កម្មវិធីទូរស័ព្ទដៃទន្លេសាបអ្នកលក់ ជាទីផ្សារលក់ផលិតផលកសិកម្មអនឡាញ

ភ្នំពេញ៖ កម្មវិធីទូរស័ព្ទដៃទន្លេសាបអ្នកលក់នឹងជួយឲ្យកសិករ និងអ្នកផ្គត់ផ្គង់ផលិតផលកសិកម្មងាយស្រួលលក់ជាងមុន ចំណាយតិច ចំណេញពេលវេលា បង្កើនការលក់ ជាពិសេសធ្វើឲ្យអតិថិជនស្គាល់ផលិតផលរបស់អ្នកកាន់តែទូលំទូលាយ។

កម្មវិធីទូរស័ព្ទដៃទន្លេសាបអ្នកលក់ ត្រូវបានបង្កើតឡើង និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងសិក្ខាសាលាស្តីអំពី “កម្មវិធីទូរស័ព្ទដៃទីផ្សារអនឡាញសម្រាប់អ្នកផ្គត់ផ្គងផលិតផលកសិកម្ម និងវឌ្ឍនភាពនៃកម្មវិធីទូរស័ព្ទដៃទន្លេសាប” ប្រព្រឹត្តទៅនៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១៩ នៅផ្សារទំនើបអ៊ីអន១ ក្នុងរាជធានីភ្នំពេញ  ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនដូចជា កសិករ ​អ្នកផ្គត់ផ្គង់សម្ភារៈកសិកម្ម អ្នកលក់ផលិតផលកសិកម្ម អ្នកជំនាញបច្ចេកទេសកសិកម្ម ស្ថាប័នក្រសួងពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍  អង្គការក្រៅរដ្ឋាភិបាល និងអ្នកសារព័ត៌ជាច្រើនផងដែរ។

សិក្ខាសាលានេះ​ រៀបចំឡើងដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្នុងគោលបំណងជួយផ្សព្វផ្សាយពីកម្មវិធីទូរស័ព្ទដៃទន្លេសាបអ្នកលក់ថ្មីមួយនេះ ដែលបង្កើតឡើងដើម្បីជួយជម្រុញការដាក់លក់ផលិតផលកសិកម្មសម្បូរបែបតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ឬទីផ្សារអនឡាញ។ កសិករ និងអ្នកផ្គត់ផ្គង់ផលិតផលកសិកម្ម  អាចចុះឈ្មោះដោយផ្ទាល់នៅលើកម្មវិធីទូរស័ព្ទដៃទន្លសាបអ្នកលក់  ដើម្បីលក់ផលិតរបស់ខ្លួន  អាចទទួល​ និងគ្រប់គ្រងការបញ្ជាទិញផលិតផលរបស់ខ្លួនដោយផ្ទាល់តាមកម្មវិធីនេះ ដាក់លក់គ្រប់មុខផលិតផលតាមអនឡាញបានយ៉ាងងាយស្រួល​  ធ្វើការផ្សព្វផ្សាយ និងលក់ផលិតផលទៅកាន់ទីផ្សារធំទូលាយជាងមុន ព្រមទាំងបង្កើនបរិមាណលក់ និងអតិថិជនកាន់តែប្រសើរឡើង។​

សម្រាប់កម្មវិធីទូរស័ព្ទដៃទន្លេសាបដែលជាកម្មវិធីផ្តល់ចំណេះដឹងកសិកម្មដំបូងគេនៅកម្ពុជាដែលបានដាក់ឲ្យប្រើប្រាស់កាលពីដើមឆ្នាំ ២០១៩ ទោះក្នុងរយៈពេលខ្លីក៏ពិតមែន តែកម្មវិធីនេះកំពុងទទួលបានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់ជាច្រើនមានចំនួនជិត១ម៉ឺននាក់ ពិសេសគឺ កសិករ និងអ្នកគំាទ្រផលិផលកសិកម្មក្នុងស្រុកតែម្តង។ គោលបំណងនៃអ្នកប្រើប្រាស់កម្មវិធីទូរស័ព្ទដៃទនេ្លសាបភាគច្រើនបំផុត គឺដើម្បីរៀនពីបច្ចេកទេសកសិកម្មពីការដាំដំណាំ និងចញ្ចឹមសត្វ ទទួលព័ត៌មានទីផ្សារ និងដំណោះស្រាយផ្សេងៗពាក់ព័ន្ធនឹងបច្ចេកទេសកសិកម្មពីអ្នកជំនាញ ទទួលបានការចែករំលែកបទពិសោធន៍ពីកសិករជោគជ័យ តម្លៃផលិតផលកសិកម្ម អ្នកផ្គត់ផ្គង់សម្ភារៈឧបករណ៍កសិកម្ម និងព័ត៌មានពីសេវាហិរញ្ញវត្ថុផ្សេងៗផងដែរ។​ វឌ្ឍនភាពនៃកម្មវិធីទូរស័ព្ទដៃទន្លេសាបនេះនឹងរួមបញ្ចូលមុខងារបន្ថែមមួយចំនួនរួមមាន  អ្នកប្រើប្រាស់នឹងទទួលបានព័ត៌មានពីបំរែបំរួលអាកាសធាតុ បញ្ជាទិញគ្រប់មុខផលិតផលកសិកម្មបានតាមតម្រូវការ ព្រមជាមួយការដឹកជញ្ជូនដល់ទីកន្លែងផងដែរ។ កម្មវិធីទូរស័ព្ទដៃទន្លេសាបទាំងពីរនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ដោយឥតគិតថ្លៃលើ App Store ប្រព័ន្ធ (iOS) និង Play Store ប្រព័ន្ធ Android។​

