CVEA ដឹកនាំសមាជិកចូលរួមកិច្ចប្រជុំ សមាគមអចលនទ្រព្យអាស៊ាននៅប្រទេសមីយ៉ាន់ម៉ា

សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) រួមជាមួយគណៈប្រតិភូជាសមា ជិកសមាគមចំនួន 32 នាក់ នឹងអញ្ជើញចូលរួមនៅក្នុងព្រឹត្តិការណ៍ នៃមហាសន្និបាត និងពិព័រណ៍ អចលនទ្រព្យបណ្តាប្រទេសអាស៊ាន (ARENA) ដែលរៀបចំឡើងនៅក្នុងទីក្រុងរ៉ងហ្គូប្រទេសមីយ៉ាន់ម៉ា។ ។
លោក ច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុមកម្ពុជាបានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន មុនពេលឡើងយន្តហោះចាកចេញពីប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី 21 ខែសីហា ឆ្នាំ2019 ឱ្យដឹងថា៖« ស្របទៅតាមគម្រោង ដ៏អស្ចារ្យប្រចាំឆ្នាំមួយនេះ កម្មវិធីនឹងត្រូវធ្វើឡើង រយៈពេល3ថ្ងៃ ចាប់ពីថ្ងៃទី22-24 ខែសីហា ឆ្នាំ2019 ប៉ុន្តែដោយសារតែខ្ញុំជាប្រធានសមាគម និងជាអ្នកដឹកនាំគណៈប្រតិភូ កម្មវិធីតម្រូវឱ្យទៅមុនគេចំនួន1ថ្ងៃ ដើម្បីប្រជុំពីកិច្ចការមួយចំនួន របស់សមាគម ARENA»។លោកប្រធានសមាគម បានបន្តទៀតថា៖« រយៈពេល3ថ្ងៃ នៃព្រឹត្តិការណ៍មួយនេះ គ្រប់បណ្តាអ្នកដែលចូលរួមទាំងអស់នឹងទទួលបានចំណេះដឹងថ្មីៗស្ដីពីវិស័យអចលនទ្រព្យទាំងក្នុង និងក្រៅតំបន់ ជាពិសេស បានផ្សារភ្ជាប់ទំនាក់ទំនងដើម្បីស្វែងយល់ពីឱកាសនៃការចាប់ដៃសហការជាដៃគូជាមួយគ្នានៅក្នុងវិស័យនេះ។ ជាមួយគ្នានេះកិច្ចប្រជុំនឹង ដំណើរការដោយមានប្រធានបទជាសំខាន់គឺ លំនៅដ្ឋាន តិចណូឡូហ្ស៊ី និន្នានុវត្ត និងជោគជ័យនៃវិស័យអចលនទ្រព្យ ដែលចូលរួមពីប្រទេសសមាជិកអាស៊ាន បស្ចឹមប្រទេសមួយចំនួន និងសហរដ្ឋអាមេរិក »។
លោកបានបន្តទៀតថា៖« ខ្ញុំបាននាំយកចំណុចសំខាន់3 យ៉ាង ពីវិស័យអចលនទ្រព្យនៅកម្ពុជាទៅចែករំលែក និងបង្ហាញបណ្តាប្រទេសនានា ដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍ទាំងមូល ដោយទី1 និយាយអំពីការអភិវឌ្ឍនៅក្នុងសម័យបច្ចេកវិទ្យាចូលទៅក្នុងទីផ្សារអចលនទ្រព្យ ទី2 តើវិស័យបច្ចេកវិទ្យា អាចចូលរួមធ្វើឱ្យវិស័យអចលនទ្រព្យមានភាពរីកចម្រើនយ៉ាងដូចម្ដេច ហើយទី3 និយាយពីភាពរីកចម្រើននៃវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្សព្វផ្សាយឱ្យសាកលលោកគេបានដឹងច្បាស់ពីការទទួលបានឱកាសវិនិយោគបន្ថែមទៀតនៅកម្ពុជា»។
លោកបានបន្តទៀតថា៖« ខ្ញុំបានត្រៀមរួចជាស្រេចនៅក្នុងឱកាសនៃការចូលរួមនៅក្នុងកម្មវិធីនេះ ក្នុងការនាំយកនូវចំណុចសំខាន់ៗពីឱកាសនៃការវិនិយោគលើវិស័យអលនទ្រព្យនៅកម្ពុជា ដើម្បីធ្វើការផ្សព្វផ្សាយទៅកាន់ឆាកអន្តរជាតិ ក្រោមការចូលរួមពីបណ្តាសមាជិករបស់ ARENA ប្រមាណ700នាក់»។
លោកបញ្ជាក់ថាសមាជិក ARENA មានសមាជិកប្រមាណ 20000នាក់ ដែលនៅតែប្រទេសឡាវ និងប្រ៊ុយណេ មិនទាន់សម្រេចចិត្តចូលរួមជាមួយ ARENA នៅឡើយទេ។ ARENA ជាក្រុមប្រចាំតំបន់ដែលត្រូវបានឧទ្ទិស ដល់ការជួយសមាជិករបស់ខ្លួន នៅក្នុងផ្នែកច្បាប់ និងការកែលម្អទីផ្សារការបណ្តុះ បណ្តាល និងកិច្ចសហប្រតិបត្តិការនានា ។
លោកច្រឹក សុខនីមបានបន្តថាកិច្ចប្រជុំនេះ យើងក៏អាចមានឱកាសផ្សព្វផ្សាយពីសក្តានុពលវិនិយោគរបស់កម្ពុជាទៅកាន់អាស៊ាន និងពិភពលោក ហើយយើងក៏ះអាចស្វែងយល់ពីឱកាសវិនិយោគនៅក្នុងតំបន់អាស៊ាន ជាមួយគ្នានេះសមាជិកសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏អាចមានឱកាសបង្កើតបណ្តាញជំនួញជាមួយអ្នកវិនិយោគ និងក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យនៅក្នុងតំបន់បានផងដែរ៕

Advertisement