“ក្រុមនិស្សិតមួយក្រុម ធ្វើសិក្ខាសាលាបញ្ជ្រាបចំណេះដឹងអំពីការបម្រែបម្រួលអាកាសធាតុ និងបរិស្ថានបៃតង”

ក្រុមនិស្សិត និងសាស្ដ្រាចារ្យ  នៅសាកលវិទ្យាល័យមួយ រៀបចំ​សិក្ខាសាលា​ស្ដី​ពី​ ការ​បម្រែបម្រួល​អាកាសធាតុ​ និង​បរិស្ថាន​បៃតង​ ទៅ​ដល់​សិស្សានុសិស្ស​ថ្នាក់​ទី​១២ ក្នុងខេត្តកំពង់ធំ ដើម្បីឲ្យពួកគេ​យល់​ដឹង​អំពី​ សារសំខាន់​ នៃ​ធនធានធម្មជាតិ​ ​ចូលរួម​ទាំងអស់​គ្នា​ ដើម្បី​បរិស្ថាន​បៃតង​ និង​ការ​ពារ​ភព​ផែនដី​។

កាល​​​​​​ពីថ្ងៃ​ព្រហស្បតិ៍​ ទី​​៧​ ខែ​មីនា​​កន្លង​ទៅនេះ​​ ក្រុម​និស្សិត​ប្រមាណជិត​១០០នាក់​ នៃ​ថ្នាក់​ពិសេស​ផ្នែក​សេដ្ឋកិច្ច​ និង​គ្រប់គ្រង​ជា​ភាសា​បារាំង​ និង​ភាសា​អង់គ្លេស​របស់​​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ បាន​ធ្វើ​ទស្សនកិច្ច​សិក្សា​ និង​រៀបចំ​ធ្វើ​សិក្ខាសាលា​មួយ​​ ក្រោម​ប្រធាន​បទ​ “ការ​បម្រែបម្រួល​អាកាសធាតុ​ និង​បរិស្ថានបៃតង​”​​​ ទៅ​ដល់​សិស្សានុសិស្ស​ថ្នាក់​ទី​១២​​​ នៅ​​វិទ្យាល័យ​ជា​ស៊ីម​ កំពង់​​ថ្ម​ ដែល​មាន​ទីតាំង​ស្ថិត​ ​ក្នុង​ស្រុក​បារាយណ៍​ ខេត្ត​កំពង់​ធំ​​។

ក្នុង​ពិធី​ជួប​ជុំ​ជា​មួយ​សិស្ស​វិទ្យាល័យ​ជាស៊ីម​កំពង់ថ្ម​នេះ​ លោក​​ និត​ កុសល​ ជា​តំណាង​ក្រុម​និស្សិត​ថ្នាក់​ពិសេស​ផ្នែក​សេដ្ឋកិច្ច​ និង​គ្រប់គ្រងជា​ភាសា​បារាំង​ និង​ភាសា​អង់គ្លេសនៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ ​បាន​​និយាយ​ថា​ បច្ចុប្បន្ន​នេះ​ រឿង​បរិស្ថាន​បាន​ក្លាយជា​ប្រធាន​បទ​មួយ​ដ៏​សំខាន់​ ដែល​គ្រប់​ប្រទេស​ទាំង​អស់​ ​បាន​យក​ចិត្ត​ទុក្ខ​ដាក់គិត​គូ​ ​​ហើយ​ពិភពលោក​ទាំង​មូល​ រួម​ទាំង​ប្រទេស​កម្ពុជា​យើង​ផង​ដែរ​ កំពុង​តែ​សែ្វង​ដំណោះស្រាយ​ផ្សេងៗ​ ដើម្បី​ទប់​ស្កាត់​ការ​បម្រែបម្រួល​អាកាសធាតុ​ និង​ការ​កើន​កម្តៅ​នៅ​លើ​ភព​ផែនដី​។ លោក​បន្ត​ថា​ ការ​ប្រែប្រួល​អាកាសធាតុ​កេីត​​ចេញ​ពី​កត្តា​តូច​ៗ​ រហូត​ដល់​កត្តា​ធំ​ៗ​ ដូចជា​ការ​បញ្ចេញ​ផ្សែង​ពុល​ពី​រោងចក្រ​ទៅ​បរិយាកាស​ ឬ​បង្ហូរចូលទឹក​ ការ​បញ្ចេញ​ឧស្ម័ន​ផ្ទាំងកញ្ចក់​ហួស​កម្រិត​ ការ​បាត់បង់​ព្រៃ​ឈើ​ ការ​បញ្ចេញ​ឧស្ម័ន​នៅ​យានយន្ត​ ការ​ប្រើប្រាស់​ប្លាស្ទិក​ជាមួយ​។ លោកបន្តថា បច្ចុប្បន្ននេះមានក្រុមហ៊ុនមួយចំនួន កំពុងព្យាយាមកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិចទៅបរិយាកាស ដូចជាក្រុមហ៊ុនតូយ៉ូតា គាត់វិធានការឈប់បញ្ចេញឧស្ម័នកាបូនិចទៅបរិយាកាសយ៉ាងស្រុងនៅឆ្នាំ២០៥០​។​ ដើម្បី​ចូលរួម​កាត់​បន្ថយ​ការ​បម្រែបម្រួល​អាកាសធាតុ​ វា​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​ពី​អ្នក​ទាំង​អស់​គ្នា​នៅ​ទី​នេះ​ តាម​រយៈ​សកម្មភាព​នៃ​ប្រើ​ប្រាស់​សម្ភារៈ​ប្រចាំ​ថ្ងៃ​ ដូចជា​កាត់​បន្ថយ​ការ​ប្រើប្រាស់ថង់​ប្លាស្ទិក​​ ការ​យក​ដប​ទឹក​ផ្ទាល់​ខ្លួន​មក​ជា​មួយ​ពេល​មក​សាលា​ ការ​ប្រើប្រាស់​ថង់​បរិស្ថាន​ និងយកកន្ត្រាក់​ទៅ​ជា​មួយ​ពេល​ទៅ​ផ្សារ​ជាដើម​។ លោកបាន​​បន្ត​ថា​ ខ្ញុំ​រីករាយ​សប្បាយនឹង​វិធាន​ការ​ មិន​ឲ្យ​ប្រើ​ប្រាស់​កែវ​ប្លាស្ទិក​នៅ​ទី​នេះ​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​ខ្ញុំ​នៅ​តែ​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ទាំងអស់​គ្នា​នៅ​ទី​នេះ​បន្ត​ព្យាយាម​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក​ឲ្យ​តិច​បំផុត​តាម​ដែល​អាច​ធ្វើ​បាន​។ លោក​បន្ថែម​ថា សូម​អ្នក​ទាំង​អស់​គ្នា​ សែ្វង​យល់​ពី​បរិស្ថាន​ឲ្យ​ច្រើន​ ហើយ​បើមាន​ឪកាស​គួរ​តែ​លះបង់​វេលា​ ទៅ​សិក្សា​ស្វែង​យល់​ពី​ព្រៃ​ឡង់ផង​។

