លោក Emery បញ្ជាក់​ថា លោក​ចង់​​ធ្វើឱ្យ​ Arsenal ក្លាយ​ជាក្រុម​ខ្លាំង​បំផុត​ក្នុង​ពិភព​លោក

លោក Unai Emery បានប្រកាស​ពី​បំណង​របស់​លោក​ក្នុង​​ការ​ជួយ​ឱ្យ Arsenal «ក្លាយ​ជាក្រុម​ដ៏ខ្លាំង​បំផុត​ក្នុង​ក្រប​ខ័ណ្ឌ Premier League និងពិភព​លោក» ក្រោយពី​ត្រូវ​បានប្រកាស​​ជា​អ្នក​​ចាត់​ការ​ទូទៅ​ថ្មី​ជំនួស​កន្លែង​របស់​លោក Arsene Wenger ក្នុង​កិច្ច​សន្យា​រយៈពេល​ 3​ឆ្នាំ​។

នៅ​​​ថ្ងៃ​នៃ​ការ​ប្រកាស​ពី​ការ​តែង​តាំងនោះ លោក Ivan Gazidis នា​យក​ប្រតិ​បត្តិ​របស់​ក្លិប បាន​បញ្ជាក់​ថា ការ​ងារ​​ក្នុ​ងក្លិប Arsenal គឺ​ជា​​ការ​ងារ​ដ៏​គួរ​ឲ្យ​ចង់​ធ្វើ​បំផុតក្នុង​ពិភពកីឡា​បាល់​ទាត់ និងបាន​ធ្វើ​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ពួក​គេ​ជឿជាក់​ថា ពួក​គេ​ទទួល​បាន​គ្រូបង្វឹក​ម្នាក់​​ដែលនឹង​បង្កើត​ឱ្យ​មានការ​ចង​​ចាំ​ទៅលើ​ជ័យជម្នះ​កាល​ពី​អតីត​​។ លោក Emery​ បាន​និយាយ​ភា​សា​អង់គ្លេស ក្នុ​ង​ការ​បង្ហាញ​ខ្លួន​របស់​លោក​នៅ​ឯ​កីឡដ្ឋាន Emirates ដែល​​ពិត​ជា​រឿង​ដ៏គួរ​ឱ្យ​ភ្ញាក់​ផ្អើល ហើយ​លោក​បាន​ចាត់​ទុក​ថា ការ​ប្រជែង​នៅ​ចំពោះ​មុខ​របស់​លោក «គឺ​ជា​សុបិន​ដែល​ក្លាយ​ជា​ការ​ពិត​»​។ លោក Emery បាន​យល់​ព្រម​​ធ្វើ​ការ​ក្នុង​រច​នា​សម្ព័ន្ធថ្មី ហើយ​លោក​ដឹង​ថា ក្លិប​នឹង​ផ្តល់​កញ្ចប់​ថវិកា​ 50​លាន​ផោន ទៅ​លើ​ការ​​ទិញ​ចូល​កីឡាករ​ថ្មី​នៅ​រដូវកាល​ក្រោយ​។

គ្រូបង្វឹក​រូប​នេះ​បាន​បញ្ជាក់​ថា លោក​នឹងមិន​ធ្វើការ​ផ្លាស់​ប្តូរ​ទាំង​ស្រុង​ឡើយ​ទៅលើ​ក្រុម Arsenal ដែល​បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​6 នៅ​លើ​តារាង​ក្រប​ខ័ណ្ឌ Premier League ក្នុង​រដូវ​កាល​ដែលទើប​តែ​បញ្ចប់​កាល​ពី​ពេលថ្មី​ៗនេះ​។ លោក Emery បាន​ឱ្យ​ដឹង​ថា៖ «ក្រុម​នេះ​គឺ​ជាក្រុម​ដ៏​ធំមួយ ដែលមាន​កីឡាករ​ឆ្នើម​ៗ​ជាច្រើន ហើយ​យើង​គិត​ថា យើង​ត្រូវ​តែ​ផ្លាស់​ប្តូរ​ចំណុច​មួយ​ចំនួន និង​កីឡាករ​3 ទៅ​4​នាក់​។ ក្រោយ​ពីការ​អវត្ត​មាន​ក្នុង​ក្រប​ខ័ណ្ឌ Champions League 2​លើក ការ​ងារ​ចម្បង​គឺ​ការក្លាយ​ជា​​ក្រុម​​ដ៏​ខ្លាំង​បំផុត​ក្នុង​ក្រប​ខ័ណ្ឌ Premier League និង​ពិភព​លោក​»​៕

ប្រភព​ពី៖ The Guardian

Advertisement