ធនាគារអេស៊ីលីដា និងធនាគារ SCB ថៃ បើកដំណើរការការទូទាត់ឆ្លងដែន តាមប្រព័ន្ធ QR កូដ

ធនាគារអេស៊ីលីដា ភីអិលស៊ី និងធនាគារ Siam Commercial Bank ឬ SCB បានដាក់ឱ្យដំណើរការការទូទាត់តាមរយៈប្រព័ន្ធ QR ឆ្លងដែន កាលពីថ្ងៃទី18 ខែកុម្ភៈ ឆ្នាំ2020 ដែលជាមធ្យោ បាយសម្រួលដល់ការទូទាត់ដល់សាធារណជនឱ្យអាចទិញទំនិញ និងធ្វើប្រតិបត្តិការទូទាត់ឆ្លងដែន ដោយប្រើប្រាស់រូបិយវត្ថុផ្ទាល់ខ្លួន តាមរយៈការស្គែន QR កូដ ដែលប្រើរូបិយវត្ថុក្នុងស្រុករវាងកម្ពុជានិងថៃ។

ប្រព័ន្ធទូទាត់អេឡិចត្រូនិកនេះ នឹងផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ និងពាណិជ្ជករ រួមទាំងលើកស្ទួយរូបិយវត្ថុនៃប្រទេសទាំង2 ផងដែរ។ ប្រជាជនកម្ពុជាដែលធ្វើដំណើរទៅកាន់ប្រទេសថៃ និងប្រជាជនថៃដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា អាចធ្វើការទូទាត់តាម QR បានដោយមិនចាំបាច់យកសាច់ប្រាក់តាមខ្លួន ឬប្តូរពីរូបិយវត្ថុជាតិយើង ទៅរូបិយប័ណ្ណបរទេសឡើយ។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី បានថ្លែងថា៖ «ធនាគារជាតិនៃកម្ពុជា បានជ្រើសរើសធនាគារនៅកម្ពុជាចំនួន3 រួមមានធនាគារអេស៊ីលីដា ភីអិលស៊ី ធនាគារកម្ពុជាពាណិជ្ជ និងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ដើម្បីសហការលើការទូទាត់ តាមរយៈប្រព័ន្ធ QR ឆ្លងដែន»។

លោកបានបន្ដថា ការត្រៀមខ្លួនរួចជាស្រេចជាមួយនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ ធនាគារអេស៊ីលីដា ភីអិលស៊ី និងធនាគារ SCB ត្រូវបានជ្រើសរើសដើម្បីសហការគ្នាគាំទ្រលើការទូទាត់តាមរយៈប្រព័ន្ធ QR ឆ្លងដែន ដោយអតិថិជនរបស់ធនាគារ SCB អាចធ្វើការទូទាត់នៅក្នុងកម្ពុជាតាមរយៈ QR កូដកម្ពុជា និងអតិថិជនរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី អាចធ្វើការទូទាត់នៅក្នុងប្រទេសថៃ តាមរយៈ QR កូដថៃ។

លើសពីនេះទៅទៀត ប្រទេសថៃ គឺជាទិសដៅទេសចរណ៍មួយដ៏ទាក់ទាញបំផុតនៅទូទាំងពិភពលោក ភាពជាដៃគូជាមួយធនាគារ SCB ដែលជាធនាគារពាណិជ្ជកម្មធំបំផុតនៅថៃ នឹងជំរុញឱ្យបណ្តាញទូទាត់ QR ឆ្លងដែនរបស់យើងកាន់តែធំទូលាយ។

បណ្ឌិត អ៊ិន ចាន់នី បានបញ្ជាក់ថា៖«ការរួមបញ្ចូលនៃបច្ចេកវិទ្យារបស់ធនាគារនាំមុខផ្នែកឌីជីថល ធនាគារអេស៊ីលីដា ភីអិលស៊ី និងធនាគារ SCB យើងជឿជាក់ថា ភាពជាដៃគូរបស់យើង នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកដំណើរក្នុងតំបន់»។

ជាមួយគ្នានេះដែរ លោក Sarut Ruttanaporn អគ្គនាយកធនាគារ SCB បានថ្លែងថា យើងមានសេចក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូទាត់ឆ្លងដែនរវាង កម្ពុជា និងថៃ ដោយផ្អែកលើដៃគូជាមួយស្ថាប័នក្នុងស្រុកនៅប្រទេសកម្ពុជា តាមរយៈធនាគារ SCB ឬបុត្រសម្ព័ន្ធនៅប្រទេសកម្ពុជាគឺ ធនាគារកម្ពុជាពាណិជ្ជ។

លោកបានគូសបញ្ជាក់ទៀតថា ការទូទាត់សំណងអន្តរប្រតិបត្តិការតាមប្រព័ន្ធ QR នឹងផ្តល់ នូវបទពិសោធកាន់តែប្រសើរដល់ភ្ញៀវទេសចរថៃ ដែលធ្វើដំណើរមកកាន់កម្ពុជានៅពេលធ្វើការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗ។ លោក Sarut Ruttanaporn បានមានប្រសាសន៍ថា ៖«ការទូទាត់អន្តរប្រតិបត្តិការតាមរយៈ ប្រព័ន្ធ QR គឺមានសារៈសំខាន់ណាស់ ពីព្រោះប្រទេសកម្ពុជា គឺជាទិសដៅពេញនិយមសម្រាប់ភ្ញៀវ ទេសចរថៃធ្វើដំណើរ ដូចជា៖ ក្រុងសៀមរាប ក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ។

នៅក្នុងប្រទេសថៃ មានអ្នកប្រើប្រាស់កម្មវិធីទូរស័ព្ទចល័តឌីជីថលជាង 47លាននាក់ ដោយ ក្នុងនោះធនាគារ SCB មានអ្នកប្រើប្រាស់ច្រើនជាង 10លាននាក់ ក្នុងឆ្នាំ 2019»៕

Advertisement