ពិព័រណ៍​ ឌីជីថល​កម្ពុជា​ឆ្នាំ​ ២០១៩​ ទទួល​បាន​ជោគជ័យ​ ជាមួយ​ការចូលរួម​យ៉ាងច្រើន​កុះករ​ រើស​ពី​ការ​រំពឹង​ទុក​

កម្មិ​វិធី​ ពិព័រណ៍​ ឌីជីថល​កម្ពុជា​ឆ្នាំ​ ២០១៩​ ធ្វើឡើង​ក្រោម​ប្រធានបទ​ “ផែនទី​បង្ហាញផ្លូវ​ អាស៊ាន​ ទៅកាន់​ឧស្សាហកម្ម​ ៤.០​” គឺជា​កម្មវិធី​ពិព័រណ៍​ រួម​ជាមួយ​និង​សន្និសីទ​ ស្ថី​អំពី​បច្ចេកវិទ្យា​ឌីជីថល​ដំបូង​គេ​បំផុត​ នៅក្នុង​ប្រទេស​កម្ពុជា​ ដែល​បាន​ប្រារព្ធ​ធ្វើឡើង​កាលពី​ថ្ងៃទី​ ១៥​ រហូតដល់​ថ្ងៃទី១៧​ ខែមីនា​ ឆ្នាំ២០១៩​ កន្លងទៅ​នេះ​ ទទួល​បាន​ជោគជ័យ​ ជាមួយ​ការ​គាំទ្រ​ចូលរួម​យ៉ាងច្រើន​កុះករ​ លើស​ពី​ការ​រំពឹង​ទុក​។

កម្មវិធី​នេះ​ ទទួល​បានការ​ចូលរួម​ពី​មហាជន​ទូទៅ​, យុវជន​ ជា​សិស្សានុសិស្ស​, អ្នកបច្ចេកទេស​, ចូលចិត្ត​ខាង​ផ្នែក​បច្ចេកវិទ្យា​, អាជីវកម្ម​ទាក់ទង​ក្នុង​វិស័យ​បច្ចេកវិទ្យា​ នៅក្នុង​ស្រុក​ និង​ក្នុង​តំបន់​, តំណាង​របស់​រដ្ឋាភិបាល​, គ្រឹះស្ថាន​ឧត្តម​សិក្សា​, អង្គការ​មិន​រក​ប្រាក់ចំណេញ​ ​សរុប​ប្រមាណ​ជា​ ១៥​,០០០នាក់​ ជា​រៀង​រាល​ថ្ងៃ​ ក្នុងរយៈពេល​ ៣ថ្ងៃ​។

កម្មិ​វិធី​ ពិព័រណ៍​ ឌីជីថល​កម្ពុជា​ឆ្នាំ​ ២០១៩​ ត្រូវ​បាន​រៀបចំ​ដោយ​ វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ ទូរគមនាគមន៍​ បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ (NIPTICT​) ដោយមាន​ការចូលរួម​របស់​វាគ្មិន​សំ​ខាន់​ៗ ជាង​ ១០០រូប​, ការពិភាក្សា​លើ​ប្រធានបទ​សំ​ខាន់​ៗ ដឹកនាំ​ដោយ​អ្នកជំនាញ​ ទៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​, អ្នកចូលរួម​តាំងពិព័រណ៍​ផលិតផល​ និង​សេវាកម្ម​ជាង​ ១៥០ស្ដ​ង់​ រួម​ជាមួយ​ឆាក​ហ្គេម​ដ៏​ធំ​ ដែល​ទាក់ទាញ​អ្នកជំនាញ​លេង​ហ្គេម​ចូលរួម​ប្រកួតប្រជែង​ និង​អ្នកគាំទ្រ​ចូលរួម​ទស្សនា​យ៉ាងច្រើន​ផង​ដែរ​។

