ចូលរួម​ទស្សនា​ពិព័រណ៍​គំនូរ​ស្នាដៃ​វិចិត្រករ​ ​ឈើន​ ​ចាន់​នី​ ​ ​ដោយសេរី​ក្នុង​សណ្ឋាគារ​សូ​ហ្វី​តែល​ភ្នំពេញ​ភូ​គី​ត្រា​

​នៅ​ថ្ងៃទី៦​ ​ខែសីហា​ ​ឆ្នាំ២០១៩​ ​សណ្ឋាគារ​សូ​ហ្វី​តែល​ភ្នំពេញ​ភូ​គី​ត្រា​នឹង​បើក​សម្ពោធ​ការ​តាំងពិព័រណ៍​ថ្មី​មួយ​ដោយ​វិចិត្រករ​កម្ពុជា​ ​លោក​ ​ឈើន​ ​ចាន់​នី​ (Channy Chhoeun) ​ដែល​មាន​រយៈពេល​ ​៣ខែ​ ​ក្នុង​ការ​ចូល​ទស្សនា​ដោយសេរី​ទាំង​ភ្ញៀវ​ជាតិ​ ​និង​អន្ដរ​ជាតិ​ក្នុងវិចិត្រសាលសិល្បៈ។​ ​

​ស្នាដៃ​របស់​លោក​ថ្មីនេះ​ ​ក្រោម​ចំណងជើង​ថា​ ​“​Out​ ​of​ ​Control​”​ ​ដែល​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ឆ្លុះបញ្ចាំង​ពី​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ជា​ហានិភ័យ​ ​ដល់​ ​ជីវិត​សត្វស្លាប​ ​និង​ ​បញ្ហា​ក្នុង​សង្គម​កម្ពុជា​សព្វថ្ងៃ​ ​ដែល​បញ្ហា​រទាំង​នោះ​ ​មិន​អាច​គ្រប់គ្រង​បាន​នៅឡើយ​ ​ដូចជា​ការ​សេព​គ្រឿងស្រវឹង​ ​និង​ផ្សែង​បារី​ ​សម្រាប់​យុវជន​ដែល​មិនទាន់​ពេញវ័យ​។​ ​វិចិត្រករ​រំពឹង​ទុក​ថា​នេះ​ជា​ឱកាស​ដែល​អាច​អប់រំ​មនុស្ស​ឱ្យ​យល់ដឹង​ពី​បញ្ហា​ទាំងនេះ​តាមរយៈ​ផ្ទាំងគំនូរ​របស់​លោក​។



​វិចិត្រករ​ឆ្នើម​ ​ឈើន​ ​ចាន់​នី​ ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ឡា​រ៉ែ​ន​ថា​ ​លោក​មាន​សេចក្តី​ត្រេកអរ​ដែល​នា​ថ្ងៃ​បើ​ក​សម្ភោ​ធ​ការ​ដាក់​តាំង​នេះ​ ​មានការ​ចូលរួម​យ៉ាងច្រើន​ ​ជាពិសេស​លោក​ក៏បាន​អរគុណ​ដល់​សណ្ឋាគារ​សូ​ហ្វី​តែល​ភ្នំពេញ​ភូ​គី​ត្រា​ដែល​បាន​សហការ​ផ្តល់​ជាទី​តាំង​ក្នុង​ការរៀបចំ​ដាក់​តាំង​បង្ហាញ​ស្នាដៃ​ដ៏​ល្អ​ៗ​របស់​លោក​សម្រាប់​បងប្អូន​ប្រជាជន​កម្ពុជា​ ​និង​បរទេស​បាន​ទស្សនា​ផង​ដែរ​។​ ​លោក​បន្ដ​ថា​ ​ស្នាដៃ​គំនូរ​របស់​លោក​ទាំងអស់​មាន​ចំនួន​ ​១៤​ ​ផ្ទាំង​បាន​ដាក់​តាំង​នេះ​គឺ​ ​សុទ្ធតែ​បាន​បង្កប់ន័យ​អប់រំ​ពី​បញ្ហា​សង្គម​នានា​ដូចជា​បញ្ហា​ញៀន​ស្រា​ ​ញៀន​បារី​ ​និង​បញ្ហា​បរិស្ថាន​ដែល​កំពុងតែ​ប្រឈម​ដូចជា​ពូជសត្វ​ទាំងឡាយ​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​បាត់បង់​ពូជ​ស្ទើរ​អស់​ ​ហើយ​សព្វថ្ងៃ​នេះ​ក្មេង​ៗ​ជំនាន់​ក្រោយ​ភាគច្រើន​ក៏​លែង​ស្គាល់​ប្រភេទ​សត្វ​ទាំងនោះ​ទៀតផង​។​ ​លោក​ថា​ ​កាលពី​កុមារភាព​លោក​បាន​ឆ្លងកាត់​ជីវិត​រស់នៅ​ក្នុង​ព្រៃ​ព្រឹក្សា​ ​ដូច្នោះ​ហើយ​ ​មាន​សត្វស្លាប​ក្នុង​ព្រៃ​មួយចំនួន​ត្រូវ​មិន​ស្គាល់​ ​និង​ស្ទើ​តែ​បាត់បង់​។​ ​លោក​ថា​ ​អ៊ីចឹង​ហើយ​បាន​ជា​ស្នាដៃ​គំនូរ​លោក​ ​គូរ​ពណ៌នា​ពី​សត្វ​នោះ​ ​និង​បាន​រៀបរាប់​ពី​ឈ្មោះ​សត្វ​ទៀត​ដោយសារតែ​ចង់​ណែនាំ​ឱ្យ​អ្នកទស្សនា​ ​ឬ​ក្មេង​ជំនាន់​ក្រោយ​អាច​ស្គាល់ឈ្មោះ​ពពួកសត្វ​ទាំងឡាយ​នោះ​ឡើងវិញ​។​ ​មិន​តែប៉ុណ្ណោះ​គំនូរ​របស់​វិចិត្រករ​រូប​នេះ​ ​ក៏បាន​បង្ហាញ​អំពី​អក្សរ​សិលាចារឹក​ ​និ​ងយ័ន​ខ្មែរ​ផង​ដែរ​។​



