សណ្ឋាគារ Himawari Hotel Apartments និងសាលាអន្តរជាតិ SCIA រួមគ្នារៀបចំកម្មវិធីបុណ្យ Halloween

ភ្នំពេញ៖ កាលថ្ងៃសៅរ៍ ទី26 ខែតុលា ឆ្នាំ2019 សណ្ឋាគារ Himawari និងសាលាអន្តរជាតិ SCIA បានសហការគ្នារៀបចំកម្មវិធីបុណ្យ Halloween ដោយមានការចូលរួមពីក្មេងៗ រួមជាមួយក្រុមគ្រួសារប្រមាណជា 250នាក់ នៅឯបរិវេណសណ្ឋាគារ និងក្នុងសាល Sunflower។ពិធីបុណ្យត្រូវបានរៀបចំចាប់ពីម៉ោង 11ព្រឹក រហូតដល់ 5ល្ងាច ដោយខាងសណ្ឋាគារបានរៀបចំតុបតែងកម្មវិធីទាំងមូលឱ្យដូចទៅនឹងពិធីបុណ្យ Halloween នៅឯបស្ចិមប្រទេសដែរ ដែលមានដូចជា៖ ការឆ្លាក់រូបល្ពៅជាក្បាលខ្មោច តុបតែងជាផ្ទះខ្មោច គូសមុខឱ្យដូចទៅនឹងខ្មោចសាហាវៗ បូករួមជាមួយនឹងការស្លៀកសម្លៀកបំពាក់ចេញជារូបរាងខ្មោចពិតៗ គួរឱ្យខ្លាចតែម្តង។ភ្ញៀវ និងក្មេងៗដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនាពេលរសៀលនោះបានរីករាយជាមួយនឹងម្ហូបអាហារ ភេសជ្ជៈ ស្តង់លេងហ្គេមកម្សាន្តរបស់សណ្ឋាគារ Himawari ក៏ដូចជាស្តង់លេងហ្គេមកម្សាន្តរបស់សាលាអន្តរជាតិ SCIA ដែលពួកគាត់បានរៀបចំជាលក្ខណៈបុណ្យ Halloween តែម្តង។លោក Andrew Tay គឺជានាយកប្រតិបត្តិរបស់សណ្ឋាគារ Himawari បានលើកឡើងនៅក្នុងពិធីបុណ្យ Halloween ថា «ពិធីបុណ្យ Halloween ដែលបានរៀបចំនៅសណ្ឋាគារ Himawari បានប្រហែលជា 5 លើករួចមកហើយ វាជាថ្ងៃពិសេសមួយដែលឪពុកម្តាយបាននាំកូនៗរបស់ពួកគាត់មកលេងកម្សាន្តនៅទីនេះ វាពិតជាគួរឱ្យខ្លាចបន្តិចមែន តែវាសប្បាយរីករាយ ហើយពួកគាត់អាចថតរូបទុកជាអនុស្សារីយ៍ជាមួយគ្នា» លោកបន្ថែមទៀតថា «ឆ្នាំក្រោយ ខ្ញុំសង្ឃឹមថាក្មេងៗ ក៏ដូចជាឪពុកម្តាយនឹងមកចូលរួមក្នុងកម្មវិធីបុណ្យ Halloween នេះឱ្យបានច្រើនជាមួយពួកយើង ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ឆ្នាំនេះយើងទទួលបានការសហការពីសាលាអន្តរជាតិ SCIA ជាដៃគូក្នុងការរៀបចំកម្មវិធីបុណ្យ Halloween ជាមួយពួកយើងផងដែរ»។លោក Edward Tiu ជាអនុប្រធានផ្នែកជ្រើសរើសសិស្ស និងការចូលរួមសហគមន៍ របស់សាលាអន្តរជាតិ SCIA (Singapore Cambodia International Academy) បានលើកឡើងថា «នេះជាលើកទី1 ហើយដែល SCIA បានរៀបចំកម្មវិធីបុណ្យ Halloween ជាមួយនឹងសណ្ឋាគារ Himawari ហើយពួកយើងរីករាយក្នុងការសហការជាមួយនឹងសណ្ឋាគារ Himawari ពីព្រោះពួកគាត់បានជួយជ្រោមជ្រែងសាលារបស់ពួកយើងយ៉ាងខ្លាំង