មជ្ឈមណ្ឌលភាសា Aii & សាលារៀន AIS ​ទទួលមហាជនចូលទស្សនាយ៉ាងច្រើនកុះករ

ចាប់ពីព្រឹកព្រលឹម រហូតដល់​រសៀលថ្ងៃ​ទី១៥ និងព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ នេះ អ្នកអាណាព្យាបាលសិស្ស សិស្សានុសិស្ស និងសាធារណជន បានចូលទស្សនាយ៉ាងច្រើនកុះករ និងដោយសេរីនៅក្នុងបរិវេណមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ សាខាផ្សារថ្មី និងសាខាជ្រោយចង្វារ​។

បើតាមលោកស្រី លឹម យ៉ា ដែល​បាននាំកូន​​ចូលទស្សនានៅក្នុងបរិវេណមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ការផ្ដល់ឱកាសដល់អាណាព្យាបាលសិស្ស និងមហាជនទស្សនាដោយសេរីនេះ ​ពិតជា​មានសារៈសំខាន់បំផុតសម្រាប់សាធារណជន ជាពិសេស​ដល់អាណាព្យាបាលសិស្ស ដែលកំពុងជ្រើសរើសសាលាសម្រាប់កូនៗសិក្សាឱ្យបានត្រឹមត្រូវ ព្រោះការជ្រើសខុស នោះកូនៗនឹងខូចអនាគត តែបើជ្រើសត្រូវ នោះការសិក្សារបស់កូនៗនឹងទទួលបានជោគជ័យ។

លោកស្រីបន្តថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង មិនត្រឹមល្អទាំងគុណភាព វិន័យ និងសេវាកម្មប៉ុណ្ណោះទេ ថែមទាំងមានបរិវេណធំទូលាយ ​បរិស្ថានល្អស្អាត មានហេដ្ឋារចនាសម្ពន្ធ​ត្រឹមត្រូវ ដែលសមស្របតាមស្ដង់ដារជាតិ និងអន្តរជាតិ និងមានលោកគ្រូ អ្នកគ្រូ ទទួលស្វាគមន៍ និងផ្ដល់ភាពកក់ក្ដៅបាន​យ៉ាងល្អ។

ស្រដៀងគ្នានេះ លោកស្រី អេង ឈុនអ៊ី ដែលមានកូនកំពុងសិក្សានៅមជ្ឈមណ្ឌល និងសាលារៀននេះស្រាប់ បានអះអាងប្រាប់អ្នកសារព័ត៌មានថា ការចូលទស្សនានេះ គឺក្នុងគោលបំណង​ចូល​ទស្សនានូវហេដ្ឋារចនាសម្ពន្ធ​ បរិស្ថានអគារសិក្សា កម្មវិធីសិក្សា  មជ្ឈមណ្ឌលសុខភាពសិស្ស សេវាកម្មថែទាំសុខភាព ភាពរីកចម្រើនរបស់សាលា បណ្ណាល័យ បន្ទប់សិក្សា សម្ភារសិក្សា សម្ភារឧបទេស និងបន្ទប់សិក្សាជាដើម។

លោកស្រីបន្ថែមថា កម្មវិធីនេះ ពិតជាល្អ និងមានអត្ថប្រយោជន៍សម្រាប់លោកស្រី និងកូនៗរបស់លោកស្រី ​ហើយលោកស្រីក៏ចង់ឃើញគណៈគ្រប់គ្រងនៃគ្រឹះស្ថានអប់រំនេះ បន្តផ្ដល់ឱកាសដល់អ្នកអាណាព្យាបាលសិស្ស សិស្សានុសិស្ស និងមហាជនចូលទស្សនាជាបន្តបន្ទាប់​បន្ថែមទៀត។

ទាក់ទិនបញ្ហានេះ បើតាមលោក សោម ចាន់ណា នាយកចាងហ្វាងនៃសាលារៀន AIS សាខាជ្រោយចង្វារ បានឱ្យដឹងថា មជ្ឈមណ្ឌល និងសាលារៀន នឹងបន្តបង្កើតកម្មវិធីនេះជារៀងរាល់ឆ្នាំ ដើម្បីផ្ដល់ឱកាសដល់សាធារណជនបានចូលទស្សនាដោយសេរី ជាពិសេស បានដឹងពីកម្មវិធីសិក្សា បរិវេណសាលា បន្ទប់សិក្សា ហេដ្ឋារចនាសម្ពន្ធជាដើម។

ចំពោះការបើកឱកាសដល់សាធារណជនចូលទស្សនាដោយសេរីនេះ លោក ប៉ាំង លាងស៊ីម នាយកចាងហ្វាង សាលារៀន AIS សាខាផ្សារថ្មី បានឱ្យដឹងថា នេះជាលើកទី១ហើយ ដែលមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បង្កើតឡើង ដើម្បីជាប្រយោជន៍ដល់សិស្សានុសិស្ស និងអាណាព្យាបាលសិស្ស ក្នុងការសម្រេចជ្រើសរើសសាលា សម្រាប់កូនៗ​ឱ្យបានត្រឹមត្រូវ​។

សូមជម្រាបថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ ជាគ្រឹះស្ថាន​អប់រំ​បណ្ដុះ​បណ្ដាល​ភាសាអង់គ្លេស ចិន និង​ភាសាថៃ ឈានមុខ​គេនៅ​កម្ពុជា។ សាលារៀន អន្តរទ្វីប អាមេរិកាំង ជាគ្រឹះស្ថាន​អប់រំ ដែល​ផ្ដោតសំខាន់​ទៅលើ​ចំណេះ​ដឹងទូទៅ​ចាប់​ពីថ្នាក់​ក្រោម​មត្តេយ្យ​សិក្សា រហូត​ដល់​វិទ្យាល័យ ដោយ​ផ្ដោត​ទៅលើ​គុណភាព វិន័យ និង​សេវាកម្មល្អ។​

បច្ចុប្បន្ន មជ្ឈមណ្ឌលភាសា អេ អាយ អាយ និង​សាលារៀន អន្តរទ្វីប អាមេរិកាំង មាន៦សាខា​ធំៗ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ ក្នុងនោះ​មានដូចជា មជ្ឈមណ្ឌលភាសា អេ អាយ អាយ និង​សាលារៀន អន្តរទ្វីប អាមេរិកាំង សាខា​ម៉ៅសេទុង ទួលគោក ចាក់អង្រែ ចោមចៅ ផ្សារថ្មី និង​មជ្ឈមណ្ឌលភាសា អេ អាយ អាយ និង​សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ៕

Advertisement