Ronaldo ធ្វើឱ្យ Juventus ខកចិត្ត បើទោះបី Real ចាញ់​ក្នុង​ជើង​ទី2

ក្រុម Real Madrid បាន​ឈានទៅ​ប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្នុង​ឆ្នាំ​ទី8 ជាប់ៗគ្នា បើទោះបី​បាន​រង​បរាជ័យ​ក្នុង​លទ្ធផល 3-1 ក្រោម​ស្នាដៃ​ក្រុម Juventus ក្នុងការ​ប្រកួត​ជើង​ទី2 នៃ​វគ្គ 8ក្រុម​ចុងក្រោយ កាលពី​ថ្ងៃ​ពុធ​ក៏ដោយ។

ក្រុម Real បាន​ឈានចូល​ទៅកាន់​ការប្រកួត​នេះ​នៅ​កីឡដ្ឋាន Bernabeu ជាមួយនឹង​ការជឿជាក់​ដ៏​ធំ​មួយ ក្រោយពី​ដណ្តើមបាន​ជ័យជម្នះ​ក្នុងការ​ប្រកួត​ជើង​ទី1 ក្នុង​លទ្ធផល 3-០ ក្នុង​ទីក្រុង Turin កាលពី​សប្តាហ៍​មុន។ ប៉ុន្តែ Juventus បាន​បំពេញ​ការ​វាយបក​ដ៏​មិន​នឹកស្មាន​ដល់​មួយ​ដើម្បី​តាម​ស្មើ​វិញ តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី 2គ្រាប់​ក្នុង​តង់​ទី1 របស់​ខ្សែប្រយុទ្ធ Mario Mandzukic នៅ​មុនពេល​ខ្សែបម្រើ Blaise Matuidi បាន​បំពេញ​ការរក​គ្រាប់​បាល់​ទី3 សម្រាប់​ក្រុម​ខ្លួន។

ទោះបីជា​យ៉ាងណា ស្រប​ពេលដែល​ការប្រកួត​ជើង​ទី2នេះ ហាក់ដូចជា​ត្រូវ​ឈានចូល​ដល់​នាទី​បន្ថែម 15នាទី 2ដង​ទៅហើយ លោក​អាជ្ញាកណ្តាល​សញ្ជាតិ​អង់គ្លេស Michael Oliver បានផ្តល់​បាល់​ប៉េ​ណា​ល់​ទី 1គ្រាប់​ទៅ​ឲ្យ Real នៅ​ជិត​បញ្ចប់​ការប្រកួត។ ស្រប​ពេលដែល​ការប្រកួត​ឈានដល់​នាទី​ទី97  Ronaldo បាន​ស៊ុត​បាល់​ពី​ចំណុច11ម៉ែត្រ​ចូល​ទី​យ៉ាង​ល្អ ដើម្បី​ធ្វើឱ្យ​ក្រុម​ខ្លួន​ទទួលបាន 1គ្រាប់​មកវិញ តែ​ក៏​នៅតែ​ចាញ់ Juventus ក្នុង​លទ្ធផល 3-1 ប៉ុន្តែ​សរុប​ទាំង 2ជើង Real Madrid នៅតែ​ឈ្នះ​ក្នុង​លទ្ធផល 4-3។

អ្នកចាំទី Gianluigi Buffon ដែល​បាន​បង្ហាញខ្លួន​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League ជា​លើក​ទី25 របស់គេ និង​អាចជា​លើកចុងក្រោយ មុននឹង​ចូលនិវត្តន៍​នោះ បាន​រង​ពិន័យ​កាត​ក្រហម​សម្រាប់​ការតវ៉ា​របស់គេ។ បន្ទាប់ពី​ការប្រកួត​នេះ Ronaldo បាន​ប្រាប់​ទូរទស្សន៍ beIN Sports ថា៖ «ខ្ញុំ​មិន​យល់​សោះ ហេតុអ្វី​បានជា​ពួកគេ​ធ្វើ​ការតវ៉ា​ទៅលើ​បាល់​ប៉េ​ណា​ល់​ទី»៕

ប្រភពពី៖ The Guardian

Advertisement