កម្មិ​វិធី​ពិព័រណ៍​ ឌីជីថល​កម្ពុជា​ឆ្នាំ​ ២០១៩​ ត្រូវ​បាន​បើក​ដំណើរការ​ ​ក្រោម​អធិបតិ​ភាព​ ឯកឧត្ដម​អគ្គបណ្ឌិត​សភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋ​មន្ដ្រី​ រដ្ឋ​មន្ដ្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ចំណែក​ឯវា​ក្មិន​ ​និង​មន្រ្តី​ជាន់​ឈ្មោះ​របស់​រដ្ឋាភិបាល​កម្ពុជា​ ​ដែល​បាន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ក្នុង​វេទិកា​ ​រួមមាន​ ​ឯកឧត្ដម​បណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ ឧស្សាហកម្ម​ និង​សិប្បកម្ម​, ​ឯកឧត្ដម​ ត្រាំ​ អ៊ី​វតឹ​ក រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​, ​ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​, ឯកឧត្តម​ ​វង្ស៊ី​ វិសុទ្ធ​ ​រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​, ​ឯកឧត្តម​ គង់​ វិបុល​ ប្រតិភូ​រាជរដ្ឋាភិបាល​ ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​, ​ឯកឧត្តម​ យក់​ ប៊ុ​នណា​ ​ រដ្ឋលេខាធិការ​ ​ក្រសួង​មុខងារ​សាធារណ​ ​រួម​ជាមួយ​មន្ត្រី​តំណាង​ មក​ពី​ប្រទេស​វៀតណាម​ ថៃ​ ឡាវ​ ម៉ាឡេស៊ី​ និង​ហ្វីលីពីន​ផង​ដែរ​។

ចំណែក​វាគ្មិន​ ពោ​ពេញដោយ​ចំណេះដឹង​យ៉ាង​ទូលំទូលាយ​ នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ឌីជីថល​ ដែល​បាន​ចូលរួម​ធ្វើ​បទ​បង្ហាញ​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​ នៅក្នុង​វិស័យ​ឯកជន​ រួមមាន​លោក​ David​ LI​ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ Huawei​ នៅ​កម្ពុជា​, លោក​បណ្ឌិត​ Susan​ AMAT​ អនុប្រធាន​ និង​នាយក​ប្រតិបត្តិ​ នៃ​បណ្តាញ​សហគ្រិនភាព​សកល​ GEN​, លោក​បណ្ឌិត​ Chawapol​ JARIYAWIROJ​ អ្នកគ្រប់គ្រង​ប្រចាំ​ប្រទេស​ របស់​ក្រុមហ៊ុន​ Amazon​ Web​ Services​ ប្រទេស​ថៃ​។ ចំណែក​អ្នកចូលរួម​ និង​វាគ្មិន​លេចធ្លោ​ផ្សេងទៀត​ រួមមាន​តំណាង​មក​ពី​ធនាគារ​, Fintech​, ស្ថាប័ន​អប់រំ​ជាន់ខ្ពស់​ និង​អង្គការ​អន្តរជាតិ​។

កម្មិ​វិធី​ ពិព័រណ៍​ ឌីជីថល​កម្ពុជា​ឆ្នាំ​ ២០១៩​ រៀបចំ​ធ្វើឡើង​ជាមួយ​គោលបំណង​សំ​ខាន់​ៗចំនួន​ ៥ គឺ​ ១. បង្ហាញ​អំពី​បរិយាកាស​ និង​ Ecosystem​ ប្រកបដោយ​អំណោយផល​ និង​ភាព​ទាក់ទាញ​សម្រាប់​ការ​វិនិយោគ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​នៅ​កម្ពុជា​, ២. បង្ហាញ​អំពី​វឌ្ឍនភាព​នៃ​ការ​អភិវឌ្ឍ​ក្របខណ្ឌ​គោលនយោបាយ​និង​គតិ​យុត្ត​ និង​ផលិតផល​និង​សេវា​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​-គមនាគមន៍​និង​ព័ត៌មាន​, ៣. បញ្ជ្រាប​អំពី​សារៈសំខាន់​និង​ភាព​មិន​អាច​ខ្វះ​បាន​នៃ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ដល់​គ្រប់​មជ្ឈដ្ឋាន​ ជាពិសេស​យុវជន​និង​ស្ត្រី​ ក្នុង​ន័យ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​ការអប់រំ​សម្រាប់​សិស្ស​-និស្សិត​ និង​ជំនាញ​បច្ចេកទេស​ បង្កើន​ប្រសិទ្ធភាព​ការងារ​និង​ផលិតភាព​ និង​ពង្រឹង​ភាព​ប្រកួតប្រជែង​សហគ្រាស​ធុន​តូចបំផុត​ ធុន​តូច​ និង​មធ្យម​របស់​កម្ពុជា​លើ​ឆាក​តំបន់​និង​អន្តរជាតិ​, ៤. កៀរគរ​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ក្នុង​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​-គមនាគមន៍​និង​ព័ត៌មាន​ រួមមាន​ ស្ថាប័ន​រាជរដ្ឋាភិបាល​ អ្នក​វិនិយោគ​ជាតិ​និង​អន្តរជាតិ​ អាជីវកម្ម​ចាប់ផ្ដើម​ថ្មី​ (Startup​) អ្នក​វិជ្ជាជីវៈ​ និង​គ្រឹះស្ថានសិក្សា​ស្រាវជ្រាវ​ ព្រមទាំង​សង្គម​ស៊ីវិល​ ដើម្បី​ផ្លាស់​ប្តូរ​បទពិសោធន៍​និង​ឧត្តមា​នុ​វត្តន៍​ និង​ពិភាក្សា​យោបល់​អំពី​និ​ន្នា​កា​រថ្មីៗ​ ក៏ដូចជា​អំពី​បញ្ហា​ប្រឈម​នានា​លើ​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ក្នុង​ក្របខណ្ឌ​ជាតិ​និង​អន្តរជាតិ​, ៥. ជំរុញ​អំពី​សហគ្រិនភាព​ និង​នវានុវត្តន៍​ថ្មី​ៗ, និង៦​. អភិវឌ្ឍ​បណ្តាញ​អាជីវកម្ម​រវាង​អាជីវកម្ម​ចាប់ផ្តើម​ថ្មី​ (Startup​) ជាមួយ​សហគ្រាស​ធុន​តូចបំផុត​ ធុន​តូច​ និង​មធ្យម​។

