​គ្លីនិក​ ​Absolute​ ​Health​ ​ផ្សព្វផ្សាយ​ការ​ព្យាបាល​ការបង្កើត​កោសិកា​ថ្មី​ ​និង​ពន្យារ​ភាព​ចាស់​ ​តាម​បច្ចេកវិទ្យា​ទំនើប​

December 2, 2019​ ម៉ោង 8:59 am

សិក្ខាសាលា​ ​ស្តី​ពី​ការ​ព្យាបាល​បង្កើត​កោសិកា​ថ្មី​ឡើងវិញ​ ​និង​ពន្យារ​ភាព​ចាស់​ ​ត្រូវ​បាន​គ្លីនិក​ពហុ​ព្យាបាល​ ​Absolute​ ​Health​ ​នៃ​ព្រះរាជាណាចក្រ​ថៃ​ ​បាន​រៀបចំ​ធ្វើឡើង​ ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែល​ភ្នំពេញ​ភូ​គី​ត្រា​ ​ក្រោម​អធិបតីភាព​លោក​ ​ខៀវ​ ​កា​ញា​រី​ទ្ធ​ ​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ ​និង​លោកជំទាវ​ ​តឹក​រ៉េ​ត​ ​កំ​រ៉ង​ ​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ព្រឹក​ថ្ងៃទី30​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019នេះ​។​

​សិក្ខាសាលា​នេះ​ ​រៀបចំឡើង​ក្នុង​គោលបំណង​ ​ផ្សព្វផ្សាយ​អំពី​អត្ថ​ប្រយោជន៍​នៃ​ការ​ថែរក្សា​សុខភាព​ ​និង​សម្ផស្ស​តាមរយៈ​វិធី​កែប្រែ​ទម្លាប់​នៃ​ការរស់នៅ​ឱ្យ​បាន​ត្រឹមត្រូវ​ ​និង​រួមមាន​ការ​ធ្វើ​បទ​បង្ហាញ​ ​និង​ផ្តល់​ការ​ប្រឹក្សា​យោបល់​អំពី​ការ​ស្តារ​នឹង​ថែរក្សា​សុខភាព​ ​និង​សម្ផស្ស​ ​ពីសំណាក់​ក្រុម​គ្រូពេទ្យ​ជំនាញ​ ​ដែល​បាន​ឆ្លងកាត់​ការ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ ​និង​ទទួល​បាន​សញ្ញាបត្រ​បញ្ជាក់​គុណភាព​ពី​ស្ថាប័ន​នានា​ ​លើ​ពិភពលោក​ ​ដើម្បី​ណែនាំ​អ្នកចូលរួម​ ​អនុវត្ត​ការ​ថែរក្សា​សុខភាព​ ​និង​សម្ផស្ស​ឱ្យ​បាន​ត្រឹមត្រូវ​។​

​ឯកឧត្តម​ ​ខៀវ​ ​កា​ញា​រី​ទ្ធ​ ​បាន​ថ្លែងអំណរគុណ​ដល់​គ្លីនិក​ ​Absolute​ ​Health​ ​ដែល​បាន​ជ្រើសរើស​កម្ពុជា​ ​ដើម្បី​រៀបចំ​សិក្ខាសាលា​ ​ដ៏​មាន​អត្ថ​ប្រយោជន៍​នេះ​ឡើង​ ​ដើម្បី​ចែករំលែក​ចំណេះដឹង​ ​និង​ស្វែងយល់​ពី​ការ​ព្យាបាល​បង្កើត​កោសិកា​ថ្មីនេះ​ឡើង​ដល់​អ្នកចូលរួម​ ​ក៏ដូចជា​ប្រជាជន​កម្ពុជា​។​

