CIMB សម្ពោធ​ដំណើរការ​ធនាគារ​រប​ស់​ខ្លួន​ជា​ផ្លូវការ​ក្នុងប្រទេស​ហ្វីលីពីន

January 31, 2019​ ម៉ោង 2:57 pm

ម៉ា​នី​ឡា-ហ្វីលីពីន៖ ក្នុងថ្ងៃនេះ CIMB (ធនាគារ CIMB) បានប្រកាស​សម្ពោធ​ជា​ផ្លូវការ នូវ​វត្តមាន​របស់ ធនាគារ CIMB នៅក្នុង​ប្រទេស​ហ្វីលីពីន។ វត្តមាន​របស់​ធនាគា​រ CIMB Philippines Inc. (ហៅ​កាត់​ថា​ធនាគារ) គឺ​ក្នុង​គោលបំណង​ចង់​ក្លាយជា​ធនាគារ​ផ្តល់​សេវាកម្ម​ចល័ត និង​ធនាគារ​ឌីជីថល​មុនគេ​បង្អស់ ក្នុងប្រទេស​ហ្វីលីពីន ដែល​ធានា​ឲ្យ​ប្រតិបត្តិការ​សេវា​ធនាគារ កាន់​តែមាន​ភាពសាមញ្ញ​ងាយស្រួល និង​គ្មាន​ការពិបាក។

កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​នា​ថ្ងៃនេះ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង នៅ​ក្លឹប​សមាជិក​ឯកជន Manila House ក្នុង​ទីក្រុង Bonifacio Global នៃ​តំបន់ Taguig ក្រោម​អធិបតីភាព​លោក Chuchi G. Fonacier អភិបាលរង របស់​ធនាគារកណ្តាល​នៃ​ប្រទេស​ហ្វីលីពីន BSP និង​លោក Datuk Mohd Nasir Ahmad ប្រធាន​ក្រុមប្រឹក្សាភិបាល CIMB Group។

ថ្លែង​ក្នុង​កម្មវិធី​ដ៏​ឱឡារិក​នេះ លោក Effendy Shahul Hamid ដែលជា​ប្រធាន​នាយក​ប្រតិបត្តិ ផ្នែក​ផ្សងព្រេង និង​ភាពជា​ដៃគូ​របស់ CIMB Group បាន​ឲ្យ​ដឹងថា៖ «យើង​មាន​ក្តី​សោមនស្ស​រីករាយ​ក្រៃលែង ក្នុងការ​ចាប់ផ្តើម​បម្រើសេវា​កម្ម​ជូន​អតិថិជន នៅក្នុង​ប្រទេស​ហ្វីលីពីន។ កិច្ចដំណើរការ​នេះ​បាន​បំពេញ​នូវ​វត្តមាន​ប្រតិបត្តិការ​របស់​ធនាគា​រ CIMB ក្នុង​តំបន់​អាស៊ាន​ទាំងមូល ហើយ​យើង​នឹង​នាំយកមក នូវ​សេវាកម្ម​ធនាគារ​ឌីជីថល​ដ៏​ខុសប្លែក និង​ទីតាំង​របស់​ឌីជីថល​ក្នុង​ទីផ្សារ។ ប្រទេស​ហ្វីលីពីន  ជាទី​ផ្សារ​មួយ​ដែលមាន​ការរីកចំរើន​ខ្ពស់​ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត និង​ទូរស័ព្ទ​ចល័ត​នៅលើ​ពិភពលោក ដែលជា​សញ្ញា​យ៉ាងច្បាស់ នៃ​សង្គម​បែប​ទំនើប និង​ជឿនលឿន​មួយ សម្រាប់​យើង​បម្រើសេវា​កម្ម​ជូន»។

លោក Vijay Manoharan ដែលជា​ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ CIMB ហ្វីលីពីន បាន​រៀបរាប់​លម្អិត អំពី​គោលបំណង ដែល​ធនាគារ CIMB ហ្វីលីពីន គ្រោង​នឹង​ផ្តល់​បទពិសោធន៍​នៃ​ការបម្រើ​សេវាកម្ម​ធនាគា​រ​បែប​ថ្មី ទៅដល់​ប្រជាជន​ហ្វីលីពីន​ថា៖ «អតិថិជន នាពេល​បច្ចុប្បន្ន និង​ពេលអនាគត ត្រូវការ​សេវាកម្ម​ហិរញ្ញវត្ថុ ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់ ដែល​សមស្រប​នឹង​តម្រូវការ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន ក៏ដូចជា​ជួយ​ឲ្យ​ពួកគេ​ឈានមុខ​គេ​ជានិច្ច ប៉ុន្តែ​ពួកគាត់​មិនចាំបាច់​ធ្វើ​ប្រតិបត្តិការ ដោយ​ទៅកាន់​ធនាគារ​ផ្ទាល់​នោះទេ។ ជាមួយនឹង​ការផ្តល់ជូន​នូវ​ផលិតផល​ភាគច្រើន​របស់​យើង តាមរយៈ​កម្មវិធី​ទូរស័ព្ទ OCTO ប្រកបដោយ​សុវត្ថិភាព យើង​ក៏​អាច​ផ្តល់ជូន​នូវ​សេវាកម្ម​ធនាគារ​កាន់តែ​ល្អប្រសើរ​ថែមទៀត គ្រប់ពេលវេលា រៀងរាល់ថ្ងៃ​ដែល​នាំមក​នូវ​ភាពងាយស្រួល សម្រាប់​អតិថិជន​របស់​យើង ដោយ​អាច​ឲ្យ​ពួកគេ​ធ្វើ​ប្រតិបត្តិការ​ធនាគារ ពី​បាតដៃ​គាត់​ផ្ទាល់​តែម្តង»។

