«ទន្លេសាប» កម្មវិធី​ទូរស័ព្ទដៃ​ផ្តល់​ចំណេះដឹង​កសិកម្ម​ដំបូង​គេ​នៅ​កម្ពុជា

January 30, 2019​ ម៉ោង 9:13 am

ភ្នំពេញ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានដាក់​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​កម្មវិធី​ទូរស័ព្ទដៃ​ទន្លេសាប កាលពី​ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ត្រូវ​នឹង​ថ្ងៃ​អង្គារ ៩រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ នៅ​សណ្ឋាគារ The Great Duke ភ្នំពេញ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​អ្នកសារព័ត៌មាន និង​ភ្ញៀវ​ជាតិ អន្តរជាតិ​ជាច្រើន។ កម្មវិធី​ទូរស័ព្ទដៃ ទន្លេសាប​ត្រូវបាន​ផ្តួចផ្តើម និង​បង្កើតឡើង​ដោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ  និង​គាំទ្រ​សហការ​មូលនិធិ​ដោយ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គម្រោង​មូលនិធិ​ការបង្កើត​ថ្មី​សម្រាប់​កាត់បន្ថយ​ភាពក្រីក្រ (IAP) ដែល​សហការ​អនុវត្ត​រួមគ្នា​ដោយ Sida, SNV, IBSweden និង BoPInc  និង​គម្រោង​ហា​វែ​ស II នៃ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID ។

លោក គា បូរាណ ប្រធាន​នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានឱ្យដឹង​ក្នុង​សិក្ខាសាលា​ដាក់ឱ្យ ប្រើ​ជា​ផ្លូវការ​នៃ​កម្មវិធី​ទូរស័ព្ទ​ទន្លេសាប​ថា “ដោយ​មើលឃើញ​ពី​អតិថិជន អេ អឹម ខេ ជាង៥០% បាន​ខ្ចីប្រាក់​យកទៅ​ប្រកប មុខរបរ​ធ្វើ​កសិកម្ម​ដូចជា ធ្វើស្រែ ចំការ និង​ចិញ្ចឹមសត្វ​ជាដើម ។ ដូច្នេះហើយ​បានជា អេ អឹម ខេ ផ្តួចផ្តើម​គំនិត​ក្នុង​ការបង្កើត កម្មវិធី​ទូរស័ព្ទដៃ​ទន្លេសាប​នេះ​ឡើង ដោយមាន​ការចូលរួម​គាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា អង្គការ​ជាតិ និង អន្តរជាតិ​ជាច្រើន ហើយ​នេះ​ក៏​ជា​សមិទ្ធិផល​ថ្មី​មួយទៀត​ដែល អេ អឹម ខេ បាន​ចូលរួមចំណែក​ជួយ​លើ​កម្ពស់​វិស័យ​កសិកម្ម​នៅ​កម្ពុជា។ ខ្ញុំ​សង្ឃឹមថា​កម្មវិធី​ទូរស័ព្ទដៃ​ទន្លេសាប​នេះ  នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​កសិករ​ខ្មែរ​ក្នុងការ​ធ្វើស្រែ ចំការ និង​ចិញ្ចឹមសត្វ ឱ្យ​កាន់តែ​រីកចម្រើន និង​ទទួលបាន​ប្រាក់ចំណូល​កាត់​តែ​ច្រើន​ព្រោះថា​ក្នុង​កម្មវិធី​នេះ​គឺ​យើង​ព្យាយាម​ផ្សារភ្ជាប់​តួអង្គ​នៃ​ខ្សែ ច្រវាក់​ផ្គត់ផ្គង់​កសិកម្ម​ពី អ្នកផ្គត់ផ្គង់​សម្ភារៈ​កសិកម្ម អ្នក​ផលិត អ្នកទិញ​លក់​ផ្ទាល់​បាន​ជួបគ្នា បន្ថែម​ពីនេះ​ផ្តល់​បច្ចេកទេស ដាំ​ដុះ ការប៉ាន់ប្រមាណ​ពី​ចំណូល និង​ចំណាយ​ដើម្បីឱ្យ​កសិករ​គាត់​ត្រៀម​ថវិកា​ក្នុង​ការផលិត​តាម​បច្ចេកទេស​ណែនាំ និង​អាច​ទំនាក់ទំនង​ផ្ទាល់​មក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សម្រាប់​តម្រូវការ​សេវា​ហិរញ្ញវត្ថុ​នានា ដូចជា កម្ចី ឬ ផ្ទេរប្រាក់​ជាដើម។ ”