​ឯកឧត្តម​ ​បាន​ថ្លែង​ថា​៖​«​គឺជា​ឱកាស​មួយ​ឱ្យ​យើង​បាន​សិក្សា​ ​ស្វែងយល់​ ​ពី​ការ​ព្យាបាល​និង​បង្កើត​ឡើងវិញ​នូវ​កោសិកា​ថ្មី​ដើម្បី​ពន្យារ​ភាព​ចាស់​ ​ដែល​ខ្ញុំ​ជឿ​ថា​កាព្យា​បាល​បែបនេះ​មាន​លក្ខណៈ​ថ្មី​ចំពោះ​ប្រទេស​ ​និង​ប្រជាជន​កម្ពុជា​យើង​។​ខ្ញុំ​សង្ឃឹមថា​អ្នកចូលរួម​ ​នឹង​យកចិត្ត​ទុកដាក់​ ​ស្វែងយល់​ពី​ការ​ព្យាបាល​ថ្មីនេះ​តាមរយៈ​ការ​ធ្វើ​បទ​បង្ហាញ​របស់​វេជ្ជបណ្ឌិត​»​។​
​ឯកឧត្តម​ ​បាន​ជឿជាក់​ថា​ ​ការ​ព្យាបាល​បង្កើត​កោសិកា​ថ្មី​ឡើងវិញ​ ​និង​ពន្យារ​ភាព​ចាស់​នេះ​នឹង​ទទួល​បានការ​ចាប់អារម្មណ៍​ពី​អ្នកចូលរួម​ទាំងអស់​ ​និង​ពិតជា​បាន​រួមចំណែក​ ​ពី​បញ្ហា​ចំណេះដឹង​ ​ផ្នែក​សុខភាព​ជូន​អ្នកចូលរួម​ទាំងអស់​ផង​ដែរ​។​

​លោកជំទាវ​ ​តឹក​រ៉េ​ត​ ​កំ​រ៉ង​ ​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បាន​ចាត់ទុក​ការពង្រីក​សេវាកម្ម​ព្យាបាល​មកកាន់​កម្ពុជា​ ​ថា​ជា​បរិយាកាស​ដ៏​ល្អ​ប្រសើរ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ ​និង​ការ​វិនិយោគ​ពី​ដៃគូ​ ​ដូចជា​គ្លីនិក​ពហុ​ព្យាបាល​ ​Absolute​ ​Health​ ​នៃ​ព្រះរាជាណាចក្រ​ថៃ​នេះ​។​ ​ដោយហេតុថា​សិក្ខាសាលា​នេះ​មិន​ត្រឹមតែ​ផ្តល់​ការសិក្សា​ស្វែងយល់​នៃ​ការ​ព្យាបាល​ទេ​ ​តែ​ថែមទាំង​ផ្តល់​ឱកាស​ដល់​ធុរកិច្ច​នៃ​ប្រទេស​ទាំងពីរ​ ​អាច​សហការ​គ្នា​ ​ដើម្បី​ផ្តល់​សេវាកម្ម​ព្យាបាល​ឱ្យ​កាន់តែ​ប្រសើរ​ ​ដល់​ប្រជាជន​នៅក្នុង​តំបន់​។​

​លោក​វេជ្ជបណ្ឌិត​ ​CHATCHAI​ ​SRIBUNDIT​ ​អគ្គនាយក​ក្រុមហ៊ុន​ ​Absolute​ ​Health​ ​Groupបាន​គូសបញ្ជាក់​ថា​៖​«​ខ្ញុំ​មាន​សេចក្តី​រីករាយ​ក្នុង​ការស្វែងរក​ដៃគូ​សហការ​នៅ​កម្ពុជា​ដើម្បី​ធានា​ឱ្យ​បាន​ថា​ប្រជាជន​នៅក្នុង​តំបន់​ ​ទទួលយក​បានការ​ព្យាបាល​ដែល​មានគុណ​ភាព​»​។​

