ចក្រវាឡអចលនទ្រព្យ ផ្លាស់ប្ដូរជីវិតកាន់តែប្រសើរ

កំពង់ធំ ៖ ជាភាពមោទននៅក្នុងវិស័យអចលនទ្រព្យកម្ពុជានាពេលបច្ចុប្បន្ន ដែលកំពុងតែទាក់ទាញការវិនិយោគ និងផ្តល់ភាគលាភគួរឱ្យកត់សម្គាល់ រហូតត្រូវបានអ្នកជំនួញក្នុងវិស័យនេះបង្កើតជាពាក្យស្លោកថា ៖ «ចក្រវាឡអចលនទ្រព្យ ផ្លាស់ប្ដូរជីវិត» និងយកធ្វើជាប្រធានបទមួយយ៉ាងសំខាន់ មកបង្ហាញនៅក្នុងកម្មវិធីសិក្ខាសាលាមួយដែលរៀបចំឡើងដោយក្រុមហ៊ុនអចលនទ្រព្យ សុគា ស៊ីធី ។

នៅក្នុងអង្គសិក្ខាសាលានិយាយពីសក្ដានុពលវិស័យអចលនទ្រព្យនៅកម្ពុជាកាលពីសប្ដាហ៍កន្លងទៅនៅសាលសន្និសីទ និងពិព័រណ៍ នាក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្រោមការចូលរួមពីបណ្តាក្រុមហ៊ុនភ្នាក់ងារជាដៃគូសហការ និងអ្នកដែលពាក់ព័ន្ធក្នុងវិស័យអចលនទ្រព្យសរុបជិត៤០០នាក់។ គណៈគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ សុគា ស៊ីធី ដែលកំពុងតែទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់បណ្តាក្រុមហ៊ុនវិនិយោគ ភ្នាក់ងារអចលនទ្រព្យ ក៏ដូចជាសាធារណៈជនទូទៅផងដែរនោះ បានធ្វើការចែករំលែកនូវចំណេះដឹង ក៏ដូចជាបទពិសោធន៍ផ្ទាល់ខ្លួនក្រោយការចូលមកប្រឡូកប្រកបដោយភាគជោគជ័យនៅក្នុងវិស័យមួយនេះ។

លោក ស៊ឺន សុកគា នាយកគ្រប់គ្រប់ទូទៅក្រុមហ៊ុនអចលនទ្រព្យ សុកគា ស៊ីធី បានលើកឡើងថា វិស័យអចលនទ្រព្យបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជួយជំរុញវិស័យសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពរឹងមាំ ជាពិសេសបានជួយកែប្រែកម្រិតជីវភាពរបស់អ្នកជំនួញនៅក្នុងវិស័យមួយនេះឱ្យមានការប្រែប្រួលយ៉ាងឆាប់រហ័សក្នុងការបង្កើនទ្រព្យយ៉ាងច្រើននៅក្នុងរយៈពេលដ៏ខ្លី។ ជាក់ស្ដែងដូចជាក្រុមហ៊ុន សុកគា ស៊ីធី ដែលផ្តើមចេញពីការតស៊ូ និងព្យាយាមជំនះពីអតីតពលករបម្រើការងារនៅប្រទេសកូរ៉េចំនួន៤រូប រហូតប្រែក្លាយជីវិតជាអ្នកជោគជ័យនៅក្នុងមុខជំនួញដីធ្លី និងអចលនទ្រព្យនាពេលបច្ចុប្បន្ននេះ។

