ធនាគារ CIMB បរិច្ចាគប្រាក់ ៤៥.៧០០.០០០ រៀល ដល់កម្មវិធីពិនិត្យ និងព្យាបាលភ្នែក-ធ្មេញ ឥតគិតថ្លៃ

August 23, 2019​ ម៉ោង 3:18 pm

រាជធានីភ្នំពេញ៖ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) បានចូលរួមជាមួយធនាគារជាតិ នៃកម្ពុជា ដែលដឹកនាំដោយលោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិ នៃកម្ពុជា ក្នុងកម្មវិធីពិនិត្យ និងព្យាបាលភ្នែក-ធ្មេញ ដោយឥតគិតថ្លៃ។ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ ធនាគារ CIMB ប្រមាណ ៧០នាក់ បានធ្វើដំណើរទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចូលរួមក្នុងកម្មវិធីពិនិត្យ និងព្យាបាលភ្នែក-ធ្មេញ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ចំនួន ៤៤១ មកពីស្រុកសន្ទុក ខេត្តកំពង់ធំ និងមកពីខេត្តផ្សេងទៀតផងដែរ។ ការព្យាបាលនេះត្រូវបានធ្វើឡើង ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីប្រទេសអូស្រ្តាលី។ បន្ថែមពីការចូលរួមរបស់បុគ្គលិក ធនាគារ CIMB ក៏បានបរិច្ចាគប្រាក់ ៤៥.៧០០.០០០ រៀលផងដែរ។

ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ការពិនិត្យ និងព្យាបាលភ្នែក ត្រូវបានប្រព្រឹត្តទៅ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយការពិនិត្យ និងព្យាបាលភ្នែក គឺនៅឯគ្លីនិកទន្តសាស្រ្តពុទ្ធិសាស្រ្ត។ ខុសប្លែកពីមុនៗ ដែលធនាគារ CIMB ភាគច្រើនប្រារព្ធធ្វើកម្មវិធីសប្បុរសធម៌ នៅតាមសហគមន៍ ឬតំបន់ដាច់ស្រយ៉ាល កម្មវិធីទំនួលខុសត្រូវសង្គមរបស់ធនាគារ CIMB លើកនេះ គឺប្រព្រឹត្តទៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយបរិច្ចាគទឹកប្រាក់សុទ្ធតែម្តង សម្រាប់លើកស្ទួយសុខុមាលភាពផ្នែកភ្នែក និងធ្មេញ របស់ប្រជាពលរដ្ឋ មកពីតាមបណ្តាខេត្ត។ ហើយទឹកប្រាក់ឧបត្ថម្ភរបស់ធនាគារ CIMB ចំនួន ៤៥.៧០០.០០០ រៀល សម្រាប់ឧបត្ថម្ភលើផ្នែកភស្តុភា ដូចជាធ្វើដំណើរទៅមក របស់ប្រជាពលរដ្ឋ និងការហូបចុកបីពេលក្នុងមួយថ្ងៃ ក្នុងអំឡុងពេលព្យាបាល នៅមន្ទីរពេទ្យ សម្រាប់កម្មវិធីពិនិត្យ និងព្យាបាលភ្នែក-ធ្មេញ ឥតគិតថ្លៃនេះ។

លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិ របស់ធនាគារ CIMB បានឲ្យដឹងថា៖ «នៅធនាគារ CIMB ការជួយត្រឡប់ទៅកាន់សហគមន៍វិញ គឺបានស្ថិតជាប់ក្នុងបេះដូងរបស់យើងទាំងអស់គ្នា។ យើងឧបត្ថម្ភ ដល់កម្មវិធីព្យាបាលភ្នែក និងធ្មេញនេះ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពភ្នែក និងធ្មេញ របស់ប្រជាពលរដ្ឋក្រីក្រ ដែលមានការខ្វះធនធាន។ ភ្នែក និងធ្មេញ គឺពិតជាមានសារៈសំខាន់ណាស់ ដែលជួយផ្តល់នូវសុខុមាលភាព និងសម្រួលដល់បន្ទុករបស់ប្រជាជនទាំងនោះ ហើយទីបញ្ចប់នឹងនាំឲ្យពួកគាត់មានលទ្ធភាពប្រកបអាជីវកម្ម ចិញ្ចឹមគ្រួសាររបស់ពួកគាត់»។

