Iniesta បញ្ចប់​អាជីព​ជាមួយ Barca ដោយ​ជោគជ័យ តាមរយៈ​គ្រាប់​បាល់​របស់ Coutinho

ខ្សែបម្រើ​ជើងចាស់ Andres Iniesta បាន​លើកដៃ​លា​ទៅកាន់​អ្នកគាំទ្រ​ក្លិប Barcelona កាលពី​ថ្ងៃអាទិត្យ និង​អ្នក​ដែល​ជំនួស​កន្លែង​របស់គេ ខណៈដែល​ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​របស់ Philippe Coutinho បាន​ជួយ​ឱ្យ​ពួកគេ​ទទួល​ជ័យជម្នះ​ក្នុង​លទ្ធ​ល 1-០ លើ​ក្រុម Real Sociedad។

Iniesta ដែល​បាន​សម្រក់​ទឹកភ្នែក​នោះ បាន​ដើរ​ចេញពី​ទីលាន​នៃ​កីឡដ្ឋាន Camp Nou ក្រោម​ការ​ទះដៃ​លើក​ចិត្ត​ពី​សំណាក់​អ្នកគាំទ្រ​ដ៏​ច្រើន​កុះករ នៅពេលដែល​រូបគេ​ត្រូវបាន​ប្តូរ​ចេញ​ក្នុង​តង់​ទី2 ក្រោយពី​បាន​ដោះ​បូ​ដៃ​ប្រធាន​ក្រុម និង​បានប្រគល់​ទៅឱ្យ Lionel Messi។

ប្រសិនបើ Messi នឹងត្រូវ​ក្លាយជា​ប្រធាន​ក្រុម​ថ្មី​របស់ Barcelona ខ្សែបម្រើ Coutinho នឹង​ក្លាយជា​កីឡាករ​ដែល​នឹងត្រូវ​ជំនួស​កន្លែង​របស់ Iniesta ហើយ​កីឡាករ​រូបនេះ បានបង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​ដើម្បី​រក​គ្រាប់​បាល់​ឈ្នះ​ក្នុងការ​ប្រកួត​កាលពី​ថ្ងៃអាទិត្យ។

ក្រោយពី​ចំណាយពេល​លេង 22ឆ្នាំ​ក្នុង​ក្លិប​នេះ និង​ចូល​លេង​ក្នុង​ក្រុម​ជម្រើស​ដំបូង​តាំងពី​វ័យ 16ឆ្នាំ ការបង្ហាញ​ខ្លួន​ចំនួន 674លើក​របស់ Iniesta សម្រាប់​ក្រុម Barcelona បានធ្វើឱ្យ​រូបគេ​ដេញ​តាមតែ​ពីក្រោយ Xavi Hernandez ក្នុងនាម​ជា​កីឡាករ​ដែល​បានបង្ហាញ​ខ្លួន​ច្រើនជាងគេ​បំផុត​ប្រចាំ​ក្លិប។ Iniesta បាន​និយាយ​ទៅកាន់​អ្នកគាំទ្រ​របស់ខ្លួន​ថា៖ «វា​ជា​ថ្ងៃ​ដ៏​លំបាក​មួយ។ ប៉ុន្តែ វា​បាន​ក្លាយជា​រយៈពេល 22ឆ្នាំ​ដ៏​អស្ចារ្យ​មួយ។ វា​បាន​ក្លាយជា​សិទ្ធិ​មួយ និង​ការរីករាយ​មួយ​ក្នុងការ​ការពារ និង​តំណាងឱ្យ​ក្លិប​នេះ។ ខ្ញុំ​នឹង​ចងចាំ​អ្នក​ទុក​ក្នុង​បេះដូង​របស់ខ្ញុំ​ជានិច្ច»៕

ប្រភពពី៖ BBC

Advertisement