ហើយយើងខ្ញុំសង្ឃឹមថា ក្មេងៗក៏ដូចជាកូនសិស្ស ឪពុកម្តាយនឹងសប្បាយរីករាយជាមួយពិធីបុណ្យ Halloween នេះ ពីព្រោះកម្មវិធីមានសកម្មភាពជាច្រើនរួមមាន គូសមុខ គូសជារូបភាព សិល្បៈដីឥដ្ឋ និងការលេងហ្គេមជាច្រើនប្រភេទផ្សេងៗទៀត យើងខ្ញុំសូមលើកទឹកចិត្តឱ្យក្មេងៗ ក៏ដូចជាឪពុកម្តាយអញ្ជើញចូលរួមជាមួយពួកយើងខ្ញុំ ហើយពួកគាត់ក៏អាចស្លៀកពាក់តាមបែប Halloween ផងដែរ។» លោកបានបន្ថែមទៀតថា «ជាចុងក្រោយតាងនាមខ្ញុំបាទជាអ្នកតំណាងឱ្យសាលា SCIA ដែលជាសាលាអន្តជាតិមួយនៅក្នុងប្រទេសកម្ពុជា ខ្ញុំសូមលើកទឹកចិត្តឱ្យក្មេងៗចូលរួមកម្មវិធីបុណ្យអន្តរជាតិឱ្យបានច្រើន គោលបំណងដែលយើងខ្ញុំបានសហការជាមួយសណ្ឋាគារ Himawari ក្នុងការរៀបចំប្រារព្ធពិធីបុណ្យ Halloween ថ្ងៃនេះពីព្រោះពួកយើងចង់ឱ្យពួកគាត់បានស្គាល់ពីបុណ្យជាលក្ខណៈអន្តរជាតិ ជាពិសេសពួកយើងចង់ឱ្យគាត់បានឈប់សម្រាកពីការសិក្សា និងចំណាយពេលវេលាជាមួយនឹងគ្រួសាររបស់ពួកគាត់»។គួរបញ្ជាក់ផងដែរថា បុណ្យ Halloween ជាកម្មវិធីបុណ្យប្រពៃណីមួយរបស់ប្រជាជនរស់នៅឯបស្ចិមប្រទេសដែលគេតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅចុងខែតុលា ដើម្បីរំឭកដល់ព្រលឹងអ្នកដែលបានចែកឋានទៅ។ ពិធីបុណ្យនេះត្រូវបានគេប្រារព្ធធ្វើឡើងប្រហែលជាង 200ឆ្នាំមកហើយនៅតាមប្រទេសប៉ែកខាងអឺរ៉ុប ដូចជាប្រទេស អ៊ីរ៉ង់ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា អូស្រ្តាលី និងប្រទេសផ្សេងៗទៀត ដែលជាទូទៅគេចូលចិត្តប្រារព្ធធ្វើឡើងនៅចុងសប្តាហ៍ មុន ឬក្រោយថ្ងៃបរិច្ឆេទ។ ចំពោះសកម្មភាពវិញពួកគេតែងតែប្រើផ្លែល្ពៅឆ្លាក់ជារូបក្បាលខ្មោច តុបតែងផ្ទះខ្មោច គូសមុខខ្មោច ស្លៀកពាក់ដូចខ្មោចចម្លែកៗ តុបតែងម្អូបអាហារបែប Halloween និងមានការលេងល្បែងប្រជាប្រិយបែបអឺរ៉ុប ដូចជាកីឡា និងគំនូរជាដើម។

សព្វថ្ងៃនេះពីធីបុណ្យ Halloween មិនមែនមានតែប្រជាជននៅប៉ែកអឺរុបទេដែលប្រារព្ធធ្វើឡើង ប៉ុន្តែនៅប៉ែកខាងអាស៊ី ដូចជា ចិន ថៃ ជប៉ុន ហុងកុង កូរ៉េ ប្រទេសកម្ពុជា និងប្រទេសផ្សេងៗទៀតក៏មានការពេញនិយមច្រើនផងដែរ។ ពីធីបុណ្យនេះវាប្រហាក់ប្រហែលទៅនឹងពិធីបុណ្យភ្ជុំបិណ្ឌនៅក្នុងប្រទេសកម្ពុជាដែរ ព្រោះបុណ្យ Halloween គឺធ្វើឡើងក្នុងគោលបំណងរំឭកដល់សាច់ញាតិដែលបានចែកឋានទៅ ហើយពិធីបុណ្យក៏បានផ្តល់ជាចំណេះដឹងដល់កូនចៅជំនាន់ក្រោយឱ្យរំឭកពីបុព្វការីជនរបស់ពួកគេដែរ។

Advertisement