លោក Pellegrino ត្រូវបាន​បណ្តេញ​ពី​ក្លិប Southampton ក្រោយ​ចាញ់​ជា​បន្តបន្ទាប់

ក្លិប Southampton បាន​បណ្តេញ​លោក Mauricio Pellegrino ក្រោយពី​ការ​ដណ្តើមបាន​ជ័យជម្នះ​ត្រឹមតែ1លើក​គត់​ក្នុងចំណោម​ការប្រកួត 17លើក​នៃ​ក្របខ័ណ្ឌ Premier League ដែល​បានធ្វើឱ្យ​ពួកគេ​ស្ថិតក្នុង​ភាព​ជ្រួលច្របល់​ក្នុងការ​ប្រជែង​គេច​ឱ្យ​ផុត​ក្នុង​តំបន់​កាត់ចោល ខណៈ​នៅសល់​ការប្រកួត​ត្រឹមតែ 8ប្រកួត​ទៀត​ប៉ុណ្ណោះ​នៅ​រដូវ​កាល​នេះ។

ក្លិប​នេះ​កំពុងតែ​ស្វែងរក​ការតែងតាំង​គ្រូបង្វឹក​ថ្មីភ្លាមៗ ជា​លើក​ទិ3 ក្នុង​រយៈពេល​ជិត 2ឆ្នាំ ជាពិសេស​ឱ្យបាន​មុន​ការប្រកួត​ពាន FA Cup វគ្គ 8ក្រុម​ចុងក្រោយ នៅលើ​ទឹកដី​ក្រុម Wigan Athletic កាលពី​ថ្ងៃអាទិត្យ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា ពួកគេ​នៅតែមាន​ពេលវេលា​ច្រើន​ក្នុង​ការរក​គ្រូបង្វឹក​ជំនួស​កន្លែង​របស់លោក Pellegrino សញ្ជាតិ​អា​ហ្ស​ង់​ទីន ដោយសារតែ​ពួកគេ​មិនមាន​ការប្រកួត​ក្នុង​ក្របខ័ណ្ឌ​លី​ក រហូតដល់​ចុងខែ​នេះ ពោលគឺ​នៅលើ​ទឹកដី​ក្រុម West Ham ថ្ងៃទី31 ខែមីនា។

Southampton ដែល​កំពុងតែ​នាំមុខ​ត្រឹមតែ 1ពិន្ទុ​គត់​លើ​ក្រុម​បាត​តារាង​ទាំង 3ក្នុងខណៈ​នេះ​នឹង​ប្រឈមមុខ​នឹង​ការ​ប្រជែង​ដ៏​តានតឹង​មួយ ខណៈដែល​ពួកគេ​នៅសល់​ការប្រកួត​លើ​ទឹកដី​ខ្លួនឯង​ត្រឹមតែ 3ប្រកួត​ទៀត​ប៉ុណ្ណោះ ក្នុងនោះ​រាប់បញ្ចូល​ទាំង​ការធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម Chelsea និង Manchester City ផងដែរ។

លោក Pellegrino បាន​ចូលកាន់​តំណែង​នា​កីឡដ្ឋាន St Mary’s ក្នុង​កិច្ចសន្យា​រយៈពេល 3ឆ្នាំ កាលពី​ខែមិថុនា ឆ្នាំមុន ប៉ុន្តែ ក្លិប Southampton បានប្រកាស​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ពួកគេ​បាន​ចែកផ្លូវ​គ្នា​ជាមួយនឹង​គ្រូបង្វឹក​វ័យ 46ឆ្នាំ​រុ​ប​នេះហើយ ខណៈដែល​ក្លិប​នាំមុខ​ត្រឹមតែ 1ចំណាត់ថ្នាក់ និង 1ពិន្ទុ​ប៉ុណ្ណោះ​ពីលើ​ក្រុម​ស្ថិតក្នុង​តំបន់​កាត់ចោល។ សេចក្តីថ្លែងការណ៍​នេះ​បាន​បន្ថែមទៀតថា៖ «ក្លិប​នឹង​សម្លឹង​រក​ការតែងតាំង​អ្នកចាត់ការ​ទូទៅ​ថ្មី​ម្នាក់​ឱ្យបាន​ឆាប់​តាម​ដែល​អាច​ខណៈដែល​ការស្វែងរក​គ្រូបង្វឹក​ដែល​ត្រូវ​ជំនួស​ដំណើរការ​រួចជាស្រេច»៕

ប្រភពពី៖ The Guardian

Advertisement