មិនតែប៉ុណ្ណោះ លោក ប៊ុន យីន បានបញ្ជាក់ផងដែរថា៖ ការចូលរួមរបស់ធនាគារយើងខ្ញុំ គឺរួមទាំងកម្លាំងកាយចិត្តរបស់បុគ្គលិក និងថ្នាក់ដឹកនាំ ព្រមទាំងថវិការបស់ធនាគារ ដែលដកចេញពីមួយផ្នែក នៃប្រាក់ចំណេញរបស់ធនាគារ

ស្ថិតក្នុងវ័យ៥៥ឆ្នាំ លោកស្រី សឹម សាវឿន ដែលបានទទួលការព្យាបាលភ្នែក ក្នុងកម្មវិធីសប្បុរសធម៌នេះ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានរៀបរាប់ថា៖ «ក្រោយពីទទួលបានការព្យាបាលភ្នែកម្ខាងរួចហើយ ខ្ញុំពិតជាសប្បាយចិត្តណាស់ ព្រោះភ្នែកខ្ញុំឈឺផ្សារាប់ឆ្នាំមកហើយ។ ពេលទៅណាមកណា គឺពិបាកខ្លាំងណាស់ ដោយសារភ្នែក មើលមិនសូវឃើញ ហើយមានការឈឺចាប់។ បើសិនភ្នែកដែលព្យាបាលហើយ មានភាពល្អប្រសើរ ខ្ញុំនឹងបន្តព្យាបាលម្ខាងទៀត ពេលក្រោយ ហើយនឹងណែនាំបងប្អូនឲ្យមកព្យាបាលផងដែរ។ ខ្ញុំសូមអរគុណជាខ្លាំង ដល់អ្នកឧបត្ថម្ភទាំងអស់ ដែលបានព្យាបាល ឥតគិតថ្លៃនេះ ដល់រូបខ្ញុំ»

សូមបញ្ជាក់ផងដែរថា ធនាគារ CIMB បានចាប់ផ្តើមប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ក្នុងប្រទេសកម្ពុជា នៅចុងឆ្នាំ២០១០ ហើយបច្ចុប្បន្នធនាគារមានសាខាចំនួន១៣ តាមបណ្តារាជធានី និងខេត្តសំខាន់ៗ នៅក្នុងប្រទេស។ ក្នុងរយៈពេលជិត១០ឆ្នាំកន្លងមកនេះ ធនាគារ CIMB បានចូលរួមសកម្មភាពសប្បុរសធម៌ជាច្រើន ដែលរួមមានវិស័យសំខាន់ៗ ដូចជាវិស័យអប់រំ ដោយធនាគារបានឧបត្ថម្ភដល់សាលាដាច់ស្រយ៉ាលនានា ក្នុងប្រទេសកម្ពុជា និងផ្តល់អាហារូបករណ៍ ដល់និស្សិតសិក្សានៅក្រៅប្រទេស | វិស័យសុខាភិបាល ដោយធនាគារបានបរិច្ចាគឈាម និងឧបត្ថម្ភ ដល់មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យបង្អែកបាទី និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតជាដើម | វិស័យសង្គមកិច្ច ដោយធនាគារបានឧបត្ថម្ភដល់កាកបាទក្រហម និងមជ្ឈមណ្ឌលកុមារកំព្រានានា ព្រមទាំងផ្នែកបរិស្ថាន ដោយធនាគារបានចូលរួមដាំកូនឈើ នៅវិទ្យាល័យ ឧដុង្គជាដើម។