ឯកឧត្តម​ កាន​ ច័ន្ទ​មេត្តា​ រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ដែល​ជា​បុគ្គល​មួយ​រូប​ ដើរតួ​នាទី​យ៉ាង​សំខាន់​ ដើម្បី​ឱ្យ​កម្មវិធី​ ឌីជីថល​កម្ពុជា​ឆ្នាំ​ ២០១៩​ កើតមានឡើង​ បាន​មានប្រសាសន៍​ថា​៖ “ជាផ្នែក​មួយ​នៃ​គំនិត​ផ្ដួចផ្ដើម​ សម្រាប់​ជា​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ គឺ​ការ​ធ្វើស​មា​ហរ​ណកម្ម​ ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ សម្រាប់​សេដ្ឋកិច្ច​នៅក្នុង​តំបន់​ និង​អន្តរជាតិ​ ដោយ​បង្វែរ​ទៅ​រក​មូលដ្ឋាន​ឧស្សាហកម្ម​ចម្រុះ​ ដែល​គាំទ្រ​ការ​រីកចម្រើន​ប្រកបដោយ​និរន្តរភាព​រយៈពេល​វែង​ និង​មួយផ្នែកទៀត​ គឺ​ការ​ទាក់ទាញ​អ្នក​វិនិយោគិន​ ដែល​ចាប់អារម្មណ៍​ ជាមួយ​ការ​វិនិយោគ​ក្នុង​ផ្នែក​ឌីជីថល​ និង​ឱកាស​ជាច្រើន​ទៀត​។ ការវិនិច្ឆ័យ​ដោយ​ភាព​ជោគជ័យ​ និង​កម្លាំង​ចលករ​ ដែល​បាន​បង្កើត​ឡើង​ដោយ​ព្រឹត្តិ​ការណ៍​នេះ​ ខ្ញុំ​ជឿជាក់​ថា​ យើង​នឹង​សម្រេច​បាន​នូវ​គោលដៅ​របស់​យើង​។ នៅក្នុង​ប្រទេស​កម្ពុជា​ យើង​មាន​វិធានការ​ជាក់ស្តែង​ ដើម្បី​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ ទូរគមនាគមន៍​នៅ​ទូទាំង​ប្រទេស​ និង​ពង្រឹងគុណភាព​ និង​ភាព​ជឿជាក់​ នៃ​ប្រព័ន្ធ​ទូរគមនាគមន៍​និង​សេវាកម្ម​។ លើស​ពីនេះ​ទៀត​ យើង​កំពុង​ចាត់វិធានការ​ដើម្បី​ធានា​ថា​ ក្របខ័ណ្ឌ​ច្បាប់​ ដែល​គ្រប់គ្រង​ប្រព័ន្ធ​ទូរគមនាគមន៍​ និង​សេវាកម្ម​ អនុញ្ញាត​ឱ្យ​បច្ចេកវិទ្យា​ឌីជីថល​ ទទួលយក​ឱកាស​វិនិយោគ​និង​បង្កើន​ដើមទុន​ ប្រកបដោយ​ប្រសិទ្ធភាព​ និង​មានប្រសិទ្ធភាព​ ដល់​គម្រោង​ដែល​មាន​សក្តា​នុ​ពល​ខ្ពស់​។”

