ក្រុមហ៊ុន CPL និង CCC រៀបចំកម្មវិធីជួបជុំគ្រួសារដើម្បីភ្ជាប់ក្តីស្រឡាញ់ និងទំនាក់ទំនងល្អ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន CPL បានរៀបចំ​កម្មវិធី BBQ នៅ​ Cambodian Country Club (CCC) ដើម្បី​ផ្តល់ឱកាសឱ្យ​អ្នកវិនិយោគ សហគ្រិន និង​អ្នកទិញ​អចលនទ្រព្យ​បានជួបជុំគ្នា និង​ចំណាយពេលវេលាដ៏មានតម្លៃជាមួយក្រុមគ្រួសាររបស់ពួកគេ។

ខុសពីកម្មវិធីនានាដែលធ្វើឱ្យ​អាណាព្យាបាល និងកូនៗមិនបាននៅជួបជុំគ្នា តែកម្មវិធីដែលរៀបចំឡើងដោយ CPL និង CCC នេះ ត្រូវបានបង្កើតឡើងក្នុង​បរិយាកាស​ដ៏អស្ចារ្យមួយ គឺបញ្ចូលគ្នារវាងពិភព2 គឺអាណាព្យាបាល និងកូនៗ ជាមួយនឹងកម្មវិធីទំនាក់ទំនងដ៏ល្អក្នុងអាជីវកម្ម ក៏ដូចជា​អ្នករកស៊ីផ្នែកអចលនទ្រព្យដែរ។ កម្មវិធីនេះ​មានការចូលរួមពីភ្នាក់ងារអចលនទ្រព្យ និង​ក្រុមគ្រួសារដ៏គួរឱ្យគោរពរបស់ពួកគេ ដែលអនុញ្ញាតឱ្យគេ​រីករាយជាមួយនឹងក្រុមគ្រួសារ​ប្រកបដោយភាពកក់ក្តៅ។

ភ្ញៀវដែលអញ្ជើញចូលរួមកម្មវិធីទាំងអស់ ​ត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ពីក្រុមការងារ​របស់ CPL និង​ទទួលបានការផ្ដល់ជូននូវកម្មវិធីជាច្រើនពី CCC ដែលមានដូចជាការលេង tennis, badminton, ការជិះសេះ ការរៀបចំសិល្បៈប៉ឺតប៉ោង គំនូរ​លើមុខ និង​ការជិះសេះតូចៗសម្រាប់កុមារ (pony riding)ផងដែរ។

លោកឧកញ៉ា ចេង ខេង អគ្គនាយក និងជាស្ថាបនិកនៃក្រុមហ៊ុន CPL បានថ្លែងសុន្ទរកថាស្វាគមន៍ដោយបង្ហាញពីចក្ខុវិស័យរបស់ក្រុមហ៊ុន CPL និងពន្យល់ពីអនាគតដ៏ប្រសើររបស់ប្រទេសដែលពឹងផ្អែកលើ​សមត្ថភាពរបស់មនុស្ស​ជាច្រើនក្រុម ដែលរួបរួមគ្នា​ដើម្បីលើកស្ទួយកំណើនសេដ្ឋកិច្ច ដោះស្រាយបញ្ហាប្រឈម និង​ជំរុញឱកាសពាណិជ្ជកម្ម​ឱ្យកាន់តែប្រសើរនៅក្នុងទីផ្សារបច្ចុប្បន្ន។ លោកឧកញ៉ា ក៏បាន​ចែករំលែកផងដែរ ពីការងារ​នៅក្នុងវិស័យ​អចលនទ្រព្យ និងអត្ថប្រយោជន៍​នៃការប្រើប្រាស់​បច្ចេកវិទ្យារបស់ប្រទេសអ៊ីស្រាអែល ដែលនឹងនាំមកកម្ពុជាក្នុងពេលឆាប់ៗនេះដើម្បី​ជួយកសិករក្នុងការអភិវឌ្ឍសកម្មភាព និងសមត្ថភាពរបស់ពួកគាត់។

ស្របជាមួយគ្នានេះដែរ ដៃគូគម្រោងដ៏សំខាន់មួយរបស់ក្រុមហ៊ុន CPL Morgan En Mainson បានធ្វើបទបង្ហាញពីចក្ខុវិស័យនៅក្នុងការអភិវឌ្ឍ​អចលនទ្យព្យនៅកម្ពុជា ក៏ដូចជា​កាលានុវត្តភាពពាណិជ្ជកម្ម​នៃ​គម្រោងអភិវឌ្ឍន៍ប្រកបដោយសក្តានុពលរបស់គាត់ថ្មីៗនេះផងដែរ។

អ្នកនាង Lea Bogatin នាយិកាផ្នែកលក់ និង​ទីផ្សារនៃក្រុមហ៊ុន CPL បានលើកឡើងថា ទីផ្សារអចលនទ្រព្យបច្ចុប្បន្ននេះ មានភាពប្រែប្រួល មនុស្សមិនមែនគ្រាន់តែចង់បានឱកាសវិនិយោគ​ល្អនោះទេ តែពួកគេក៏ចង់បាន​សេវាកម្មជូនចំពោះអតិថិជនដ៏ល្អផងដែរ ដែលនេះជាចំណុចសំខាន់សម្រាប់យើងទាំងអស់គ្នាក្នុងការយកចិត្តទុកដាក់។ ដោយហេតុនេះហើយ ទើបយើងបានផ្លាស់ប្តូរជាវិជ្ជមានឆ្ពោះទៅរកចរន្តនៃការរៀបចំសកម្មភាពល្អ និងរៀបចំគម្រោង​ដោយមានភាពល្អឯកផ្ទាល់ខ្លួន ដើម្បីបង្ហាញទៅសាធារណជនឱ្យឃើញពីភាពល្អប្លែកគេរបស់យើងនេះ៕

 

Advertisement