ធនាគារអេស៊ីលីដា និង Wing ប្រកាសដំណើរការកិច្ចសហប្រតិបត្តិការសេវាផ្ទេរប្រាក់

ធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារឯកទេស វីង(ខេមបូឌា)លីមីធីត កាលពីថ្ងៃទី15 ខែមករា ឆ្នាំ2020នេះ បានប្រកាសជាសាធារណៈស្តីអំពី ពិធីដាក់ឱ្យដំណើរការកិច្ចសហប្រតិបត្តិការ សេវាផ្ទេរប្រាក់ រវាងធនាគារទាំង2 ដោយមានការចូលរួមពីលោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយក​ប្រតិបត្តិធនាគារ អេ​ស៊ី​លីដា ភីអិលស៊ី និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ ឯកទេស វីង ឬ Wing(ខេម​បូឌា)លីមីធីត ព្រមទាំងថ្នាក់ដឹកនាំរបស់ស្ថាប័នទាំង2។

លោកបណ្ឌិត អ៊ិន ចាន់នី បានមានប្រសាសន៍ថា៖«ធនាគារអេស៊ីលីដា ភីអិលស៊ី មានសេចក្តី​សោម​​នស្សរីករាយ ដែលធនាគារឯកទេស វីង(ខេមបូឌា)លីមីធីត បានចាប់ដៃគូជា​យុទ្ធ​សាស្រ្ត ក្នុង​កិច្ចសហប្រតិបត្តិការជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងការបម្រើសេវាផ្ទេរ និង​ទូទាត់ប្រាក់​របស់​​ស្ថាប័នទាំង2 ឱ្យកាន់តែទូលំទូលាយថែមទៀត»។

លោកបណ្ឌិតបានថ្លែងថា លើសពីនោះទៀត ដើម្បីលើកកម្ពស់ក្នុងការពង្រីកប្រតិបត្តិការ​របស់ធនា​​​គារទាំង2 ឱ្យកាន់តែទំនើបប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ថែមទៀត ដោយ​អនុ​ញ្ញាត​ឱ្យអតិថិជនរបស់ធនាគារទាំង2 អាចធ្វើការផ្ទេរ និងទូទាត់ប្រាក់រវាងគ្នា និងគ្នា។

ប្រធាន​នាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានឱ្យដឹងថា សមិទ្ធផលនេះបាន​ផ្តល់​អត្ថ​ប្រយោជន៍​យ៉ាងច្រើនដល់អតិថិជន និងសាធារណជន និងគាំទ្រដល់ការរីកលូត​លាស់របស់​អតិ​ថិ​​​​ជន ជាមួយនឹងការកាត់បន្ថយចំណាយ និងហានិភ័យ។

កិច្ចសហប្រតិបត្តិការរវាងធនាគារទាំង2 គឺក្នុងគោលបំណងដើម្បីបង្កើនភាពងាយស្រួលជូនដល់អតិថិជនក្នុងការធ្វើប្រតិបត្តិការដូចជា៖

1- ផ្ទេរប្រាក់ រវាងគណនី Core Banking របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងគណនីវីង។
2- ផ្ទេរប្រាក់ រវាងគណនីអេស៊ីលីដា យូនីធី ទាន់ចិត្ត និងគណនីវីង
3- ទូទាត់សំណងឥណទានទៅកាន់គណនី Core Banking របស់ធនាគារ អេស៊ីលីដា ភីអិ

លស៊ី តាមរយៈភ្នាក់ងារ Wing។ នេះជាការបញ្ជាក់បន្ថែមរបស់លោកបណ្ឌិត អ៊ិន ចាន់នី។

ជាមួយគ្នានោះដែរ លោកបណ្ឌិតអ៊ិន ចាន់នី បានលើកឡើងថា ឥឡូវនេះ អតិថិជនឥណទាន និងអតិ​ថិ​ជនដែលមានគណនីនៅធនាគារ អេស៊ីលីដា ភីអិលស៊ី អាចធ្វើការទូទាត់សងឥណទាន និងធ្វើការដក​-​ដាក់សាច់ប្រាក់ នៅតាមបណ្តាញប្រតិបត្តិការរបស់ធនាគារទាំង2 គ្រប់ទីកន្លែងទូទាំងប្រទេស។

លោកបណ្ឌិត អ៊ិន ចាន់នី បានបន្ថែមទៀតថា «ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារ ឌី​ជី​ថល ដែលមានកម្មវិធីអេស៊ីលីដា យូនីធី ទាន់ចិត្ត ដែលអតិថិជនអាចធ្វើប្រតិបត្តិការសេវាធនាគារ យ៉ាង​សម្បូរបែប តាមរយៈទូរស័ព្ទដៃដោយខ្លួនឯង»។

លោក ម៉ានូ រ៉ាចាន់(Manu Rajan) អគ្គនាយកធនាគារ ឯកទេស វីង (ខេមបូឌា) លីមីធីត បាន​មាន​ប្រសា​សន៍​ថា៖«កិច្ចសហប្រតិបត្តិការរវាង ធនាគារ អេស៊ីលីដា និងWing គឺយើងចង់ផ្តល់​ភាព​ងាយ​ស្រួល និងតម្លៃសមរម្យដល់ប្រជាជននៅក្នុងប្រទេសកម្ពុជា។ ដូចយើងដឹងស្រាប់ហើយថា ធនា​គារ អេស៊ីលីដា មានទាំងសាខា និងទូអេធីអឹម នៅទូទាំងប្រទេស ឯចំណេកខាងវីងយើងវិញ មាន​ភ្នាក់ងារនៅតាមផ្ទះប្រហែលជា 7,300កន្លែង ដូច្នេះប្រជាជនដែលគាត់មាន​តម្រូវការ គាត់​អាចប្រើ​ប្រាស់​សេវា​ធនាគារអេស៊ីលីដាផង និងក៏អាចប្រើសេវាតាមរយៈភ្នាក់ងារវីងបានផងដែរ ដែលនេះជា​ផល​ប្រយោ​ជ​ន៍​​មួយរបស់ប្រជាជនក្នុង​ការ​ទទួល​យក​នូវការរៀន(ទម្លាប់)ប្រើប្រាស់ធនាគារ។

សូមបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ននេះ អេស៊ីលីដា យូនីធីទាន់ចិត្ត ជាសេវាធនាគារតាមទូរ​ស័ព្ទ ដែលធំជាងគេនៅកម្ពុជា និងមានអ្នកចុះឈ្មោះប្រើ អេស៊ីលីដា យូនីធី ទាន់ចិត្តចំនួនប្រមាណ 1,226,383ជាលក្ខណៈបុគ្គល និង 30,989 ជាលក្ខណៈដៃគូ។

លោកបណ្ឌិត អ៊ិន ចាន់នី បានគូសបញ្ជាក់ទៀតថា កិច្ចសហប្រតិបត្តិការនេះ នឹងធ្វើឱ្យអតិថិជនងាយ​ក្នុងការជ្រើសរើស ដែលជំរុញឱ្យសេវាផ្ទេរបា្រក់កាន់តែទូលំទូលាយ ឆាប់រហ័ស ងាយស្រួល និងមាន​សុវត្ថិភាព និងនាំឱ្យធនាគារទាំង2 មានបណ្តាញប្រតិបត្តិការសម្បូរបែប ចំនួន 43,476កន្លែង គ្រប​ដណ្តប់គ្រប់ខេត្ត-ក្រុង នៃកម្ពុជា៕

Advertisement