ថ្លែង​ក្នុង​ពិធី​ដាក់​ឱ្យប្រើ​កម្មវិធី​ទូរស័ព្ទដៃ​ទន្លេសាប លោក ស្រ៊ុន សុខុម អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​មានប្រសាសន៍ថា “គោលដៅ​រួម​របស់​រាជរដ្ឋាភិបាល​កម្ពុជា​គឺ​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ និង ជំរុញ​កំណើនសេដ្ឋកិច្ច​តាមរយៈ​ការលើកកម្ពស់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម។ គោលដៅ​សំខាន់​សម្រាប់​អភិវឌ្ឍ​វិស័យ​កសិកម្ម គឺ​ដើម្បី​ធានា​ឱ្យបាន​នូវ​សន្តិសុខ​ស្បៀង បង្កើន​ចំណូល បង្កើតឱ្យមាន​ការងារ​ធ្វើ និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​អាហារ រូប​ត្ថ​ម្ភ​សម្រាប់​ប្រជាពលរដ្ឋ​ទាំងអស់​តាមរយៈ​ការបង្កើន​ផលិតភាព​កសិកម្ម ហើយ​កម្មវិធី​ទូរស័ព្ទដៃ​ទន្លេសាប​នេះ​ពិតជា​បាន បង្កើតឡើង​ចំពេល​ដែល​ស្របទៅនឹង​ទិសដៅ​របស់​រដ្ឋាភិបាល និង​សម័យ​បច្ចេកវិទ្យា​ទូរស័ព្ទ ដើម្បី​ជួយផ្តល់​ជា​ចំណេះដឹង ផ្នែក​កសិកម្ម​ដល់​ប្រជាពលរដ្ឋ​ជាពិសេស​កសិករ​កម្ពុជា ដែល​ពួកគាត់​ងាយស្រួល​ក្នុងការ​ស្វែងរក​ប្រភព​ចំណេះដឹង​ដូចជា វិធី​ធ្វើ​ដើម្បី​ទទួលបាន​ទិន្នផល​ខ្ពស់​ជាមួយ​បច្ចេកទេស​ដែលមាន​ស្តង់ដារ ងាយស្រួល​ក្នុង​ការរក​ធាតុ​ចូល​សម្រាប់​ផលិតកម្ម កសិកម្ម មិនតែប៉ុណ្ណោះ​អ្វីដែល​ខ្ញុំ​ពេញចិត្ត​នោះ​គឺ កសិករ​អាច​យល់បាន​កាន់តែច្បាស់​ពី​តម្លៃ​ទីផ្សារ​ផលិតផល និង​ធាតុ​ចូល កសិកម្មភ្លាមៗ ដែល​ធ្វើឱ្យ​ពួកគាត់​កាន់តែ​មានអំណាច​ក្នុង​ការចរចា​តម្លៃ​ទាំង​ពេល​ទិញ​ធាតុ​ចូល​កសិកម្ម និង​លក់​ផលិតផល ទៅវិញ និង​អាច​រួច​ផុតពី​ការបោក​បញ្ឆោត​ពី​ឈ្មួញកណ្តាល​មួយចំនួន​ក្នុងការ​ទម្លាក់​តម្លៃ​ផលិតផល​របស់​ពួកគាត់។

ខ្ញុំ​សូម​បញ្ចាក់ ផងដែរ​ថា​ការសហការ​ជា​ដៃគូ​រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ជា សកម្មភាព​ចូលរួម​អនុវត្ត​កម្មវិធី​ភាពជា​ដៃគូ​រវាង​គ្រឹះស្ថានសាធារណៈ និង​វិស័យ​ឯកជន (Public-Private Partnership) ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​លើកកម្ពស់ និង​ជំរុញ​នាពេល​បច្ចុប្បន្ន។ ជា​ចុងក្រោយ​ខ្ញុំ​សូម​អរគុណ​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក៏ដូចជា​អង្គការ​ជាតិ អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍន៍ ជាច្រើន​ដែល​បាន​យកចិត្តទុកដាក់ និង​គាំទ្រ​ក្នុងការ​បង្កើត​កម្មវិធី​ទូរស័ព្ទដៃ ៉​ទន្លេសាប ៉ នេះ​ឡើង។