​លោក​វេជ្ជបណ្ឌិត​ ​CHATCHAI​ ​SRIBUNDIT​ ​បាន​បន្ថែម​ថា​ ​Absolute​ ​Health​ ​គឺជា​គ្លីនិក​ដែល​ឈានមុខ​គេ​ ​នៅ​ប្រទេស​ថៃ​ ​និង​មាន​ក្រុម​គ្រូពេទ្យ​ជំនាញ​ពោរពេញ​ដោយបទ​ពិសោធន៍​ ​ដែល​ផ្តល់​នូវ​ទំនុកចិត្ត​ជូន​អតិថិជន​នូវ​ការ​ព្យាបាល​ឆ្លើយតបទៅនឹង​តម្រូវការ​ផ្នែក​សុខភាព​ ​គ្រប់​ផ្នែក​ ​គ្រប់​ដំណាក់កាល​ ​ចាប់តាំងពី​ការពិនិត្យ​វិភាគ​សុខភាព​លក្ខណៈ​ជា​រួម​ ​ដើម្បី​រក​ឱ្យ​ឃើញ​នូវ​មូលហេតុ​នៃ​ជំងឺ​យ៉ាង​ស៊ីជម្រៅ​ ​ការពិនិត្យ​វិភាគ​ជំងឺរ៉ាំរ៉ៃ​នានា​ ​ការថែទាំ​សុខភាព​ក្នុង​ន័យ​ការពារ​ជំងឺ​ ​និង​ពន្យារ​ភាព​ចាស់​ ​ព្រម​ជាមួយនឹង​សេវា​ ​ប្រកបដោយ​ភាព​ងាយស្រួល​កក់ក្តៅ​ ​យកចិត្ត​ទុកដាក់​គ្រប់​ដំណាក់កាល​ទាំងអស់​នៃ​ការ​ព្យាបាល​។​

​លើស​ពីនេះ​ទៅទៀត​ ​ក្រុម​គ្រូពេទ្យ​ជំនាញ​ ​មិន​ត្រឹមតែ​បំពេញ​តួនាទី​ ​ជា​គ្រូពេទ្យ​ព្យាបាល​ប៉ុណ្ណោះទេ​ ​ថែមទាំង​បំពេញ​ ​តួនាទី​ជាទី​ប្រឹក្សា​ផ្នែក​សុខភាព​ផ្ទាល់ខ្លួន​ ​ដើម្បី​ជា​វិធី​សាស្រ្ត​គាំទ្រ​សុខភាព​ដ៏​ល្អ​ចំពោះ​អ្នកជំងឺ​ក្នុងរយៈពេល​វែង​ទៀតផង​។​
​សូម​បញ្ជាក់​ថា​ ​គ្លីនិក​ ​Absolute​ ​Healthនេះ​ ​បាន​សង្កត់ធ្ងន់​លើ​ការ​ព្យាបាល​ឱ្យ​ចំ​មូលហេតុ​ពិត​នៃ​ជំងឺ​ ​ការថែទាំ​សម្រស់​ស្បែ​ក​ពន្យារ​រ​ភាព​ចាស់​និង​ការ​បន្តឹង​ស្បែក​និ​ងរាង្គ​កាយ​ដើម្បី​ឱ្យ​អ្នកមាន​ភាព​ស្រស់​ស្អាត​ដូច​ធម្មជាតិ​ ​ប្រើ​បច្ចេកវិទ្យា​ព្យាបាល​ដោយ​ចលនា​ ​និង​ស្តារ​ដោយ​វេជ្ជសាស្ត្រ​ ​ដោយ​ប្រើ​កាំរស្មី​ឡាស៊ែរ​រលក​ ​shock​ ​wave​ ​រលក​ម៉ាញ៉េ​ទិច​ ​ដើម្បី​ព្យាបាល​ដោយ​គ្មាន​ការឈឺចាប់​។​

​ជាពិសេស​ ​ការពារ​មិន​ឱ្យ​មាន​ជំងឺ​ដោយ​ឧបករណ៍​ ​និង​បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ​ ​គ្រប់​ដណ្តប់​គ្រប់​ប្រព័ន្ធ​ដំណើរការ​រាងកាយ​ ​ស្តារ​និង​ព្យាបាល​ជំងឺ​ដោយ​វិធី​កែប្រែ​ទម្លាប់​ការរស់នៅ​ ​លាង​ជាតិពុល​ប្រើប្រាស់​សារធាតុ​ចិញ្ចឹម​ ​វីតាមីន​និង​ជាតិ​អ៊ីយ៉ុង​ ​ការ​មើលថែ​ផ្នែក​ចំណីអាហារ​ការថែទាំ​សម្រស់​ស្បែក​ ​និង​ពន្យារ​ភាព​ចាស់​ចំពោះ​បុគ្គល​យ៉ាង​មាន​អនាម័យ​៕​