ប្រា​សាក់​ សម្ពោធ​អគារ​បណ្ណាល័យ​ 4ខ្នង​ព្រមគ្នា​ក្នុង​ថ្ងៃ​តែមួយ​នៅ​ខេត្តកំពង់ធំ​

ខេត្តកំពង់ធំ៖ ក្នុងការបន្តចូលរួម​ជំរុញ​វប្បធម៌អានរបស់​សិស្សានុសិស្ស ​ និងអភិវឌ្ឍ​ធនធាន​មនុស្សនៅកម្ពុជា
អគារ​បណ្ណាល័យស្តង់ដារចំនួន 4 ខ្នង ដែលបានសាងសង់និងបំពាក់សៀវភៅនិងបរិក្ខាររួចរាល់
ដោយប្រើមូលនិធិ​នៃគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ប្រាសាក់ ត្រូវ​បានដាក់សម្ពោធ​ឱ្យ​ប្រើប្រាស់​​ជា​ផ្លូវ​ការកាលពីរសៀល​ថ្ងៃទី 13
ខែធ្នូ ឆ្នាំ 2019 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ​ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា។

ពិធីសម្ពោធនេះប្រារព្ធធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យកំពង់ថ្ម ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ
ដើម្បីជានិមិត្តរូបនៃការដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារបណ្ណាល័យទាំង 4
ខ្នងដែលស្ថិតនៅទីតាំងសាលាផ្សេងគ្នារួមមាន បណ្ណាល័យនៅ វិទ្យាល័យ កំពង់ថ្ម , វិទ្យាល័យ ហ៊ុន សែន សណ្តាន់ , វិទ្យាល័យ
ហ៊ុន សែន រុងរឿង និងវិទ្យាល័យ ជា ស៊ីម ប្រឡាយ
ដែលស្ថិតនៅទឹកដីខេត្តកំពង់ធំ ជាមួយនឹងសម្ភារៈបរិក្ខារបណ្ណាល័យយ៉ាងច្រើន និងសៀវភៅអានប្រមាណជា 12000 ក្បាល។

ចូលរួមជាគណៈអធិបតីក្នុងពិធីនេះផងដែរ រួមមាន ​ឯកឧត្ដម ព្រឹម រដ្ឋា អភិបាលរង នៃគណៈអភិបាល​ខេត្ត​កំពង់ធំ
លោក ឃឹម សារិន តំណាងក្រសួងអប់រំ យុវជន និងកីឡា លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ
លោក ទឹម រតនា នាយកសាខា ធនាគារជាតិនៃកម្ពុជា ប្រចាំខេត្តកំពង់ធំ និងលោក ស៊ីម សេនាជាតិ ប្រធាននាយកប្រតិបត្តិ
នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ព្រមទាំង លោកអភិបាល នៃគណៈអភិបាលស្រុកសន្ទុក ស្រុកស្ទោង និងស្រុកសណ្ដាន់
អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាជនប្រមាណជា 1500 នាក់។

លោក ឃឹម សារិន តំណាងក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ
និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រាសាក់ ដែល​បាន​កសាងអគារ​បណ្ណាល័យជាច្រើនដល់រហូតដល់ 41
ខ្នងនៅទូទាំងប្រទេស ដើម្បី​រួម​ចំណែក​លើកស្ទួយ​វិស័យអប់រំ និងធនធានមនុស្សនៅ​កម្ពុជា​។
ប្រាសាក់បានឆ្លើយតបត្រូវនឹងតម្រូវការ​របស់ក្រសួង​ដែលត្រូវការអគារបណ្ណាល័យស្ដង់ដារដាច់ដោយឡែកនៅតាមសាលារៀន
នានា ដែលបំពាក់ដោយសៀវភៅ និងសម្ភារៈបរិក្ខារគ្រប់គ្រាន់ ដែលកាលពីមុនសាលារៀនត្រូវយកបន្ទប់នៃអគារសិក្សា
ឬអគារទីចាត់ការមួយផ្នែកមកធ្វើជាបណ្ណាល័យ ដែលមានលក្ខណៈតូចចង្អៀត​មិនអំណោយ​ផលដល់ការអាន។

ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ
ក៏បានមានប្រសាសន៍ថ្លែងអំណរគុណ​ចំពោះប្រាសាក់ដែលបានផ្ដល់ជាអគារបណ្ណាល័យរហូតដល់ 7
ខ្នងដល់ទឹកដីខេត្តកំពង់ធំ។
ឯកឧត្ដមសង្ឃឹមថាសិស្សានុសិស្សទាំងអស់នៅតាមបណ្ដាសាលារៀនទាំងនេះ​នឹងខិតខំរៀនសូត្របង្កើនសមត្ថភាពនិងចំណេះដឹ
ង​ខ្លួន​តាម​រយៈការចូលអាន​នៅក្នុងបណ្ណាល័យ​ក៏ដូចជាការខ្ចីសៀវភៅយកទៅអាននៅផ្ទះ
ហើយឯកឧត្ដមក៏បានអំពាវនាវ​ឱ្យ​សិស្សានុសិស្ស​ត្រូវចេះចូលរួមថែរក្សាបណ្ណាល័យ​នេះ​បានល្អគង់វង្ស​រហូតទៅ។

មានប្រសាសន៍សំណេះសំណាលនៅក្នុងពិធីនេះ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា
បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រាសាក់ដែលបានផ្តល់សមិទ្ធផលអគារបណ្ណាល័យទាំងនេះ
ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការអប់រំ ព្រោះការអភិវឌ្ឍប្រទេសជាតិ គឺផ្អែកទៅលើការអភិឌ្ឍធនធានមនុស្សជាចាំបាច់។
ឯកឧត្ដមបន្តថា វិស័យមីក្រូហិរញ្ញវត្ថុអាចរីកចម្រើនទៅបានអាស្រ័យលើចំណេះដឹងរបស់អតិថិជន ជាពិសេសចំណេះដឹង​ផ្នែកហិរញ្ញវត្ថុ និងចំណេះដឹង​ផ្នែកជំនួញជួញដូរ ដោយពួកគាត់ត្រូវចេះគិត ចេះពិចារណា ចេះប្រកបរបរ
និងចេះ​ប្រើប្រាស់កម្ចីឱ្យ​បាន​ត្រឹមត្រូវ​ទើបទទួលបានជោគជ័យនិងរីកចម្រើន។ ពេលអតិថិជនទទួលបាន​បានជោគជ័យ
នោះទើបស្ថាប័នមីក្រូហិរញ្ញវត្ថុទទួលបានជោគជ័យផងដែរ។ ហេតុនេះ​យើងត្រូវខិតខំក្រេបយកចំណេះដឹងតាមរយៈការស្ដាប់ គិត សួរ និងសរសេរ (សុ ចិ បុ លិ) ព្រមទាំងការអានផងដែរ
ដូចនេះសិស្សានុសិស្ស អាចស្រាវជ្រាវ និងបង្កើនចំណេះដឹងបន្ថែមតាមរយៈ បណ្ណាល័យ នេះ។ ឯកឧត្ដម​ក៏បានលើកឡើងផងដែរថា
សមិទ្ធផល​ដែល​បានកើតឡើង​នៅពេលនេះ គឺកើតឡើងដោយសារសុខសន្តិភាព និងស្ថិរភាពនយោបាយ​នៅប្រទេសកម្ពុជាយើង
ដែលផ្ដល់ឱកាសឱ្យ​យើងបាន​រៀនសូត្រ និងប្រកបរបរទទួលទាន​ចិញ្ចឹមជីវិត​បាន​ដោយសុខដុមរមនា។
ឯកឧត្ដមបានផ្ដាំផ្ញើ​សិស្សានុសិស្ស​ទាំងអស់​ត្រូវខិតខំរៀនសូត្រ ពង្រឹងសមត្ថភាព និងត្រូវ​ស្រលាញ់ចូលចិត្តការអាន
ដើម្បីអនាគតដ៏ភ្លឺស្វាង។

