លោក Wenger ទទួលបាន​ការជឿជាក់​កាន់តែ​ធំ នៅពេលដែល Arsenal លត់ Watford ចាស់ដៃ

0

លោក Arsene Wenger បាន​អះអាងថា ស្មារតី​របស់​ក្រុម Arsenal បាន​ជួយ​ឱ្យ​ពួកគេ​ឆ្លង​ផុត​ដំណាក់កាល​ដ៏​ជ្រួលច្របល់​មួយ ក្រោយពី​ដណ្តើមបាន​ជ័យជម្នះ​ក្នុង​លទ្ធផល 3-០ លើ​ក្រុម Watford កាលពី​ថ្ងៃអាទិត្យ ដើម្បី​កាត់បន្ថយ​សម្ពាធ​ពី​លោកគ្រូ​បង្វឹក​ដែល​ស្ថិតក្រោម​ការរិះគន់​រូប​នេះ។

លោក Wenger កំពុងតែ​ប្រយុទ្ធ​ដើម្បី​សង្គ្រោះ​ការងារ​របស់លោក ហើយ​ការ​ដណ្តើមបាន​ជ័យជម្នះ​ក្នុង​លទ្ធផល 2-០ នៅលើ​ទឹកដី​ក្រុម AC Milan ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Europa League កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ជួយ​ឱ្យ​គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ មានការ​ធូរស្រាល​ពី​ការរិះគន់​ឥតឈប់ឈរ​ដែល​លោក​បាន​ជួបប្រទះ​នៅក្នុង​រដូវ​កាល​នេះ។

ដើម្បី​រក្សា​ភាពខ្លាំង​របស់ខ្លួន​ពី​ការដណ្តើម​បាន​ជ័យជម្នះ​ក្នុងការ​ប្រកួត​វគ្គ 16ក្រុម​ចុងក្រោយ នា​កីឡដ្ឋាន San Siro ក្រុម​របស់លោក Wenger បានបញ្ចប់​ការរង​បរាជ័យជាប់ៗគ្នា​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Premier League ត្រឹម 3ប្រកួត ក្រោយពី​បានបង្ហាញ​ពី​ទម្រង់​លេង​ដ៏​រឹងមាំ​នៅ​កីឡដ្ឋាន Emirates រួចមក។ គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់​កីឡាករ ShkodranMustafi, Pierre-EmerickAubameyang និង ​HenrikhMkhitaryan បាន​ជួយ​ឱ្យ​ក្រុម​របស់លោក Wenger ដណ្តើមបាន​ជ័យជម្នះ​ក្នុង​ក្របខ័ណ្ឌ​លី​ក​ជា​លើក​ទី1 ចាប់តាំងពី​ផ្តួល​ក្រុម Everton ក្នុង​លទ្ធផល 5-1 កាលពី​ខែកុម្ភៈ។

លោក Wenger បានឱ្យដឹងថា៖ «យើង​មាន​ពេលវេលា​ដ៏​ខកចិត្ត​មួយ ហើយ​អ្នកគាំទ្រ​របស់​យើង​ក៏បាន​រងគ្រោះ​ដូច​យើង​ផងដែរ។ ប៉ុន្តែ ការងារ​របស់​យើង​គឺ​ការបង្ហាញ​ពី​ទម្រង់​លេង​ឱ្យ​បានល្អ និង​លេង​ប្រកបដោយ​ភាពស៊ីចង្វាក់​គ្នា ក៏ដូចជា​ធ្វើឱ្យ​អ្នកគាំទ្រ​ជឿជាក់​លើ​ក្រុម​របស់​យើង​ម្តងទៀត​ដែរ»៕

ប្រភពពី៖ Channel News Asia

ចែករំលែក