គួរ​រម្លឹក​ផងដែរ​ថា​ទន្លេសាប​គឺជា​កម្មវិធី​ទូរស័ព្ទដៃ​ដែល​បង្កើតឡើង​ក្នុង​គោលបំណង​ជួយផ្តល់​ចំណេះដឹង​ដល់​កសិករ​ពី​បច្ចេកទេស ព័ត៌មាន​ទីផ្សារ​កសិក​ម្ម ផ្តល់​គន្លឹះសំខាន់ៗក្នុង​ការដាំ​ដំណាំ ស្វែងរក​សម្ភារ​កសិក​ម្ម និង​ចិញ្ចឹមសត្វ​ឱ្យ​កាន់តែ ប្រសើរឡើង មិនតែប៉ុណ្ណោះ​កសិករ​អាច​ស្វែងរក​សេវា​ហិរញ្ញវត្ថុ​ដើម្បី​ពង្រីក​មុខរបរ​កសិក​ម្ម​របស់ខ្លួន​បាន​តាមរយៈ​កម្មវិធី នេះ​ផងដែរ។ កម្មវិធី​នេះ​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​ដោយ​សេរី​លើ App Store ប្រព័ន្ធ (IOS) និង Play Store ប្រព័ន្ធ Android ដែល​ផ្តល់ជូន​មុខងារ​ពិសេស​ជាច្រើន​ដូចជា ទទួលបាន​ចំណេះដឹង និង​បច្ចេកទេស​កសិកម្ម​នានា (ដាំ​ដំណាំ និង​ចិញ្ចឹមសត្វ) ទទួលបាន​នូវ​ការចែករម្លែក​បទពិសោធ​ន៍​ពី​សំណាក់​កសិករ​ជោគជ័យ ទទួលបាន​នូវ​ការប្រឹក្សា​យោបល់​ពី​អ្នកជំនាញ​កសិកម្ម ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កសិករ​បាន​ជួបប្រទះ ងាយស្រួល​ស្វែងរក​សម្ភារ​កសិកម្ម​ពី​ក្រុមហ៊ុន ឬ​ដេប៉ូ​ផ្គត់ផ្គង់​សម្ភារ កសិកម្ម ទទួលបាន​ព័ត៌មានថ្មីៗដែល​ពាក់ព័ន្ធ​នឹង​តម្លៃ​ទីផ្សារ​ផលិតផល​កសិកម្ម និង​អាច​កត់ត្រា​ព័ត៌មាន​ទាក់ទង​នឹង កសិដ្ឋាន​ផ្ទាល់ខ្លួន​នៅលើ​ទូរស័ព្ទដៃ។

អេ អឹម ខេ គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ឈានមុខ​គេ​លើ​វិសាលភាព​ប្រតិបត្តិការ និង​ចំនួន​អតិថិជន​ប្រាក់កម្ចី។ គិត​ត្រឹម​ខែធ្នូ ឆ្នាំ២០១៨ អេ អឹម ខេ មាន​អតិថិជន​សរុប​ចំនួន​ជាង ៧៦ ម៉ឺន​នាក់ ជាមួយនឹង​ផលប័ត្រ​ប្រាក់កម្ចី​ជាង ២៥២ លាន​ដុល្លារ​អាមេរិក  និង​ប្រាក់​បញ្ញើ​ជាង ១៥៨ លាន​ដុល្លារ​អាមេរិក មាន​ការិយាល័យ​ប្រតិបត្តិការ​ចំនួន ១៥០កន្លែង និង​មាន​ភ្នាក់ងារ​ជិត ៤.០០០ កន្លែង​នៅ​ទូទាំងប្រទេស។  អេ អឹម ខេ មាន​ផលិតផល និង​សេវាកម្ម​ជាច្រើន​កំពុង​ផ្តល់ជូន​អតិថិជន​ដូចជា៖  សេវា​ប្រាក់កម្ចី  ប្រាក់​សន្សំ  សេវា​ផ្ទេរប្រាក់​ក្នុង​និង​ក្រៅប្រទេស សេវា​ទូទាត់​វិក្កយបត្រ  ធានារ៉ាប់រង​ខ្នាតតូច ធនាគារ​ចល័ត  សេវា​បើកប្រាក់​បៀវត្សរ៍  ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATMs/CDMs)៕

សម្រាប់លោកអ្នកប្រើប្រាស់ទូរស័ព្ទ iPhone (iOS) សូមចូលទៅកាន់តាម Link ខាងក្រោម៖https://itunes.apple.com/au/app/tonlesap-app/id1439403157

សម្រាប់លោកអ្នកប្រើប្រាស់ទូរស័ព្ទក្រៅពី iPhone (Android) សូមចូលទៅកាន់តាម Link ខាងក្រោម៖https://play.google.com/store/apps/details?id=com.tonlesap.cambodia