អំពី​ប្រា​សាក់​ និងគម្រោងបណ្ណាល័យប្រាសាក់

ប្រា​សាក់​ ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុលំដាប់ទីមួយក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងជា​ស្ថាប័ន​មួយ​ក្នុងចំណោម​ធ​នា​គារ​ធំៗ​ទាំង​ ​5​
​នៅ​កម្ពុជា ​ដោយផ្តល់​សេវា​ហិរញ្ញវត្ថុ​ជូន​ដល់​អតិថិជន​ ​រួមមាន​៖​ ​សេវា​ឥណទាន​ ​ប្រាក់បញ្ញើ​សន្សំ​
​ទូទាត់​វិក្កយបត្រ​ទឹក​ ​ទូទាត់​វិក្កយបត្រ​ភ្លើង​ សេវាហិរញ្ញវត្ថុឌីជីថល ​​ផ្ទេរ​ប្រាក់​
ដកប្រាក់តាមម៉ាស៊ីនអេធីអឹមប្រាសាក់ទោះជាគ្មានប័ណ្ណអេធីអឹម ​ប្តូរ​ប្រាក់​ ​ទិញ​កាត​ទូរស័ព្ទ​ ​បើកប្រាក់​បៀវត្ស​
​សេវា​ទូទាត់​រហ័ស​ ​អេ​ធី​អឹម​ សេវា​ធនាគារ​ចល័ត ​ម៉ាស៊ីន​ឆូត​កាត​ ម៉ាស៊ីនដាក់ប្រាក់ សេវាខេមបូឌានស៊ែរស្វ៊ីច (CSS)
សេវាទូទាត់ប្រព័ន្ធបាគង ​និង​សេវា​ហិរញ្ញវត្ថុ​ដទៃ​ផ្សេង​ៗ​ទៀត​ ​ជាមួយនឹង​បណ្តាញ​ការិយាល័យ​ជិត​ 200​ ​ទីតាំង​
​ព្រមទាំងបុគ្គលិកជិត 9,000 នាក់។

ស្របតាមទស្សនវិស័យ និងបេសកកម្មរបស់ខ្លួន ក៏ដូចជាដើម្បីថ្លែងអំណរគុណចំពោះអតិថិជនដែលបានគាំទ្រនិងប្រើប្រាស់ផលិ
តផលនិងសេវារបស់ប្រាសាក់នាពេលកន្លងមក ប្រាសាក់បានបង្កើតនិងចូលរួមកម្មវិធីសង្គមជាច្រើន ដូចជា
កម្មវិធីជំនួយសង្គ្រោះបន្ទាន់សម្រាប់គាំពារអតិថិជនដែលទទួលរងផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិនិងគ្រោះថ្នាក់ផ្សេងៗ
កម្មវិធីមនុស្សធម៌ និងការឧបត្ថម្ភសកម្មភាពសង្គមនានា ជាពិសេសនោះគឺការចូលរួមចំណែកបណ្ដុះវប្បធម៌អាន
តាមរយៈ «គម្រោងបណ្ណាល័យប្រាសាក់»។

សម្រាប់អគារបណ្ណាល័យនៅវិទ្យាល័យទាំង 4 នេះស្ថិតក្នុងចំណោមអគារបណ្ណាល័យទាំងអស់ 41 ខ្នង
ដែលប្រាសាក់បានសាងសង់ជូនបណ្ដាសាលារៀននានានៅទូទាំងកម្ពុជា។ ប្រាសាក់​មិន​ត្រឹម​តែ​ផ្ដល់​តួ​អគារបណ្ណា
ល័យ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​​ឧបត្ថម្ភ​ការបំពាក់​ធនធាន​សម្ភារៈឯកសារ
និង​ការបណ្ដុះបណ្ដាល​បណ្ណារក្សថែមទៀតផងដើម្បី​ឱ្យ​បណ្ណាល័យ​នេះដំណើរការបានដោយ​រលូន​
ក្រោមកិច្ច​សហការពីនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា​។
អគារបណ្ណាល័យនេះ ជានិមិត្តរូបមិនចេះរីងស្ងួត និងមិនចេះសាបសូន្យនៃទំនាក់ទំនង
និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក រវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ និងអតិថិជន
ក៏ដូចជាប្រជាជនក្នុងសហគមន៍ទាំងមូល

ហើយបណ្ណាល័យនេះក៏ជាកេរមរតករបស់ប្រាសាក់សម្រាប់ទុកជូនសិស្សានុសិស្សដែលជាកូនចៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ទាំងបច្ចុប្បន្ន និងអនាគត។

Advertisement