West Ham តែងតាំង​លោក Pellegrini ជា​អ្នកចាត់ការ​ទូទៅ​ថ្មី Pellegrini

ក្លិប West Ham United បានតែងតាំង​លោក Manuel Pellegrini ជា​អ្នកចាត់ការ​ទូទៅ​ថ្មី​របស់​ពួកគេ ក្រោយពី​បានបញ្ចប់​ការចរចាផ្សេងៗ កាលពី​រាត្រី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ។

លោក Pellegrini បាន​ចុះហត្ថលេខា​រយៈពេល 3ឆ្នាំ ដោយ​ទទួលបាន​ចំណូល 7លាន​ផោន (ស្មើនឹង 9,4លាន​ដុល្លារ​អាមេរិក) ក្នុង1ឆ្នាំ ក្រោយពី​បាន​ប្រជុំ​ជាមួយនឹង​លោក David Sullivan សហ​ម្ចាស់​ក្លិប West Ham។

ប្រធាន​ក្លិប​រូបនេះ​បាន​សន្យាថា ក្លិប​នឹងធ្វើ​ការប្រកាស​តែងតាំង​មួយ ក្រោយពី​បាន​ចែកផ្លូវ​ជាមួយនឹង​លោក David Moyes កាលពី​ឆ្នាំ​សប្តាហ៍​មុន។ លោក Sullivan បានឱ្យដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅលើ​គេហទំព័រ​របស់​ក្លិប​ថា៖ «ខ្ញុំ​ពិតជា​រីករាយ​ណាស់​ក្នុងការ​ស្វាគមន៍​លោក Manuel Pellegrini ទៅកាន់​ក្លិប West Ham United។ លោក​ជា​គ្រូបង្វឹក​ម្នាក់​ក្នុងចំណោម​គ្រូបង្វឹក​កីឡាបាល់ទាត់​ដ៏​គួរ​ឲ្យ​គោរព​បំផុត​ក្នុង​ពិភពលោក ហើយ​យើង​កំពុងតែ​រង់ចាំ​ធ្វើការ​ជាមួយនឹង​គាត់»។

ប្រធាន​ក្លិប​រូបនេះ​បាន​បន្ថែមទៀតថា៖ «វា​ពិតជា​សំខាន់​ណាស់​ដែល​យើង​បានតែងតាំង​មនុស្ស​ម្នាក់​ដែលមាន​ចំណេះដឹង និង​បទពិសោធ​ក្នុង​ក្របខ័ណ្ឌ Premier League ដែលមាន​ភាព​អស្ចារ្យ​រួចជាស្រេច ពោលគឺ​មិន​ត្រឹមតែ​ក្រុម និង​កីឡាករ​ដែល​យើង​ជួប ប៉ុន្តែ ថែមទាំង​ដឹង​ពី​ក្លិប West Ham United និង​មហិច្ឆតា​របស់​យើង​ផងដែរ»។

លោក Pellegrini អតីត​គ្រូបង្វឹក​របស់​ក្លិប Villarreal, Real Madrid និង Malaga នឹង​វិល​ទៅកាន់​ប្រទេស​អង់គ្លេស​វិញ ក្នុង​រយៈពេល 2ឆ្នាំ ក្រោយពី​ចាកចេញ​ពី Man City ដែល​លោក​បាន​ដឹកនាំ​ឱ្យ​ឈ្នះ​ពាន Premier League និង League Cup ឆ្នាំ2014៕

ប្រភពពី៖ The Guardian

Advertisement