Salah៖ ការមិន​អាត្មានិយម គឺជា​កូនសោ​សម្រាប់​ខ្សែប្រយុទ្ធ​ទាំង3 របស់ Liverpool

ខ្សែប្រយុទ្ធ​ដ៏​មាន​ឥទ្ធិពល Mohamed Salah របស់​ក្រុម Liverpool បាន​ទទួលស្គាល់ថា វា​នឹង​ក្លាយជា «សុបិន​ក្លាយ​មួយ» ក្នុងការ​បំពេញ​រដូវ​កាល​ទី1 ដ៏​អស្ចារ្យ​របស់គេ​នា​កីឡដ្ឋាន Anfield តាមរយៈ​ការបញ្ចប់​ការគ្រប់គ្រង​របស់ Real Madrid ក្នុង​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប ក្នុងការ​ប្រកួត Champions League វគ្គ​ផ្តាច់ព្រ័ត្រ នៅ​ថ្ងៃ​សៅរ៍​នេះ។

ប៉ុន្តែ ទោះបីជា​យ៉ាងណា Salah បាន​បញ្ជាក់ថា រូបគេ​នឹង​រីករាយ ប្រសិនបើ  Roberto Firmino ឬ Sadio Mane រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​ដែល​នឹង​ជួយ​ឲ្យ​ក្រុម​ហង្ស​ក្រហម​របស់​ពួកគេ ឈ្នះ​ពាន​កំពូល​អឺរ៉ុប ជា​លើក​ទី៦របស់​ពួកគេ។ Salah បានឈ្នះ​ពាន​កិត្តិយស​ជា​បន្តបន្ទាប់ ខណៈដែល​រូបគេ​រកបាន44គ្រាប់ ក្នុងចំណោម​គ្រាប់​បាល់​សរុប​ទាំង៩០ដែល​ខ្សែប្រយុទ្ធ​ទាំង៣របស់​ក្រុម Liverpool រកបាន​នៅ​រដូវ​កាល​នេះ។ ប៉ុន្តែ គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ក៏បាន​កើតឡើង​ច្រើន​ផងដែរ​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League។

Salah បាន​ប្រាប់​គេហទំព័រ UEFA.com ថា៖ «វា​មិនមាន​បញ្ហា​នោះឡើយ​ចំពោះ​កីឡាករ​រូប​ណា​ដែល​រកបាន​គ្រាប់​បាល់​បញ្ចូល​ទីនោះ។ ការ​ឈ្នះ​ការប្រកួត ការដណ្តើម​បាន​ពិន្ទុ នោះ​គឺជា​រឿង​ដ៏​សំខាន់បំផុត​សម្រាប់​យើង ពីព្រោះ​ដូចដែល​អ្នក​អាច​ឃើញស្រាប់​ហើយ ខ្ញុំ​បាន​ស៊ុត​បាល់​បញ្ចូល​ទី10គ្រាប់ ក្នុង​ក្របខ័ណ្ឌ Champions League កីឡាករ Sadio រកបាន9គ្រាប់ ហើយ Firmino រកបាន 10គ្រាប់ ហេតុនេះ យើងទាំងអស់គ្នា​មាន​កម្រិត​ដូចគ្នា»។

តារា​ឆ្នើម​អន្តរជាតិ​អេ​ហ្ស៊ី​ប​រូបនេះ​បាន​បន្ថែមទៀតថា៖ «គ្មាន​នរណាម្នាក់​នៃ​យើង មាន​ភាព​អាត្មានិយម ឬ​ចង់តែ​ស៊ុត​បាល់​បញ្ចូល​ទី​ឡើយ។ យើង​ព្យាយាម​ជួយ​គ្នា​ទៅវិញទៅមក​ដើម្បី​រកបាន​គ្រាប់​បាល់»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង1:45ទៀបភ្លឺ៕

ប្រភពពី៖ Channel News Asia

Advertisement