Iniesta ចុះ​ហត្ថលេខា​ជាមួយ​ក្លិប​ជប៉ុន Vissel Kobe ក្រោយ​ចាក​ចេញពី Barcelona

Andres Iniesta បាន​ចុះ​ហត្ថលេខា​​ជាមួយ​ក្លិប​ជប៉ុន Vissel Kobe ក្រោយពី​បានប​ញ្ចប់​កិច្ចសន្យា​របស់​គេ​ជាមួយ​នឹង​ក្លិប Barcelona​។

ខ្សែ​បម្រើ​វ័យ​ 34​ឆ្នាំ​រូបនេះ បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​សន្និ​សីទ​សារព័ត៌​មានមួយ​នៅ​​ឯ​សណ្ឋា​គារ​​មួយ​ក្នុង​ទីក្រុង​តូ​ក្យូ កាលពីថ្ងៃ​ព្រហស្បតិ៍ រួម​ជាមួយ​នឹង​លោក Hiroshi Mikitani ដែល​ជាម្ចាស់​ក្លិប Kobe​។ លោក Mikitani បាន​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់ក្នុងការ​ប្រកាស​ថា Andres Iniesta នឹង​ចុះ​ហត្ថលេខា​លេង​ជា​មួយ​នឹង​ក្លិប Vissel Kobe ក្រោយពី​ការ​បញ្ចប់​អាជីព​ជា​ប្រវត្តិ​សាស្ត្រ​របស់​គេ​នៅ​ឯ​ក្លិប Barcelona​។ Iniesta បាន​ចុះហត្ថលេខា​លើ​កិច្ច​សន្យា​របស់​គេ​ ហើយ​​បាននិយាយ​តាម​រយៈ​អ្នក​បក​ប្រែម្នាក់​។ លក្ខខណ្ឌ​ផ្សេង​ៗ​នៃ​កិច្ច​សន្យា​នេះ ត្រូវ​បាន​បិទ​ជិត ​ប៉ុន្តែ បណ្តាញ​​សារ​ព័ត៌​មាន​របស់​ជប៉ុន បាន​ចេញ​ផ្សាយ​ថា រូប​គេនឹង​ទទួល​បាន​ចំណូល​ 30​លាន​ដុល្លារ​អាមេរិក ក្នុង​រយៈ​ពេល​ 1​ឆ្នាំ​​ពី​កិច្ច​សន្យា​រយៈពេល​3ឆ្នាំ​របស់​គេ​។ Iniesta បាន​ឱ្យ​ដឹង​​ថា៖ «ខ្ញុំ​ទទួល​បាន​សំណើ​ជាច្រើន ក្លិប​ផ្សេង​ទៀត​បាន​បង្ហាញ​ពី​ការ​ចាប់​អារម្មណ៍​លើ​ខ្ញុំ​»​។

ខ្សែ​បម្រើ​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «ប៉ុន្តែ ខ្ញុំ​បាន​ជ្រើស​រើស​យក​ Vissel Kobe ដោយ​សារ​តែ​វា​ជា​គម្រោង​ដ៏​គួរ​ឱ្យចាប់​អារម្មណ៍​មួយ​។ ពួកគេក៏​​មាន​ការ​ជឿជាក់​ជាច្រើន​ផងដែរ​លើ​ខ្ញុំ​ក្នុង​នាម​ជា​មនុស្ស និង​ជា​កីឡាករ​ម្នាក់ ដែល​នោះ​គឺ​ជា​ហេតុ​ផល​ដ៏​ធំ​មួយ​»​។ សូមជម្រាបថា លោក Mikitani ក៏​ជា​នាយក​ប្រតិ​បត្តិ​របស់​ក្រុម​ហ៊ុន​លក់ផលិតផល​តាម​អន​ឡាញ Rakuten ដែល​ជា​ម្ចាស់​ឧប​ត្ថម្ភ​ធំ​របស់​ក្លិប Barcelona ផងដែរ​៕

ប្រភព​ព័ត៌​មាន៖ The Guardian

Advertisement