Aguero និយាយថា រូបគេ​មាន​អារម្មណ៍​ថា ដូច​មាន​ជង្គង់​ថ្មី មុនពេល​ប្រឡូក World Cup

ខ្សែប្រយុទ្ធ​អន្តរជាតិ​អា​ហ្ស​ង់​ទីន Sergio Aguero បានបញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា រូបគេ​មាន​អារម្មណ៍​ថា «ហាក់ដូចជា​បាន​ជង្គង់​ថ្មី​អ៊ីចឹង» និង​ត្រៀមលក្ខណៈ​រួចរាល់​សម្រាប់​ការលេង​ក្នុង «យុទ្ធនាការ World Cup » បាន​យ៉ាង​ល្អ​នៅក្នុង​ប្រទេស​រុស្ស៊ី បើទោះបីជា​ខ្លួន​បាន​ធ្លាក់ចុះ​ទម្រង់​លេង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ដោយសារតែ​របួស​ជង្គង់​ក៏ដោយ។

ខ្សែប្រយុទ្ធ​វ័យ 29ឆ្នាំ​រូបនេះ មិនបាន​លេង​ឱ្យ​ក្រុម Manchester City សោះ បើ​គិត​ចាប់តាំងពី​ការរង​បរាជ័យ​របស់​ពួកគេ​ក្នុង​ក្របខ័ណ្ឌ Champions League វគ្គ 8ក្រុម​ចុងក្រោយ ក្រោម​ស្នាដៃ​ក្រុម Liverpool កាលពី​ថ្ងៃទី10 ខែមេសា ហើយ​គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​លោក Jorge Sampaoli មាន​ជម្រើស​លើ​ខ្សែប្រយុទ្ធ​ជាច្រើន​ក្នុងការ​ជ្រើសរើស​មុនពេល​ប្រកាស​ឈ្មោះ​កីឡាករ​សម្រាប់​ព្រឹត្តិការណ៍ World Cup របស់លោក។ Aguero បាន​ប្រាប់​ប៉ុស្តិ៍​ទូរទស្សន៍​អា​ហ្ស​ង់​ទីន TyCថា៖ «ជង្គង់​របស់ខ្ញុំ​ដូចជា​របស់​ថ្មី​អ៊ីចឹង។

ប៉ុន្តែ​បច្ចុប្បន្ន ខ្ញុំ​មាន​អារម្មណ៍​ខុសគ្នា។ ខ្ញុំ​អាច​បត់​វា​បាន ហើយ​វា​ពិតជា​បាន​ផ្តល់នូវ​ភាព​ធូរស្រាល​ល្អ​មែន»។ Aguero បាន​លេង​ការប្រកួត 84លើក ចាប់តាំងពី​ធ្វើការ​បង្ហាញខ្លួន​ជា​អន្តរជាតិ​លើក​ទី1 របស់គេ​ក្នុង​ឆ្នាំ2006 ដោយបាន​ស៊ុត​បាល់​បញ្ចូល​ទី 36គ្រាប់ ប៉ុន្តែ ប្រឈមមុខ​នឹង​ការ​ប្រជែង​ជាមួយនឹង​កីឡាករ​ជាច្រើន​ដើម្បី​ទទួលបាន​កៅអី​មួយ​ក្នុង​ជម្រើស​ទាំង 11នាក់​ដំបូង​របស់លោក Sampaoli។ ស្រប​ពេលដែល Lionel Messi គឺជា​កីឡាករ​មិនអាច​ខ្វះ​បាន​ក្នុង​ក្រុម Aguero នឹង​ត្រូវតែ​ធ្វើការ​ប្រជែង​ជាមួយនឹង​តារា​ឆ្នើម Gonzalo Higuain និង Paulo Dybala របស់​ក្លិប Juventus ខ្សែប្រយុទ្ធ Diego Perotti របស់ Roma និង Mauro Icardi របស់​ក្លិប Inter Milan៕

ប្រភពពី៖ Sport24

Advertisement