ការ​ប្រកួត​ជុំ​ទី​1​នៃ Carabao Cup នឹង​ត្រូវ​​ចាប់​ឆ្នោត​នៅ​វៀត​ណាម

វៀត​​​ណាម នឹង​ធ្វើ​ជាម្ចាស់​ផ្ទះ​​ការ​ចាប់ឆ្នោត​សម្រាប់​ការ​ប្រកួត​ជុំ​ទី​1 ​នៃ​យុទ្ធ​នា​ការ​ពាន Carabao Cup នៅ​រដូវកាល​ក្រោយ​។ នេះ​បើយោង​តាម​ការ​ប្រកាស​របស់​ក្រប​ខ័ណ្ឌ​លីក​អង់គ្លេស​ហៅកាត់​ថា EFL។

វា​ជា​រយៈពេល​ 2​ឆ្នាំ​ជាប់​ៗ​គ្នា​​ដែល​ការ​ចាប់ឆ្នោត​នេះ ត្រូវ​បាន​​រៀប​ចំ​ឡើង​នៅ​បរទេស ក្រោយពី​ការ​ចាប់ឆ្នោត​ឆ្នាំ​2017 សម្រាប់​ការ​ប្រកួត​ជុំ​ទី​1​នៃ​ពាន Carabao Cup ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ទីក្រុង​បាង​កក​។ កំហុស​បច្ចេក​ទេស​បាន​កើត​ឡើង​ក្នុង​ការ​ចាប់​ឆ្នោត​កាលពី​ឆ្នាំមុន ប៉ុន្តែមិន​បាន​រា​រាំងមិន​ឱ្យ EFL បញ្ជូន​លោក Steve McManaman, Louis Saha និង​លោក Dennis Wise ទៅកាន់​ទីក្រុង​ហូ​ជី​មិញ ដើម្បី​រៀប​ចំ​ការ​ចាប់ឆ្នោត​នៅ​ថ្ងៃ​សុក្រ​នេះ​ឡើយ​។ គណៈ​កម្មា​ធិការ​​រៀប​ចំ​ការ​ប្រកួតសង្ឃឹម​ថា ការ​ចាប់​ឆ្នោត​​នា​ពេល​ខាង​​មុខនេះ នឹង​​មាន​ភាពល្អ​ប្រសើរ​ជាង​ការ​ចាប់​ឆ្នោតលើក​ទី​1 ក្នុង​ប្រទេស​ថៃ ដែល​ត្រូវ​បាន​រំខាន​ដោយ​សារ​តែ​បញ្ហា​បច្ចេក​ទេស​។ រូប​ភាព​ហ្គ្រា​​ហ្វិក​នៅ​លើ​អេក្រង់​ដ៏​ធំ បាន​បង្ហាញ​ថា ក្លិប Charlton ត្រូវ​លេង​ 2លើក ហើយ​ក្លិប​ផ្សេង​ទៀត ត្រូវ​បាន​ចាប់​គូ​ខុស​ជា​មួយ​នឹង​គូ​ប្រកួត​ផ្សេង​ទៀត នៅ​មុន​​ពេល​បញ្ហា​នេះត្រូវ​បាន​កែ​តម្រូវ​។

ក្លិប​​អង់គ្លេស​ចំនួន​ 70ក្រុមនឹង​បង្ហាញ​ខ្លួន​ក្នុង​ការ​ចាប់​ឆ្នោត​នេះ មុន​នឹង​​ត្រូវ​លេង​ក្នុង​សប្តាហ៍​​ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​​ទី13 ខែសីហា​​។ Manchester City គឺ​ជា​ម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក ក្រោយពី​បាន​ផ្តួលក្រុម Arsenal ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ នា​កីឡដ្ឋាន Wembley កាល​ពី​ខែកុម្ភៈ​​៕

ប្រភព​ពី៖ Sky Sports

Advertisement