Wilder យល់​ព្រម​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ជាមួយ Joshua នៅ​​ចក្រ​ភព​អង់គ្លេស

ម្ចាស់​ខ្សែក្រវាត់ពិភព​លោក​ទម្ងន់​ធ្ងន់ Deontay Wilder បាន​បញ្ជាក់​ថា រូប​គេ​​បាន​យល់ព្រម​ដើម្បី​ប្រកួត​ជា​មួយ​នឹងកីឡាករ​អង់​គ្លេស Anthony Joshua នៅលើ​ទឹកដី​​ចក្រ​ភព​អង់គ្លេសហើយ នៅ​ចុង​​ឆ្នាំនេះ​។ កីឡាករ​ប្រដាល់​វ័យ​ 32​ឆ្នាំ​​សញ្ជាតិ​អាមេ​រិក​រូបនេះ កំពុង​តែ​គ្រប់​គ្រង​ខ្សែក្រវាត់ WBC និង​ចង់​​បាន​ការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​រួម​ជាមួយ​នឹង Joshua ដែល​ជាម្ចាស់​ខ្សែក្រវាត់ WBA, IBF និង WBO​។

Wilder បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter ថា៖ «សំណើ​ក្នុង​​ទឹក​ប្រាក់​ 50​លាន​ដុល្លារ​សម្រាប់​រូប​​គេ​ដើម្បី​ប្រកួត​ជាមួយ​នឹង​ខ្ញុំ​​នៅ​ពេល​បន្ទាប់​ទៀតនៅ​សហ​រដ្ឋ​អាមេរិក នៅ​តែ​​អាច​កើតឡើង​។ នៅថ្ងៃនេះ ខ្ញុំ​បាន​យល់​ព្រម​សំណើ​របស់​ពួក​គេ ដើម្បី​ប្រកួត​ជាមួយ​នឹង Joshua នៅ​ចក្រ​ភព​អង់​គ្លេស​»​។ Joshua ត្រូវ​បាន​ដក​ស្រង់​សម្តី​ដោយ ESPN ក្នុង​ពេល​និយាយ​ថា៖ «យើង​​បាន​យល់​ព្រម​លើ​លក្ខខណ្ឌ​ផ្សេង​ៗ​ ដែល Eddie បាន​ផ្តល់​ឱ្យ​យើង​សម្រាប់​ការប្រកួត​មួយ​នៅ​ចក្រ​ភព​អង់​​​គ្លេស​»​។

Joshua វ័យ​ 28​ឆ្នាំ បាន​ឈ្នះ​ខ្សែ​វាត់​​ពិភព​លោក​លើក​ទី​​1 ​​របស់​គេ​កាលពីឆ្នាំ​2016 និង​ការ​ពារ​បាន 5លើក ដើម្បី​ធ្វើ​ឱ្យកំណត់​ត្រា​ឈ្នះ​របស់​គេ​​កើន​ដល់​ 21លើក មិន​ដែល​ចាញ់ ក្នុង​នោះ​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​ 20​លើក​។ Wilder វ័យ​ 32​ឆ្នាំ មាន​កំណត់​ត្រា​ឈ្នះ​ 40​លើក មិន​ដែល​ចាញ់ ក្នុង​​នោះ​ផ្តួល​​គូប្រកួត​ឱ្យ​សន្លប់​39លើក ក្រោយពី​រូប​គេ​បាន​ផ្តួល​កីឡាករ​មិនស្គាល់​ចាញ់ដូចគ្នា Luis Ortiz របស់​គុយ​បា នៅ​ទឹក​ទី​10 ក្នុង​ទីក្រុង​ញូវ​យ៉ក កាល​ពី​ថ្ងៃ​ទី​3 ខែមីនា៕

ប្រភព​ពី៖ BBC

Advertisement