ក្រុមហ៊ុន​ CPL​ ចុះ​អនុស្សរណៈ​យោគយល់​គ្នា​លក់​គម្រោង​ទីក្រុង​រណប​ដំបូងបង្អស់​នៅ​ខេត្ត​កំពង់ចាម​

ក្រុមហ៊ុន​ CPL​ ដែល​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​មាន​បទ​ពិសោធ​ និង​ឈរជើង​យូរ​ជាងគេ​នៅក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន​ យៀ​កថៃ​ ក្នុង​ការ​លក់​គម្រោង​ទីក្រុង​រណប​ដ៏​ធំ​ដំបូង​គេ​បង្អស់​មួយ​នៅ​ខេត្ត​កំពង់ចាម​។

លោក​ឧកញ៉ា​ ចេង​ ខេង​ អគ្គនាយក​ក្រុមហ៊ុន​ CPL​ បាន​លើកឡើង​ថា​ យើង​គ្រប់គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា​ ក្រុមហ៊ុន​ យៀ​កថៃ​ ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​និង​មាន​សក្តា​នុ​ពល​មក​ពី​ប្រទេស​ចិន​ ដែល​មិន​ត្រឹមតែ​មាន​គម្រោង​នៅ​ខេត្ត​កំពង់ចាម​ទេ​ តែ​ក៏​មាន​អគារ​ខ្ពស់​ធំៗ​ជាច្រើន​នៅក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ​។ ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​លើក​នេះ​ សម្រាប់​គម្រោង​ទីក្រុង​រណប​នៅ​ខេត្ត​កំពង់ចាម​ គឺ​យើង​មើលឃើញ​ថា​ ខេត្ត​កំពង់ចាម​ជា​ខេត្ត​ដែល​មាន​សក្តា​នុ​ពល​សំខាន់​មួយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​។ ទីក្រុង​រណប​ថ្មីនេះ​ នឹង​ជួយ​អភិវឌ្ឍ​ការរស់នៅ​របស់​ប្រជាជន​នៅក្នុង​ទីក្រុង​ពី​បែប​ធម្មតា​មួយ​មក​ជា​ការរស់នៅ​ក្នុង​ទីក្រុង​បែប​ទំនើប​ និង​ទាន់សម័យ​។ គម្រោង​នេះ​ មាន​ហេដ្ឋារចនាសម្ព័ន្ធ​សម្បូរ​របែប​ជាច្រើន​ដូចជា​ កន្លែង​ហាត់ប្រាណ​ សួនច្បារ​ សួន​ទឹក​កម្សាន្ត​ ផ្សារ​ទំនើប​ និង​លំនៅឋាន​ប្រកបដោយ​គុណភាព​ល្អជា​មួយ​តម្លៃ​សមរម្យ​។

លោក​ឧកញ៉ា​ ចេង​ ខេង​ មាន​ប្រសា​ន៍​ថា​៖ “គម្រោង​ទីក្រុង​រណប​ថ្មី​នៅ​ខេត្ត​កំពង់ចាម​នេះ​ស្ថិតនៅ​លើ​ផ្ទៃដី​ជាង​ 50ហិ​កតា​ ដែល​យើង​មាន​ប្លង់​គោល​សម្រាប់​ការ​អភិវឌ្ឍ​រួចហើយ​សម្រាប់​អភិវឌ្ឍ​ទៅតាម​ដំណាក់កាល​”។

អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​ខាងលើ​ បាន​លើកឡើង​ថា​ គម្រោង​នេះ​នឹង​ជួយ​លើក​ស្ទួយ​សក្តា​នុ​ពល​ខេត្ត​កំពង់ចាម​ឱ្យ​កាន់តែ​ខ្លាំង​ឡើង​ ព្រោះ​ខេត្ត​កំពង់ចាម​ជា​ខេត្ត​មួយ​ដែល​មាន​ធនធាន​ធម្មជាតិ​សម្បូរ​បែប​ មាន​ទាំង​ទន្លេ​ មាន​ទាំង​ចម្ការ​កសិកម្ម​ និង​ធនធាន​ជាច្រើន​ផ្សេងទៀត​ដែល​ផ្គត់​-ផ្គង់​មកកាន់​រាជធានី​ភ្នំពេញ​។ គម្រោង​ទីក្រុង​រណប​ក្រោម​កិច្ចសហការ​រវាង​ក្រុមហ៊ុន​ យៀ​កថៃ​ និង​ក្រុមហ៊ុន​ CPL​ នេះ​ ជា​គម្រោង​ប្រកបដោយ​ស្តង់​ដា​ល្អ​ដើម្បី​ផ្តល់​ដល់​អតិថិជន​គ្រប់រូប​។ យើង​គិតគូរ​ពី​គុណភាព​នៃ​ការរស់នៅ​ និង​ការ​អភិវឌ្ឍ​របស់​ប្រជាជន​ ព្រោះ​ប្រជាជន​យើង​មាន​អ្នកខ្លះ​គាត់​អាច​មានលទ្ធភាព​ទិញ​ផ្នះ​តែម្តង​ ឬ2ដង​តែប៉ុណ្ណោះ​ ហេតុនេះ​ប្រសិនបើ​ពួកគាត់​ទិញ​ចំ​គម្រោង​ដែល​មិន​មាន​ស្តង់​ដា​ល្អ​ មិន​មានការ​គិតគូរ​ច្បាស់លាស់​គាត់​នឹង​ប្រឈម​បញ្ហា​ក្នុង​ការរស់នៅ​។

លោក​ ឌី​ឡា​ វណ្ណ​ដា​ ជំនួយការ​អគ្គនាយក​ក្រុមហ៊ុន​ យៀ​កថៃ​ បាន​ថ្លែង​ថា​ មូលហេតុ​ដែល​ក្រុមហ៊ុន​ យៀ​កថៃ​ សម្រេចចិត្ត​សហការ​ជាមួយ​ក្រុមហ៊ុន​CPL​ ព្រោះ​យើង​មានទំនុក​ចិត្ត​ខ្ពស់​លើ​ក្រុមហ៊ុន​នេះ​ដែល​មាន​បទ​ពិសោធ​ច្រើន​ និង​មាន​ភ្នាក់ងារ​ច្រើន​ក្នុង​ការ​លក់​គម្រោង​ប្រកបដោយ​ប្រសិទ្ធភាព​។ លោក​បាន​បន្ត​ថា​ រហូតមកដល់​ពេលនេះ​ ក្រុមហ៊ុន​ យៀ​កថៃ​ បាន​វិនិយោគ​លើ​គម្រោ​ងធំៗ​ចំនួន​ 5 រួច​មក​ហើយ​ ដែល​គម្រោង​នៅ​ខេត្ត​កំពង់ចាម​នេះ​ជា​គម្រោង​មួយ​ដែល​ធ្វើឡើង​ដើម្បី​អភិវឌ្ឍ​ខេត្ត​កំពង់ចាម​ដែល​ជា​ខេត្ត​កសិកម្ម​ដ៏​ធំ​មួយ​ ប្រជាជន​មាន​ជីវភាព​ធូរធារ​ និង​មិន​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ​ទៀតផង​។ វា​ជា​នឹង​ក្លាយជា​គម្រោង​លំនៅឋាន​ដែល​អាច​ទាក​ទាញ​ ឬរំលែក​ប្រជាជន​ពី​រាជធានី​ភ្នំពេញ​ឱ្យទៅ​រស់នៅ​ក្នុង​ខេត្ត​កំពង់ចាម​បាន​ផង​ដែរ​ ព្រោះ​អ្នកខ្លះ​គាត់​ចង់​ងាក​ទៅ​ខេត្ត​កំណើត​របស់​គាត់​វិញ​។ លោក​បាន​បញ្ជាក់​ផង​ដែរ​ថា​ បន្ទាប់ពី​ខេត្ត​កំពង់ចាម​ ខេត្ត​គោលដៅ​បន្ត​ដែល​យើង​មាន​គម្រោង​ទៅ​អភិវឌ្ឍ​ គឺ​ខេត្តសៀមរាប​៕

Advertisement