​សូមជម្រាប​បញ្ជាក់​ថា​ ​ក្រៅពី​ការ​ដាក់​ឱ្យ​ទស្សនា​ផ្ទាំងគំនូរ​ដោយ​ឥតគិតថ្លៃ​ហើយ​នោះ​ ​គំនូររស់​រវើក​ទាំងអស់​នោះ​ ​ក៏​មាន​ដាក់​លក់​ក្នុង​ចន្លោះ​តម្លៃ​ ​១៦០០​ ​ដុល្លារ​ ​ទៅ​តម្លៃ​ខ្ពស់​ថ្លៃ​បំផុត​ ​៧៥០០​ ​ដុល្លារ​ ​ទៅតាម​ទំហំខ្នាត​របស់​គំនូរ​។​ ​ក្រៅពី​ដាក់​តាំង​បង្ហាញ​ស្នាដៃ​នៅក្នុង​ស្រុក​ហើយ​នោះ​ ​វិចិត្រ​រូប​នេះ​ ​ក៏​ធ្លាប់​មាន​តាំង​បង្ហាញ​ស្នាដៃ​ខ្លួន​នៅ​លើ​ឆាក​អន្ដរ​ជាតិ​ដូចគ្នា​ ​ជាពិសេស​កន្លងទៅ​បាន​ធ្វើ​នៅ​ទីក្រុង​ប៉ារីស​។​ ​តែ​នេះ​ជាលើកដំបូង​ហើយ​ ​ដែល​សណ្ឋាគារ​សូ​ហ្វី​តែល​ភ្នំពេញ​ភូ​គី​ត្រា​បាន​ផ្ដល់​ទីតាំង​ឱ្យ​វិចិត្រករ​ ​ឈើន​ ​ចាន់​នី​ ​តាំង​បង្ហាញ​ស្នាដៃ​ខ្លួន​ជា​លក្ខណៈ​ទោល​។​



​គួរ​បញ្ជាក់​បន្ថែម​ថា​ ​លោក​ ​ចាន់​នី​ ​កើត​នៅ​ឆ្នាំ​ ​1988​ ​និង​ ​មាន​ស្រុកកំណើត​នៅ​ខេត្តបាត់ដំបង​ ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​ដោយមាន​ទេពកោសល្យ​សិល្បៈ​ ​និង​ ​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លំា​ង​ទៅលើ​សត្វ​បក្សី​ ​ឪពុក​របស់​លោក​បាន​បញ្ជូន​លោក​ទៅ​ ​សិក្សា​នៅ​សាលា​ហ្វារ​ពន្លឺ​សិល្បៈ​ ​ដែល​បាន​ផ្តល់​ការ​បណ្តុះបណ្តាល​ដល់​លោក​ ​ដោយ​ឥតគិតថ្លៃ​។​ ​បន្ទាប់មក​នៅ​ខែវិច្ឆិកា​ឆ្នាំ២០១៦​ ​លោក​បាន​រៀបចំ​ការ​តាំង​ពិ​ពណ៌​ទោល​ជាលើកដំបូង​នៅ​ខេត្តសៀមរាប​ដែល​ជា​ការ​តាំងពិព័រណ៍​ដ៏​ជោគជ័យ​មួយ​របស់​លោក​ដោយ​ផ្ទាំងគំនូរ​ស្ទើរតែ​ទាំងអស់​ត្រូវ​បាន​លក់​ចេញ​ជាហូរហែ​៕​

Advertisement