បែល​ហ្ស៊ិក ជួប​ការ​ភិត​ភ័យ ខណៈ Hazard របួស​ក្នុង​ពេល​​​លត់​កូស្តារីកាយ៉ាងដំណំ

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​បែលហ្ស៊ិក កាល​ពី​ថ្ងៃ​ចន្ទ កំពុង​តែ​បារម្ភ​ជុំ​វិញភាព​រឹង​មាំ​របស់​តារាឆ្នើម Eden Hazard ក្រោយ​ពី​ខ្សែ​បម្រើ​ប្រយុទ្ធ​របស់​ក្លិប Chelsea រូបនេះ បាន​រង​របួស និង​ត្រូវ​ប្តូរ​ចេញក្នុង​ពេល​ពួក​គេ​បាន​យកឈ្នះ​លើ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កូ​ស្តារីកា ក្នុង​លទ្ធផល 4-1​។

Hazard បាន​​ដើរ​ចេញពី​ទីលាន​ប្រកួត​ទាំង​មាន​របួស និង​ដើរ​សំដៅ​ទៅកាន់​ច្រក​ចេញនៅនាទីទី​70 ក្រោយពី​បាន​រង​​ការ​ប្រជែងដ​ណ្តើម​បាល់​ចំ​ភ្លៅ​របស់​គេ​។ ប្រធានក្រុម​ជម្រើស​ជាតិ​បែល​ហ្ស៊ិក​រូបនេះ មិន​បាន​ត្រូវ​ការ​ជំនួយ​ពីក្រុម​គ្រូ​ពេទ្យ​​ក្នុង​ពេល​ចេញពី​ទីលានឡើយ ប៉ុន្តែការ​​ប្តូ​រ​ចេញ​របស់​គេ​នឹង​ក្លាយជា​កង្វល់​មួយ​សម្រាប់​លោក Roberto Martinez អ្នក​ចាត់​ការ​ទូទៅ​នៃក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក ដែលកំពុង​តែ​បារម្ភ​រួច​ជាស្រេចហើយ​ថា ខ្សែ​ការ​ពារ Vincent Kompany នឹង​មិន​រឹង​មាំ​​គ្រប់​​គ្រាន់​ដើម្បី​ចូល​លេង​ក្នុង​យុទ្ធ​នា​ការ World Cup នៅ​រដូវ​ក្តៅ​នេះ​ឡើយ​ តែក្រោយ​មក មិត្ត​រួម​ក្រុម​របស់​គេ​បាន​លុប​ចោល​ការ​ព្រួយ​បារម្ភ​ផ្សេង​ៗ​​ទាក់​ទង​នឹង​ការ​តារាឆ្នើម​របស់​ក្លិប Chelsea រូបនេះ​។ Lukaku បាន​ឱ្យ​ដឹង​​បន្ទាប់​ពី​ការ​ប្រកួត​នេះ​ថា៖  «ខ្ញុំ​មិន​បារម្ភ​ខ្លាំង​អំពី Eden ឡើយ​។ រូប​គេ​​ជា​មនុស្ស​រឹង​មាំ​។ រូប​គេ​​មាន​បញ្ហា​រាល់​តែលើក ប៉ុន្តែ​គេអាច​ជម្នះ​លើ​បញ្ហា​​នោះ​បានយ៉ាង​ឆាប់​រហ័ស​»​។

ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក ស្ថិតក្នុង​ពូល G នៃ​យុទ្ធ​នា​ការ World Cup រួម​ជា​មួយ​នឹងក្រុម​ជម្រើស​ជាតិ​អង់គ្លេស ប៉ា​ណាម៉ា និង​ទុយ​នេ​ស៊ី​៕

ប្រភព​ពី៖ The Telegraph

Advertisement