លោក Lopetegui នឹង​​ត្រូវកាន់​តំណែងនៅ Real Madrid បន្ទាប់ពីចប់ World Cup

ក្លិប Real Madrid កាល​ពី​ថ្ងៃ​អង្គារ បានប្រកាស​ពី​ការ​តែង​តាំង​​គ្រូបង្វឹក​នៃក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ​លោក JulenLopetegui ធ្វើជា​គ្រូបង្វឹក​​របស់​ពួក​គេ​ចាប់​ពី​រដូវ​កាលក្រោយ​ត​ទៅ ដែលនាំ​ឱ្យ​មាន​​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំងក្នុង​ក្រុម​ជម្រើស​ជាតិ​មួយនេះមុន​​ពេល​យុទ្ធ​នាការ World Cup​ ខណៈ​ដែលការប្រកាសនោះបាន​បញ្ជាក់ថា គ្រូបង្វឹក​វ័យ​ 51ឆ្នាំ​រូបនេះ នឹង​ចូល​រួម​ជាមួយ​នឹង​ក្លិប ក្រោយ​ពី​ការ​ចូល​​រួម​ក្នុង World Cup របស់​អេ​ស្ប៉ាញរួច។

ក្លិប Real ដែល​ជាម្ចាស់​ជើង​ឯក Champions League បាន​ឱ្យ​​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍មួយ​ថា៖ «ក្លិប Real Madrid សូម​ប្រកាស​ថា លោក JulenLopetegui នឹងក្លាយ​ជា​គ្រូបង្វឹក​របស់​ក្រុម​​ឈុត​ទី​1 អំឡុង​ពេល​រយៈពេល​ 3​រដូវ​កាល​បន្ទាប់​»​។ លោក Lopetegui នឹង​ចូល​ជំនួស​កន្លែង​របស់​លោក Zinedine Zidane ក្នុង​នាម​ជា​គ្រូបង្វឹក​នៅកីឡដ្ឋាន Santiago Bernabeu ក្រោយ​ពីគ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ បាន​​ចាក​ចេញ​កាល​ពី​ថ្ងៃ​ទី​31​ ខែ​ឧសភា បន្ទាប់​ពី​ឈ្នះក្នុង​ការប្រកួត​Champions League វគ្គ​ផ្តាច់​ព្រ័ត្រ​របស់​ពួកគេ​លើ​ក្រុម Liverpool​ ក្នុង​ទីក្រុង​គៀវ​។

ព័ត៌មាន​​នេះ គឺ​ជា​រឿង​ដ៏គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​សម្រាប់​អេ​ស្ប៉ាញ ក្នុង​រយៈ​ពេល​ត្រឹម​តែ​ 3​ថ្ងៃ នៅ​មុន​ពេល​ការ​ប្រកួត​បើក​ឆាក​របស់​ពួក​​គេ​​ជាមួយ​នឹងក្រុម​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់ ក្នុង​យុទ្ធ​នាការ World Cup នៅ​ប្រទេស​រុស្ស៊ី​។ លោក Lopetegui និង​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អេ​​ស្ប៉ាញ បច្ចុប្បន្នកំពុង​តែ​​ស្ថិត​នៅ​មូលដ្ឋាន​ហ្វឹកហាត់​របស់​ពួក​គេ​ក្នុង​ទីក្រុង Krasnodar​៕

ប្រភព​ពី៖ Channel News Asia

Advertisement