ប្រាសាក់ ចូលរួមឧបត្ថម្ភកម្មវិធីទិវាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ឆ្នាំ 2019

ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេ មានមោទនភាពក្នុងការឧបត្ថម្ភកម្មវិធីទិវាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ឆ្នាំ 2019 ដែលរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា។ កម្មវិធីនេះប្រព្រឹត្តទៅកាលពីថ្ងៃទី 2 ខែតុលា ឆ្នាំ 2019 នៅសណ្ឋាគារ Raffles Hotel Le Royal ក្នុងទីក្រុងភ្នំពេញ។គោលបំណងនៃព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះគឺដើម្បីបង្កើនការយល់ដឹង និងផ្លាស់ប្ដូរព័ត៌មានគ្នាអំពីនិន្នាការទីផ្សារ និងការវិវឌ្ឍរីកចម្រើននៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ក៏ដូចជាបញ្ហាបទប្បញ្ញត្តិដែលទាក់ទិននឹងសេវាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់។
កម្មវិធីនេះមានអ្នកចូលរួមប្រមាណ 500 នាក់ ដែលជាតំណាងពីមន្ត្រីរដ្ឋាភិបាល អ្នកធ្វើគោលនយោបាយ និយ័តករ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ មជ្ឈដ្ឋានបណ្ឌិតបញ្ញវន្ត ព្រមទាំងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុផងដែរ។

សូមបញ្ជាក់ថា FinTech ឬបច្ចេកវិទ្យាហិរញ្ញវត្ថុជាកម្មវិធីកុំព្យូទ័រ កម្មវិធីតាមទូរស័ព្ទ (app) ឬដំណោះស្រាយផ្នែកបច្ចេកវិទ្យានានា ដែលត្រូវបានប្រើប្រាស់ ដើម្បីជាជំនួយ ឬផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុ។
លោក សាយ សូនី នាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា «ប្រាសាក់ មានមោទនភាពដែលបានឧបត្ថម្ភកម្មវិធីទិវាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ឆ្នាំ 2019 ។ នេះជាព្រឹត្តិការណ៍ដ៏ឧត្ដុង្គឧត្ដមមួយដែលបានប្រមូលផ្ដុំប្រតិបត្តិករក៏ដូចជានិយ័តករនៅក្នុងវិស័យហិរញ្ញវត្ថុដើម្បីជួបពិភាក្សាអំពីសារៈសំខាន់នៃបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ក្នុងការកំណត់ទិសដៅនៃប្រព័ន្ធហិរញ្ញវត្ថុនៃយុគសម័យសេដ្ឋកិច្ចថ្មី និងដើម្បីស្វែងយល់ឱ្យទាន់ពេលវេលានូវក្របខ័ណ្ឌបទប្បញ្ញត្តិថ្មីៗ កត្តាប្រឈម កាលានុវត្តភាព និងការវិវឌ្ឍរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់»។

លោកបន្តថា «ចំពោះប្រាសាក់ យើងទទួលស្គាល់យ៉ាងខ្លាំងពីគុណសម្បត្តិនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ។ យើងជឿជាក់ថាបច្ចេកវិទ្យានេះនឹងដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងបង្កើនចំនួនប្រជាជនដែលទទួលបានសេវាហិរញ្ញវត្ថុ។ តាមន័យនេះហើយ បានជាយើងបានធ្វើការវិនិយោគយ៉ាងច្រើនទាំងពេលវេលា និងថវិកាដើម្បីចាប់យកអត្ថប្រយោជន៍នៃនិវានុវត្តន៍ថ្មីនេះ។ ហេតុនេះ ប្រាសាក់បានខិតខំធ្វើទំនើបកម្មរាល់ប្រតិបត្តិការរបស់ខ្លួនដោយបំពាក់បច្ចេកវិទ្យាហិរញ្ញវត្ថុ ដូចជា ប្រព័ន្ធធនាគារស្នូលដ៏ទំនើប សេវាអេធីអឹម សេវាធនាគារចល័ត ម៉ាស៊ីនឆូតកាត និងការប្រើលេខ QR កូដជាដើម។
លោក សាយ សូនី បានបញ្ជាក់ថា បច្ចេកវិទ្យាទាំងនេះ បានជួយបង្កើនប្រសិទ្ធភាព សុវត្ថិភាព និងតម្លាភាពនៃសេវាហិរញ្ញវត្ថុ ដោយបានកាត់បន្ថយចំណាយ និងបង្កើនលទ្ធភាពកាន់តែច្រើនឱ្យប្រជាជនទទួលបានសេវាហិរញ្ញវត្ថុ។ បច្ចេកវិទ្យាហិរញ្ញវត្ថុបានជួយធ្វើឱ្យវិស័យហិរញ្ញវត្ថុមានការរីកចម្រើនយ៉ាងខ្លាំង ដែលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកំពស់បរិយាប័ន្នហិរញ្ញវត្ថុ។
លោក សូនី បន្ថែមទៀតថា «បច្ចុប្បន្ននេះ យើងមានអតិថិជនជាង 410 ពាន់នាក់ ដែលពួកគាត់អាចប្រើប្រាស់សេវាហិរញ្ញវត្ថុប្រាសាក់ ដែលរួមមានសេវា ឥណទាន បញ្ញើសន្សំ ទូទាត់វិក្កយបត្រ ផ្ទេរប្រាក់ ប្តូរប្រាក់ តាមរយៈការិយាល័យទាំង១៨០សាខា អេធីអឹម និងសេវាធនាគារចល័តយ៉ាងងាយស្រួល»។
អំពីប្រាសាក់
ក្នុងរយៈពេល 6 ខែដើមឆ្នាំ 2019 នេះ ប្រាសាក់មានទ្រព្យសកម្មសរុបច្រើនជាង 2,800 លានដុល្លារអាមេរិក សម្ពៀតឥណទានច្រើនជាង 2,370 លានដុល្លារអាមេរិក បណ្តាញការិយាល័យនិងម៉ាស៊ីនអេធីអឹមទូទាំងប្រទេស សេវាហិរញ្ញវត្ថុឌីជីថលដែលស្របតាមតម្រូវការអតិថិជន និងបុគ្គលិកជិត 8,200នាក់ ព្រមទាំងបានផ្តល់អគារបណ្ណាល័យចំនួន 40 នៅតាមបណ្តាខេត្តនានានៅកម្ពុជា។ ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ www.prasac.com.kh ។
ត្រូវការកម្ចីពីប្រាសាក់ សូមអញ្ជើញទាក់ទងមកកាន់លេខទូរស័ព្ទ 086 999 911 ឬ 023 999 911 ឬ 0969 999 911 ឬ ទាក់ទងមកកាន់សាខាប្រាសាក់ដែលនៅជិតលោកអ្នកបំផុត។
ប្រាសាក់ រីកចម្រើនជាមួយគ្នា!

Advertisement