ដៃគូ​អាជីវកម្ម​របស់​ធនាគា​រ CIMB ហ្វីលីពីន រួមមាន 7-Eleven និង DragonPay ជាដើម ជាមួយនឹង​ទីតាំង​ផ្តល់​សេវ​កម្ម​ជូន​អតិថិជន ប្រកបដោយ​ភាពងាយស្រួល ជាង ៨.០០០កន្លែង ទូទាំងប្រទេស។ បណ្ណ​ឥណ​ពន្ធ VISA-powered របស់​ធនាគារ អាច​ប្រើប្រាស់​បាន​នៅ​គ្រប់ ២០.០០០បណ្តាញ​របស់ Bancnet រួមទាំង VISA និង VISA Plus ATM ទូទាំងប្រទេស ព្រមទាំង និង ជាង​ពីរលាន​ទីតាំង​ទៀត ទូទាំង​ពិភពលោក។

ដើម្បី​បំពេញតម្រូវការ ដល់​អ្នក​ដែល​បានរៀបចំ​នូវ​ការ​សន្សំ​សម្រាប់​អនាគត ធនាគារ CIMB បាន​នាំយក​គណនី​សន្សំ UpSave ដែល​ផ្តល់នូវ​ការ​សន្សំ​កាន់តែ​អស្ចារ្យ ជាមួយនឹង​អត្រា​ការប្រាក់​ខ្ពស់​រហូតដល់ ២% ក្នុង​មួយឆ្នាំ (ខ្ពស់ជាង​ធនាគារផ្សេងៗទៀត​ដល់​ទៅ ៨ដង)។ សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល​របស់​ធនាគារ CIMB ហ្វីលីពីន ត្រូវបាន​គាំទ្រ​ដោយ​កម្មវិធី​ទូរស័ព្ទ OCTO ដែល​អតិថិជន​អាច​ទាញយក​ពី Apple App Store ឬ Google Play។ ដើម្បី​ស្វែងយល់​បន្ថែម សូម​ចូលទៅ​កាន់ www.cimbbank.com.ph ឬ Like ទំព័រ Facebook របស់​យើង www.facebook.com/CIMBBankPH និង​ធ្វើការ follow នៅលើ Instagram @CIMBBankPH។

ជាមួយនឹង​ការសម្ពោធ​ដាក់​ឲ្យ​ដំណើរការ​នៃ​ធនាគារ CIMB ហ្វីលីពីន ធនាគារ​ក៏បាន​ប្រកាស​ពី​ការទទួល​ការអនុម័ត​ផ្លូវច្បាប់​ផងដែរ ពី​គណៈ​កម្ម​ធិ​ការមូល​ប​ត្រ និង​ភាគហ៊ុន នៃ​ប្រទេស​ហ្វីលីពីន សម្រាប់​ការដាក់​ឲ្យ​ដំណើរការ​ធនាគារ​វិនិយោគ ក្នុងប្រទេស​ហ្វីលីពីន ដែលមាន​ឈ្មោះថា ក្រុមហ៊ុន CIMB Bancom (CIMB Bancom)។ ជាមួយគ្នានេះ លោក Shahul Hamid មានប្រសាសន៍ថា៖ «យើង​មានសំណាង ក្នុងការ​ប្រកាស​ជា​ផ្លូវការ នៃ​ធនាគារ​វិនិយោគ CIMB Bancom ដែល​នឹង​ផ្តល់​ប្រឹក្សា​យោបល់​ដ៏​មានគុណ​តម្លៃ និង​សេវាកម្ម​ទីផ្សារ​មូលធន​ឆ្លង​ប្រទេស ទៅដល់​ក្រុមហ៊ុន ក្នុងប្រទេស​ហ្វីលីពីន ដែល​កំពុង​សម្លឹង​រក​ការពង្រីក និង​ភាព​រីកចម្រើន នៅ​ទូទាំង​តំបន់​អាស៊ាន ក៏ដូចជា​ការពង្រឹង​វត្តមាន​កាន់តែ​រឹងមាំ​របស់ CIMB នៅក្នុង​តំបន់ ដើម្បី​បង្កើន​ប្រភព​នៃ​ការព្រមព្រៀង​ពាណិជ្ជកម្ម ទៅកាន់​ប្រទេស​ហ្វីលីពីន»៕