIS)  ការចាប់ផ្តោតលើរូបភាពមិនថាថ្ងៃ ឬយប់ និងការថតរូបដោយផ្តាច់រូបភាពចេញពីផ្ទៃក្រោយ អាចអោយលោកអ្នកថតរូបភាពបានដូចទៅនឹងអ្វីដែលពួកយើងបានឃើញ។

ZenFone Max Pro មានអេក្រង់ទំហំ 6.3-inch FHD+ (2280×1080) ជាមួយកម្រិត Aspect Ratio 19:9 ដែលមានទំហំ 94% NTSC color gamut ធៀបនឹងតួខ្លួន ហើយនិងមានពន្លឺភ្លឺល្អកំរិត 450cd/m2, 1500:1 contrast ratio។ ស្មាតហ្វូននេះ ប្រព័ន្ធបំពងសម្លេងចំនួន 5 និង និងបច្ចេកវិទ្យា NXP low-distortion smart ដែលផ្តល់នូវការកំសាន្តសប្បាយឥតឈប់ឈរ។ សម្រាប់ ZenFone Max Pro គឺជាទូរស័ព្ទទី 1 ដែលប្រើប្រាស់ការរចនាប្រភេទផ្ទៃមុខកាត់ eye-catching Wave ដែលផ្គុំឡើងដោយ 16 ស្រទាប់ និងធ្វើអោយមានភាពលេចធ្លោគ្រប់ជ្រុងទាំងអស់នៃទូរស័ព្ត ផ្សំជាមួយផ្ទៃកោងបែប 3D ដែលជាការរចនាកំរ និងមានភាពងាយស្រួលក្នុងការកាន់ប្រើប្រាស់។ ទូរស័ព្ទនេះ ប្រើជាមួយប្រភេទស៊ីម 4G LTE ទាំង 2 ស៊ីម(dual SIM/dual standby) នឹងអាចបន្ថែមអង្គចងចាំបានដល់ទៅ 2TB ជាមួយនឹងការទ្រទ្រង់បាននូវ NFC ដែលមានភាពងាយស្រួលបំផុត។ ASUS ZenFone Max Pro (M2) ក៏ដូចជា ASUS ZenFone Max (M2) នឹងដាក់ដំណើរការលក់ជាផ្លូវការណ៍ឆាប់ៗនាចុងខែមករានេះ៕

Advertisement