Iniesta ត្រូវ​បាន​រំពឹង​ថា នឹង​ទៅចូល​រួម​ជាមួយ​ក្លិប​ជ​ប៉ុន Vissel Kobe នៅ​ថ្ងៃ​នេះ

ខ្សែ​បម្រើ​ជើង​ចាស់ Andres Iniesta បាន​បញ្ជាក់​ថា រូប​គេ​នឹង​ផ្ទេរ​ទៅកាន់​ប្រទេស​ជប៉ុន និង​ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ចុះហត្ថ​លេខា​ជាមួយ​នឹងក្លិប Vissel Kobe ​នៅថ្ងៃនេះ​។

Iniesta វ័យ​ 34​ឆ្នាំ បាន​លេង​ក្នុងការ​ប្រកួត​​លើក​ទី​674 ​របស់​គេ និង​ជាលើក​ចុងក្រោយ​របស់​គេ​សម្រាប់​ក្រុម Barcelona ម្ចាស់​ជើង​​ឯក​ក្រប​ខ័ណ្ឌ La Liga កាលពី​​ថ្ងៃ​អាទិត្យ ខណៈ​ដែល​ពួក​គេ​បាន​ផ្តួល​ក្រុម Real Sociedad ក្នុង​លទ្ធផល 1-០ ក្នុង​ការប្រកួត​ចុងក្រោយ​នៅ​រដូវកាល​នេះ​។ ខ្សែ​បម្រើ​សញ្ជាតិ​អេ​ស្ប៉ាញ​រូបនេះ បាន​លើក​ពាន​ក្រប​ខ័ណ្ឌ La Liga និង​បាន​​ថ្លែង​សុន្ទរ​ក​ថា​ពីមុខ​អ្នក​គាំទ្ររបស់​ខ្លួន​នា​កីឡដ្ឋាន Nou Camp ក្រោយពី​សំឡេង​កញ្ចែ​បញ្ចប់​ការ​ប្រកួត​។ Iniesta បាន​​បញ្ជាក់​នៅ​លើ​បណ្តាញ​សង្គម Twitter កាល​ពី​ល្ងាច​ថ្ងៃ​ពុធ រួម​ជា​មួយ​នឹង​រូប​ថត​នៅលើ​យន្តហោះ​មួយ​គ្រឿង​ជាមួយ​នឹង​លោក Hiroshi Mikitani ប្រធានក្លិប Vissel Kobe ដោយ​សរសេរ​ថា៖ «កំពុង​តែ​ធ្វើ​ដំណើរ​ទៅកាន់​ផ្ទះថ្មី​របស់​ខ្ញុំ ជាមួយ​នឹងមិត្ត​ភ័ក្តិ​របស់​ខ្ញុំ​»​។ ក្លិប Vissel Kobe បាន​ប្រកាស​ពីការ​រៀប​ចំ​សន្និ​សីទ​សារព័ត៌​មានមួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ ខណៈ​ដែល​ក្លិប​របស់ក្រប​ខ័ណ្ឌ J-League ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ប្រកាស​ពីការ​ចុះ​ហត្ថលេខា​ជាមួយ​នឹង​ខ្សែ​បម្រើ​រូបនេះ​។ ពួក​គេ​បាន​ចុះហត្ថលេខា​ជាមួយ​នឹង Lukas Podolski សមា​ជិក​ឈ្នះពាន World Cup របស់​អាល្លឺ​ម៉ង់ កាល​ពីឆ្នាំ​2017 ហើយ​បើយោង​ទៅ​តាម​រ​បាយ​ការណ៍​ផ្សេង​ៗ ពី​ប្រទេស​អេ​ស្ប៉ាញ ក្លិប Vissel Kobe បាន​យកឈ្នះ​​ក្នុង​ការ​ប្រជែង​ជា​មួយនឹង​ក្រប​ខ័ណ្ឌ​អូ​ស្ត្រាលី A-League ដើម្បី​ចុះ​ហត្ថលេខា​ជាមួយ​នឹង Iniesta​។

អំឡុង​រយៈពេល​​ 16​ឆ្នាំ​របស់​គេ​ជាមួយ​នឹងក្លិប Barcelona ខ្សែ​បម្រើ​វ័យ​ 34​ឆ្នាំរូបនេះ បាន​ឈ្នះពាន La Liga 9​លើក និង​ពាន Champions League  4លើក​៕

ប្រភពពី៖ Sky Sports

Advertisement