លោក ស៊ឺន សុកគា បានបន្តថា “ដោយសារតែភាពលំបាកក្នុងការបម្រើការងារជាពលករនៅប្រទេសកូរ៉េ និងសមាជិកចំនួន៣នាក់ផ្សេងទៀត បានសម្រេចរើបម្រាស់ខ្លួនចេញភាពជាកម្មករមកចូលប្រឡូកនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា ដោយនៅក្នុងចំណោមសមាជិត៣នាក់ខាងលើនេះ មាន២នាក់ ជាពលករ ហើយម្នាក់ទៀតជាយុវនារីធ្លាប់បម្រើការងារជាបុគ្គលិកឯកជនមួយ”។ លោកបន្តទៀតថា “នៅក្នុងតំណាក់កាលដំបូង ពួកខ្ញុំបានសហការគ្នាវិនិយោគលើគម្រោងពុះដីឡូត៍លក់ក្នុងទំហំ៧ហិកតា ស្ថិតនៅក្នុងស្រុកកំពង់ថ្ម ខេត្តកំពង់ធំ ដែលជាគម្រោងទី១។ នៅក្នុងគម្រោងមួយនេះ ដោយសារតែជាបទពិសោធន៍ថ្មីនៅក្នុងវិស័យអចលនទ្រព្យ ពួកខ្ញុំបានប្រឈមនឹងភាពលំបាក និងឧបសគ្គជាច្រើន ទាមទារឱ្យមានការដោះស្រាយជាចាំបាច់ ដែលកើតចេញមជ្ឈដ្ឋានជុំវិញខ្លួន ជាពិសេសគ្រួសារដែលមានការរារាំង ហាមឃាត់មិនឱ្យចូលប្រឡូកនៅក្នុងវិស័យនេះ”។

លោកបានបន្តទៀតថា “ក្រោមការតស៊ូ និងព្យាយាមជំនះរាល់បញ្ហាដែលតែងតែកើតមាន ជាលទ្ធផលពួកខ្ញុំទទួលបានបទពិសោធន៍យ៉ាងច្រើននៅលើទីផ្សារ អចលនទ្រព្យ ហើយក៏ទទួលបានភាពជោគជ័យជាបន្តបន្ទាប់ ដោយចាប់ពីគម្រោងទី១ រហូតដល់គម្រោងទី៤ក្នុងពេលដ៏ខ្លីបំផុត។ ដោយឡែកនៅក្នុងគម្រោងថ្មីទី៥ ស្ថិតនៅក្នុងក្រុងសៀមរាប ក្រៅពីមានការចែងចែកជាប្រភេទដីឡូត៍សម្រាប់សាងសង់លំនៅដ្ឋាន ក្រុមហ៊ុនក៏មានការអភិវឌ្ឍវិស័យលំនៅដ្ឋានកម្រិតមធ្យមផងដែរ ដើម្បីផ្គត់ផ្គង់ទៅនឹងតម្រូវការជាក់ស្ដែងដែលកំពុងតែមានការគាំទ្រយ៉ាងច្រើនពីសំណាក់បណ្តាក្រុមហ៊ុនភ្នាក់ងារជាដៃគូ ក៏ដូចជាអតិថិជនទូទៅនាពេលបច្ចុប្បន្ននេះផងដែរ”។អ្វីដែលជាមោទនភាពរបស់ក្រុមហ៊ុន សុកគា ស៊ីធី នៅពេលនេះ ក្រៅពីមានគណៈគ្រប់គ្រងដែលមានភាពច្បាស់លាស់ និងជំនាញខ្ពស់នៅក្នុងវិស័យអចលនទ្រព្យ រួមជាមួយបុគ្គលិកស្មោះត្រង់ ជាពិសេសក្រុមហ៊ុន ភ្នាក់ងារជាដៃគូដែលសុទ្ធតែមានជំនាញ បានជម្រុញឱ្យការលក់របស់មានភាពរលូន។ ជាក់ស្ដែងដូចជានៅក្នុងគម្រោងទី៥នេះ ក្រោយការប្រកាសលក់មុនគម្រោងបុកគ្រឹះត្រឹម២សប្ដាហ៍ លក់បានរហូតដល់ប្រមាណ ៣០ភាគរយ។ បន្ថែមពីនេះ ក្រៅពីទទួលបានភាពជោគជ័យយ៉ាងត្រចះត្រចងនាពេលនេះ គណៈគ្រប់គ្រង ដែលជាស្ថាបនិកទាំង៤រូប បានព្យាយាមអូសទាញដឹកដៃមនុស្សរាប់សិបអ្នកដែលជាបុគ្គលិកកំពុងតែបម្រើការងារនៅក្នុងក្រុមហ៊ុនរបស់ខ្លួនបន្តដំណើរទៅមុខរួមគ្នា ដើម្បីទទួលបានភាពរីកចម្រើនទាំងចំណេះដឹង និងធនធានទៅថ្ងៃអនាគត។ សុកគា ស៊ីធី ធ្វើឱ្យជីវិតកាន់តែអស្ចារ្យ ៕

Advertisement