លោក​លឿង​ លីហ្វាន់​ ជា​និស្សិត​ឆ្នាំ​ទី​៤​ នៃ​ថ្នាក់​ពិសេស​ផ្នែក​សេដ្ឋកិច្ច​ និង​គ្រប់គ្រង​ជា​ភាសា​បារាំង​ បាន​លើក​ឡើង​ថា​ ការប្រើប្រាស់ថង់ប្លាស្ទិចសព្វថ្ងៃមានការកើនឡើង គួរឲ្យកត់សំគាល់ផងដែរ នៅរយៈពេលចុងក្រោយនេះ ដែលហេតុនាំឲ្យមានការបំពុលយ៉ាងខ្លាំងដល់បរិស្ថាន។ ប្លាស្ទិចជាសារធាតុម្យ៉ាង ដែលមិន​ងាយ​រលាយក្នុងដី វា​ត្រូវចំណាយពេលជាមធ្យមប្រហែល ៤០០ ទៅ​ ៥០០​ ឆ្នាំសម្រាប់ការរលាយទៅក្នុងដី។  លោក​បន្ត​ថា​ ​ក្រុងភ្នំពេញ មាន​សំរាម​ជា​ធម្មតា​ ១០០០​ លានតោនដែលត្រូវបានដឹកចេញពីទីក្រុង។​ លោក​បាន​ផ្តល់​ជា​គំនិត​មួយ​ចំនួន​ថា​ ដើម្បី​ទប់ស្កាត់​ និង​កាត់​បន្ថយ​កម្ដៅ​ពិភព​ផែនដី​ សូម​ចូលរួមដាំកូនឈើឡើងវិញ​ ឈប់ប្រើប្រាស់នូវសម្ភារៈដែលផលិតចេញពីឈើ​ ឬ​ប្លាស្ទិក​ បង្កើត​រោងចក្រ​កែ​ច្នៃ​សំរាម​ និង​ប្រើប្រាស់នូវមធ្យោបាយធ្វើដំណើររួមគ្នា​ជាដើម​។

នាយកវិទ្យាល័យជាស៊ីមកំពង់ថ្ម លោក ទេព សារ៉ន មានប្រសាសន៍ថា​ ដោយ​សារ​តែ​មើល​ឃើញថា​ប្លាស្ទិក​ មាន​​ផល​ប៉ះពាល់​ចំពោះ​បរិស្ថាន​ ទើប​សាលា​មាន​វិធាន​ការ​ មិន​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​កែវ​ប្លាស្ទិក​ទេ​ ហើយ​លោក​បន្ត​ថា​ បច្ចុប្បន្ន​សាលា​កំពុង​ស្វែង​រក​វិធីសាស្ត្រ​ណា​ ដែល​ជួយ​ និង​ទប់​ស្កាត់​​ឲ្យ​កូន​សិស្ស​ឈប់​ប្រើ​ដប​ប្លាស្ទិក​។

ក្រៅចែកពីចែករំលែកចំណេះ​ដឹង​អំពី​បរិស្ថាន​ និង​ការ​បម្រែបម្រួល​អាកាសធាតុ​  ក្រុមនិស្សិតសាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​​ ក៏បានចែករំលែកចំណេះដឹងលើប្រធានបទផ្សេងទៀត ដូចជា ការ​ត្រៀម​ខ្លួន​ចូលថ្នាក់​ឧត្ដម​សិក្សា​ មុខវិជ្ជា​តម្រូវ​ការ​ទីផ្សារ​ការងារ​ បទពិសោធន៍​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​ជា​ដើម​​៕


Advertisement