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានឱ្យដឹងថា “ ដោយសារកម្មវិធីទូរស័ព្ទដៃទន្លេសាបមានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់ និងមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា អង្គការជាតិ និងអន្តរជាតិជាច្រើននោះ អេ អឹម ខេ បានសម្រេចបង្កើតកម្មវិធីទូរស័ព្ទដៃទន្លេសាបអ្នកលក់ ថ្មីមួយទៀតដើម្បីជួយគាំទ្រដល់ការលក់របស់អ្នកផ្គត់ផ្គង់ផលិតផលកសិកម្ម​ និងអ្នកទិញផងដែរ។ យើងសង្ឃឹមថា កម្មវិធីទូរស័ព្ទដៃទន្លេសាបអ្នកលក់ដែលទើបបង្កើតឡើងនេះនឹងក្លាយជាទីផ្សារអនឡាញមួយ ដែលអាចជួយកសិករខ្មែរយើងពង្រីកទីផ្សារបានធំជាងមុន និងអាចបង្កើនប្រាក់ចំណូលឲ្យបានប្រសើរជាងមុន តាមរយៈការផ្សារភ្ជាប់រវាងតួអង្គនៃខ្សែច្រវាក់ផ្គត់ផ្គង់កសិកម្មពី អ្នកផ្គត់ផ្គង់សម្ភារកសិកម្ម អ្នកផលិត អ្នកទិញលក់ផ្ទាល់បានជួបគ្នា ព្រោះ អេ អឹម ខេ ផ្តួចផ្តើមបង្កើតកម្មវិធីទូរស័ព្ទដៃទន្លេសាបនេះឡើង គឺដើម្បីជួយលើកម្ពស់វិស័យកសិកម្មនៅកម្ពុជា និង កាត់បន្ថយភាពក្រីក្រផងដែរ។”

កម្មវិធីទូរស័ព្ទដៃទន្លេសាបត្រូវបានផ្តួចផ្តើម និងបង្កើតឡើងដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  និងគាំទ្រសហការមូលនិធិដោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គម្រោងមូលនិធិការបង្កើតថ្មីសម្រាប់កាត់បន្ថយភាពក្រីក្រ (IAP) ដែលសហការអនុវត្តរួមគ្នាដោយ SIDA, SNV, IB Sweden និង BoP Inc.  និងគម្រោងហាវែស II នៃទីភ្នាក់ងារជំនួយអាមេរិក USAID ហើយគម្រោងមានគោលដៅសំខាន់បំផុត គឺដើម្បីជួយកាត់បន្ថយភាពក្រីក្រ និងជម្រុញកំណើនសេដ្ឋកិច្ចតាមរយៈការលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្មដែលស្របទៅនឹងទិសដៅរបស់រាជរដ្ឋាភិបាល និងសម័យបច្ចេកវិទ្យាទូរស័ព្ទ ដើម្បីជួយផ្តល់ជាចំណេះដឹងផ្នែកកសិកម្មដល់កសិករកម្ពុជាផងដែរ។

អេ អឹម ខេ គឺជា​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលឈានមុខគេ​លើវិសាលភាព​ប្រតិ​បត្តិការ និងចំនួនអតិថិជន​ប្រាក់កម្ចី និងចាប់ផ្តើមពង្រីកសេវា​ផ្ទេរប្រាក់ តាំងពីឆ្នាំ ២០១១ មកម្លេះ ។ គិតត្រឹម​​ខែតុលា ឆ្នាំ ២០១៩ អេ អឹម​ ខេ មានអតិថិជនសរុបចំនួនជាង ៨៨ម៉ឺននាក់ ជាមួយនឹង​ផល​ប័ត្រ​​ប្រាក់​កម្ចីជាង ៣១៥ លាន​ដុល្លារ​អា​មេ​រិក និងប្រាក់​បញ្ញើជាង១៧៧ លានដុល្លារអាមេរិក មានការិយាល័យ​ប្រតិ​បត្តិការ​ចំនួន ១៤៩ កន្លែង និង​មានភ្នាក់ងារ​ជាង​​ ៥០០០ កន្លែងនៅ​ទូទាំង​​​ប្រទេស។  អេ អឹម ខេ មានផលិតផល និងសេវា​កម្ម​​​ជាច្រើនកំពុង​ផ្តល់ជូន​អតិថិជន​ដូចជាសេ​​វា​ប្រាក់កម្ចី  ប្រាក់សន្សំ  សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ ធានារ៉ាប់រង​ខ្នាត​តូច ធនាគារ​ចល័ត  សេវា​បើក​​ប្រាក់​បៀវត្សរ៍  ម៉ាស៊ីនដក និង​ដាក់​​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATMs/CDMs)។

Advertisement