លោក Southgat ឈឺក្បាលលើការជ្រើសរើសក្រុមអង់គ្លេស ក្រោយផ្តួលកូស្តារីកា

លោក Gareth Southgate បានទទួលស្គាល់ថា លោក «មានការសម្រេចចិត្តដ៏លំបាក» ជាច្រើនដែលត្រូវធ្វើ ជុំវិញកាជ្រើសរើសទាំង 11នាក់ដំបូងរបស់លោកសម្រាប់ការប្រកួតបើកឆាកក្នុងពូលរបស់ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសក្នុងយុទ្ធនាការ World Cup ជាមួយនឹងក្រុមជម្រើសជាតិទុយនីស៊ី ក្នុងរយៈពេល 10ថ្ងៃទៀត ក្រោយពីក្រុមដែលមានការផ្លាស់ប្តូរកីឡាករច្រើនរបស់លោក បានបង្ហាញពីទម្រង់លេងដ៏គួរឱ្យទាក់ទាញនៅពេលប្រកួតជាមួយនឹងក្រុមកូស្តារីកា។

ខ្សែប្រយុទ្ធ Marcus Rashford និងខ្សែបម្រើ Ruben Loftus-Cheek បានបង្ហាញពីទម្រង់លេងដ៏គួរឱ្យទាក់ទាញក្នុងពេលយកឈ្នះលើក្រុមបាល់ទាត់ជម្រើសជាតិកូស្តារីកា ក្នុងលទ្ធផល 2-០ ក្នុងទីក្រុង Leeds កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីផ្តល់ឱ្យអ្នកចាត់ការទូទៅរូបនេះមានហេតុផលជាច្រើនដែលត្រូវពិចារណា នៅមុនពេលការធ្វើដំណើររបស់ក្រុមអង់គ្លេសទៅកាន់យុទ្ធនាការ World Cup នៅថ្ងៃអង្គារសប្តាហ៍ក្រោយ។

លោក Southgate បានឱ្យដឹងថា៖ «ពិតណាស់ វាកាន់តែលំបាក។ មានការសម្រេចចិត្តធំៗជាច្រើនដែលត្រូវធ្វើ ប៉ុន្តែ ស្ថិតក្នុងវិធីដ៏ល្អមួយ។ ប្រសិនបើខ្ញុំគិតថា ខ្ញុំមិនមាននរណាម្នាក់ក្នុងការលេងក្នុងទីតាំងនេះ ឬក្នុងទីតាំងនោះ វានឹងក្លាយជាស្ថានភាពដ៏លំបាក។ យើងបានស្នើឱ្យកីឡាករផ្តល់ឱ្យយើងនូវការប្រជែងគ្នាសម្រាប់កៅអីផ្សេងៗ ហើយពួកគេធ្វើបាន។ យើងត្រូវការជម្រើសជាច្រើន»។

គ្រូបង្វឹករូបនេះបានប្រាប់បន្ថែមទៀតថា៖ «អ្វីដែលបានធ្វើឱ្យខ្ញុំរីករាយនោះគឺថា Marcus Rashford បានរីករាយនឹងកីឡាបាល់ទាត់របស់គេនៅរាត្រីនេះ។ រូបគេលេងបានយ៉ាងល្អ ជាមួយនឹងភាពមុតស្រួចយ៉ាងពិតប្រាកដ»៕

ប្រភពពី៖ The Guardian

Advertisement