សំបុត្រ​លក់​​ឡើង​វិញ​សម្រាប់ Champions League វគ្គផ្តាច់​ព្រ័ត្រ​ មាន​តម្លៃ​ជិត 15,000​ផោន

អ្នក​គាំទ្រ​របស់​ក្រុម Liverpool ដែល​សង្ឃឹម​ថា អាច​ចូល​ទស្ស​នា​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ កំពុង​តែ​ប្រឈមមុខ​នឹង​​ការ​ចំណាយ​ប្រាក់​រាប់​ពាន់​ផោន ដើម្បី​ទិញ​សំបុត្រ​តែមួយ​សន្លឹក​។

ក្រុម Liverpool បាន​លក់​​សំបុត្រ​​ពី​ចំណែក​របស់​ខ្លួន​ដែល​មានចំនួន​ 16,626​ អស់រលីង ប៉ុន្តែបច្ចុប្បន្ន សំបុត្រទាំងនោះ​រាប់​រយ​សន្លឹកត្រូវ​បានគេ​ដាក់​លក់​ឡើង​វិញ​នៅ​លើ​គេហ​ទំ​ព័រ​នា​នា​។ សំបុត្រ​សម្រាប់​កន្លែង​អង្គុយ​មួយ​នៅ​ជ្រុង​ម្ខាង​នៃកីឡដ្ឋាន Olympic ក្នុង​ទីក្រុង​គៀវ ដែល​មាន​តម្លៃ​ជា​ធម្ម​តា​ 281​ផោន (ស្មើ​នឹង​ 377​ ដុល្លារ) ត្រូវ​បាន​ផ្សាយ​ពាណិជ្ជ​កម្ម​ដើម្បី​ដាក់​លក់​ក្នុង​តម្លៃ​​ជិត​​ 15,000​ផោន (ស្មើ​នឹង​ 20,148​ដុល្លារ​អាមេរិក)​។ ដោយ​ឡែកសំបុត្រ VIP មួយ​ចំនួន​មាន​តម្លៃ​ដល់​ទៅ​ 20,000​ផោន​។ នៅ​លើ​គេហ​ទំព័រ Ticketbis កាលពី​ថ្ងៃ​ចន្ទ កៅអី​​អង្គុយ​ថោក​ជាង​គេ​បំផុត​​នៅ​ខាង​ក្រុម Liverpool ដែលមាន​តម្លៃ​ជា​ធម្មតា​140​ផោន ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ​ដល់​ទៅ​ 1,181​ផោន​។ លោក Neil Atkinson អ្នក​គាំទ្រ​របស់​ក្រុម Liverpool បាន​ប្រាប់​បណ្តាញ​សារ​ព័ត៌​មាន BBC ថា៖ «ស្ថាន​ភាពនេះ​ពិត​ជា​គួរ​ឱ្យ​ចង់​សើច​ណាស់​។ មនុស្ស​មួយចំនួន​ដែលមិន​គាំទ្រ​ក្លិប​ណាមួយសោះ បានទិញ​សំបុត្រ​ទុក និង​សម្លឹង​រក​ឱកាសក្នុង​ការ​រក​ប្រាក់កម្រៃ​»​។

Liverpool បាន​ធ្វើ​ការ​​រំ​ឭក​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន​ថា «ទោះ​ក្នុង​កាលៈ​ទេសៈ​ណាក៏ដោយ សំបុត្រ​មិន​គួរ​ត្រូវ​បាន​ទិញពី​ប្រភព​មិន​ផ្លូវ​កា​រឡើយ​»​៕

ប្រភព​ពី៖ Daily Mail

Advertisement