Liverpool ចង់​បំពេញ​ការ​ផ្ទេរ Fekir ពីក្លិប Lyon មុនយុទ្ធ​នា​ការ World Cup

ក្រុម​ហង្សក្រហម Liverpool កំពុង​តែ​ជំ​រុញ​ឱ្យ​មាន​ការ​ផ្ទេរ​មួយ​ត្រូវ​បំពេញ​ជាផ្លូវការ​ដើម្បី​ចុះហត្ថលេខា​ជា​មួយ​នឹង​ខ្សែ​បម្រើ Nabil Fekir ដែលមកពី​ក្លិប Lyon នៅមុន​ពេល​រូប​គេ​​ធ្វើ​ដំណើរ​ទៅកាន់​យុទ្ធ​នា​ការ World Cup ជា​មួយនឹងក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​​បារាំង​។ នេះ​បើយោង​​តាម​ប្រភព​ព័ត៌​មាន​នា​នា​របស់ Sky Sports​។

វា​មិន​ទាន់​មាន​ការ​ផ្ទេរ​មួយ​កើត​ឡើង​រវាង​​ក្លិប​​ដែល​ទាក់​ទង​​ទាំង​2 ​ឡើយ ប៉ុន្តែ Liverpool ត្រូវ​បាន​​រំពឹង​ទុក​ថា នឹង​ព្យា​យាម​​បំពេញ​ការ​ព្រមព្រៀង​គ្នា​​មួយ​នៅមុន​ពេលថ្ងៃ​សៅរ៍​នេះ ជាមួយ​នឹង​តម្លៃខ្លួន​ 60​លាន​អឺ​រ៉ូ (ស្មើ​នឹង​ 71​លាន​ដុល្លារ​អាមេរិក​)​។ Fekir ដែល​អាច​លេង​ទាំង​ក្នុង​តំបន់​បម្រើ និង​ប្រយុទ្ធ​នោះ នឹង​ត្រូវ​បំពេញ​កន្លែង​ទំនេរមួយ​ដែល​ត្រូវ​បាន​ចាក​ចេញ​​ដោយ​ខ្សែ​បម្រើ​ដ៏មាន​ឥទ្ធិ​ពល Philippe Coutinho ទៅកាន់​ក្លិប Barcelona កាលពី​ខែមករា​។ ខ្សែ​បម្រើ​វ័យ​ 24ឆ្នាំ​រូបនេះ គឺ​ជា​សមា​ជិក​ម្នាក់​​នៃ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​បារាំង សម្រាប់​យុទ្ធ​នាការ World Cup នា​ពេល​ខាង​មុខនេះ​។

Liverpool ពិត​ជា​ចង់​បំពេញ​ការ​ផ្ទេរ​មួយ​នេះ នៅមុន​​ពេល Fekir ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​រុស្ស៊ី ក្រោយពី​​ការ​ប្រកួត​កម្តៅ​សាច់​ដុំ​ជាលើក​ចុងក្រោយ​របស់​ក្រុម​ជម្រើស​ជាតិ​បារាំង ជាមួយ​នឹងក្រុម​ជម្រើស​ជាតិ​សហ​រដ្ឋ​អាមេរិក នៅ​ថ្ងៃ​សៅរ៍នេះ​​។ Fekir បាន​ស៊ុត​បាល់​បញ្ចូល​ទី​ 24​គ្រាប់​នៅ​​រដូវ​កាល​នេះ ដើម្បី​ជួយ​ឱ្យ​ក្រុម Lyon ឈ្នះ​សិទ្ធិ​ទៅ​ប្រកួតក្រប​ខ័ណ្ឌ Champions League តាម​រយៈ​ការ​បញ្ចប់​ក្នុង​​ចំណាត់ថ្នាក់​លេខ​3 នៅលើ​តារាងក្រ​ប​ខ័ណ្ឌ Ligue 1​៕

ប្រភព​ពី៖ Sky Sports

Advertisement