គួរ​រំ​ម្លឹ​កផង​ដែរ​ថា​ ពិព័រណ៍​ឌីជីថល​កម្ពុជា​ឆ្នាំ​ ២០១៩​ រៀបចំ​ធ្វើឡើង​ដោយ​ វិទ្យាស្ថាន​ជាតិ​ NIPTICT​ ដោយ​ទទួល​បានការ​គាំទ្រ​ ពី​ក្រសួង​នានា​របស់​រដ្ឋាភិបាល​ ដែល​ក្នុង​នោះ​រួមមាន​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​, ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​, ក្រសួង​អប់រំ​ យុវជន​ និងកីឡា​, ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​, ក្រសួង​ពាណិជ្ជកម្ម​, និង​ក្រសួងការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ ចំណែក​ចូលរួម​គាំទ្រ​ពី​វិស័យ​ឯកជន​វិញ​ រួមមាន​ក្រុមហ៊ុន​ Smart​ Axiata​ និង​ Metfone​ ដែល​ជា​អ្នក​ផ្តល់​សេវាកម្ម​ទូរគមនាគមន៍​ធំជាង​គេ​បំផុត​នៅ​កម្ពុជា​, ក្រុមហ៊ុន​ Huawei​ Technology​ (Cambodia​) និង​ CFOCN​ ហើយ​ត្រូវ​បាន​សហការ​រៀបចំ​ដោយក្រុម​ហ៊ុន​ Sabay​ Digital​ Corporation​ និង​ក្រុមហ៊ុន​ Two​ Way​ Public​ Relations​ ដែល​ជា​ក្រុមហ៊ុន​រៀបចំ​កនិង​គ្រប់គ្រង​កម្មវិធី​ និង​ទំនាក់ទំនង​សាធារណៈ​ ឈានមុខ​គេ​របស់​ប្រទេស​កម្ពុជា​។

បន្ថែម​ពីនេះ​ទៀត​ ពិព័រណ៍​ឌីជីថល​កម្ពុជា​ឆ្នាំ​ ២០១៩​ ទទួល​បានការ​ឧបត្ថម្ភ​គាំទ្រ​ដោយ​ ក្រុមហ៊ុន​សែល​កាត​, UnionPay​, TrueMoney​, ក្រុមហ៊ុន​ EZECOM​, Oracle​, Cisco​ Systems​, Smart​ City​ Consortium​, ធនាគារ​ PPC​, ធនាគារ​ឯកទេស​ វីង​, Payon​, Mobile​ C &​; C, ក្រុមហ៊ុន​រៀបចំ​កម្មវិធី​ Kilat​ ជាដើម​។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ព្រឹត្តិ​ការណ៍​ សូម​ចូល​ទៅកាន់​គេហទំព័រ​ www.digitalcambodia.com.kh​ ឬទំព័រ​ហ្វេ​សប៊ុ​ករបស់​យើង​ https​://www.facebook.com​/OfficialDigitalCambodia​/ ។

អំពី​ពិព័រណ៍​ ឌីជីថល​កម្ពុជា​ឆ្នាំ​ ២០១៩​

ឌីជីថល​កម្ពុជា​ឆ្នាំ​ ២០១៩​ នាំមក​នូវ​គំនិត​ច្នៃប្រឌិត​ថ្មី​បំផុត​ និង​ទំនើប​បំផុត​នៅក្នុង​បច្ចេកវិទ្យា​ឌីជីថល​ មកកាន់​រាជធានី​ភ្នំពេញ​ នៃ​ប្រទេស​កម្ពុជា​ ដែល​មា​នយៈ​ពេល​ ៣ថ្ងៃ​ ពោរពេញ​ទៅ​ដោយ​គំនិត​ដឹកនាំ​ ការយល់​ដឹង​ និង​ដំណោះស្រាយ​ជាក់ស្តែង​។ មេដឹកនាំ​ដ៏​មានគំនិត​ច្នៃប្រឌិត​ និង​ចក្ខុវិស័យ​អន្តរជាតិ​ មក​ពី​ផ្នែក​អាជីវកម្ម​, រដ្ឋាភិបាល​ និង​អ្នក​សិក្សា​ នឹង​ប្រមូល​ផ្តុំ​ពិភាក្សា​គ្នា​ ដើម្បី​បង្ហាញ​ពី​និន្នាការ​ និង​ការ​អភិវឌ្ឍ​ន៍​ថ្មី​ៗ នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ឌីជីថល​ និង​ផ្តល់​គំនិត​ និង​ទស្សនវិស័យ​របស់​ពួកគេ​ ចំពោះ​បញ្ហា​ប្រឈម​នានា​ ដែល​កំពុង​ជួបប្រទះ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​ និង​ទូរគមនាគមន៍​ទូទាំង​ពិភពលោក​។

Advertisement