លោក Pochettino សង្ឃឹម​ថា បញ្ហា​របួស​របស់ Kane មិន​ធ្ងន់​ធ្ងរ​ឡើយ ក្រោយ​ផ្តួល Bournemouth

លោក Mauricio Pochettino សង្ឃឹម​ថា បញ្ហា​របួស​ក​ជើង​របស់​ខ្សែ​ប្រយុទ្ធ Harry Kane មិន​មាន​កម្រិត​ធ្ងន់​ធ្ងរ​ឡើយ ក្រោយពី​តារា​ឆ្នើម​រូបនេះ​ត្រូវ​បាន​បង្ខំ​ចិត្ត​ប្តូរ​ចេញ​ក្នុង​តង់​ទី​1 ក្នុង​ពេល​ក្រុមខ្លួន​Tottenham ទទួល​ជ័យ​ជម្នះ ក្នុងលទ្ធផល 4-1 នៅ​លើ​ទឹកដីក្រុម Bournemouth កាល​ពី​ថ្ងៃ​អាទិត្យ​។

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អង់​គ្លេស Kane នឹង​ត្រូវចូលទទួល​ការ​​ពិនិត្យ​សុខ​ភាពនៅ​​ថ្ងៃ​ចន្ទ​នេះ ក្រោយពី​បាន​រង​​របួសនៅ​កីឡដ្ឋាន Vitality​។

ស្រប​ពេល​ដែល​លោក Gareth Southgate អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម​ជម្រើស​ជាតិអង់គ្លេសនឹង​ត្រូវ​​ជ្រើស​រើស​សមា​ជិក​ក្រុម​របស់ខ្លួន​សម្រាប់​ការ​ប្រកួតមិត្ត​ភាព​អន្តរ​ជាតិ​ជា​មួយ​នឹងក្រុម​ជម្រើស​ជាតិ​ហូ​ឡង់ និង​អ៊ីតាលី នៅមុន​ពេល​ក្រុម Spurs ត្រូវ​ធ្វើ​ការប្រកួត​ពាន FA Cup វគ្គ​8​​ក្រុម​ចុងក្រោយ​ជា​មួយ​​នឹងក្រុម Swansea នា​សប្តាហ៍​ក្រោយដែរ ដោយ Kane អាច​នឹង​ប្រឈមមុខនឹង​ការ​អវត្តមាន​​ក្នុង​រយៈពេល​ដ៏​យូរ​មួយ​សម្រាប់​ទាំង​ក្លិប និង​ប្រទេស​របស់​គេ​។​ ទោះ​បី​ជា​យ៉ាង​ណា លោក Pochettino គ្រូ​បង្វឹក​​របស់​ក្រុម Spurs បាន​បញ្ជាក់​ថា វា​ឆាប់​ពេក​ហើយ​ក្នុង​ការ​​ដឹង​ពី​ទំហំនៃ​បញ្ហា​របួស​នេះ ដែល​ជា​ការ​រង​របួសត្រង់​ជង្គង់​ដែល Kane ធ្លាប់​បាន​ជួប​កាលពី​លើកមុន​​។ នៅ​ពេល​ដែល​ត្រូវ​បាន​ចោទ​សួរ​អំពី​ស្ថាន​ភាព​របស់​ខ្សែ​ប្រយុទ្ធ​ដែល​រក​បាន​​គ្រាប់​បាល់ច្រើន​ជាង​គេ​​របស់​ក្រប​ខ័ណ្ឌ Premier League រូប​នេះ លោក Pochettino បាន​ឆ្លើយ​ថា៖ «យើង​ត្រូវ​តែ​រង់​ចាំ​រហូត​ដល់​​ថ្ងៃ​ស្អែកនេះ ពីព្រោះ​យើង​ត្រូវ​តែ​​ធ្វើ​ការ​​ពិនិត្យ​​មើល​ជង្គង់​របស់​គេ​»​។

គ្រូ​បង្វឹក​សញ្ជាតិ​អាហ្សង់ទីន​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «ពិត​ណាស់ រូប​គេ​បាន​រង​របួស​ដែលវា​​ជា​បញ្ហា​របួស​នៅត្រង់ជង្គង់​ដូច​​ដែល​រូប​គេ​ធ្លាប់បាន​​ជួប​ប្រទះ​កាលពីលើកមុន​ដែរ។ ប៉ុន្តែ យើង​សង្ឃឹម​ថា វា​មិនមែន​ជា​បញ្ហា​ធំ​ឡើយ​។ រូប​គេ​មាន​អារម្មណ៍​មិនស្រួលនៅត្រង់របួស​នោះ នៅ​ពេល​ដែល​រូប​គេ​​រត់ និង​ឈឺរមួល​ត្រង់ជង្គង់ ដែល​ធ្វើ​ឱ្យ​រូប​គេ​​មិន​អាច​លេងបន្តនៅ​​លើ​ទីលាន​បាន​»​៕

ប្រភព​ពី៖ Talksport

 

Advertisement