លោក Emery នឹង​ត្រូវ​តែង​តាំង​ជា​អ្នក​ចាត់​​ការ​ទូទៅ​ថ្មី​របស់ក្រុម Arsenal

Arsenal ត្រៀម​ធ្វើ​ការ​​តែង​តាំង​លោក Unai Emery ជា​អ្នក​​ជំនួស​កន្លែង​របស់​លោក Arsene Wenger​។ ក្លិប​នេះបាន​ចាប់​ផ្តើម​ដំណើរ​ការ​នៃ​ការ​ជ្រើស​រើស​​ ខណៈ​ដែល​ពួក​គេ​សម្លឹង​រក​​អ្នក​ជំនួស​កន្លែង​របស់​លោក Wenger ដែល​ជា​អ្នក​ចាត់​ការ​​ទូទៅ​របស់​ពួក​គេ​អស់​រយៈ​ពេល​ 22​ឆ្នាំ​​មក​ហើយ និង​បាន​ចាក​ចេញ​ក្នុង​ពេល​​បញ្ចប់​រដូវ​កាល​នេះ​។

លោក Mikel Arteta ធ្លាប់​ត្រូវ​បាន​ចាត់​ទុក​​ជា​បេក្ខ​ភាព​នាំមុខ​គេ​​កាល​ពី​សប្តាហ៍មុន​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​​ណា សញ្ញា​ផ្សេង​ៗ​កាល​ពី​ថ្ងៃ​ចន្ទ បាន​បង្ហាញ​ថា លោក Emery ដែល​ជា​អតីត​អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លិប Paris St-Germain និងSevilla ត្រូវ​បាន​ជ្រើស​រើស​​រួច​រាល់​ហើយ​។ ក្លិប​នេះ បាន​ធ្វើ​ការ​ពិភាក្សា​ជា​មួយ​នឹង​លោក Emery ហើយ​ការ​សម្រេច​ចិត្ត​មួយ​ត្រូវ​បាន​រំពឹង​​ទុក​ថា នឹង​ត្រូវ​ប្រកាស​នៅ​ស​ប្តាហ៍នេះ​។ លោក Emery គឺ​ជា​បេក្ខ​ភាព​ដ៏​ស័ក្តិ​សម​បើ​និយាយ​ពី​បទ​ពិសោធ​របស់​លោក ក្រោយ​ពី​បាន​ដឹកនាំ​ឱ្យក្រុម PSG ឈ្នះ​ពាន​ក្នុង​ស្រុក​ 3 នៅ​រដូវកាល​នេះ និងធ្លាប់​បាន​ជួយ​ឱ្យ Sevillaលើក​ពាន​ក្រប​ខ័ណ្ឌ Europa League ដល់ទៅ 3លើក​​​។

បណ្តាញ​សារ​ព័ត៌​មាន BBC បាន​ចេញ​ផ្សាយ​ថា ដំណើរ​ការ​​នៃ​ការ​ជ្រើស​រើស​គ្រូបង្វឹក​ថ្មី ត្រូវ​បាន​ដឹកនាំ​ដោយ​លោក Ivan Gazidis នា​យក​ប្រតិ​បត្តិ​របស់​ក្លិប Arsenal លោក Raul Sanllehi ប្រធាន​ទំនាក់​ទំនង​កីឡា​បាល់​ទាត់ និង​លោក Sven Mislintat ប្រធាន​ផ្នែក​ជ្រើស​រើស​។ លោក Emery បាន​ចាក​ចេញ​ពី PSG នៅពេល​ដែលកិច្ច​សន្យា​របស់​លោក​អស់​សុ​ពល​ភាព នៅ​ចុង​បញ្ចប់​នៃ​រដូវ​កាល​នេះ​៕

ប្រភព​ពី៖ The Guardian

Advertisement