គ្រូបង្វឹក​រុស្ស៊ី មិន​ខ្វល់​ពី​ការ​រិះ​គន់ មុន​ពេល​បើក​យុទ្ធ​នាការ World Cup រាត្រីនេះ

លោក Stanislav Cherchesov គ្រូ​បង្វឹកនៃក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​រុស្ស៊ី បានប្រាប់​ក្រុម​របស់​លោក​ឱ្យធ្វើ​ព្រងើយ​កន្តើយ​ទៅ​នឹង​ការ​រិះ​គន់​ផ្សេង​ៗ​របស់​បណ្តាញ​សារព័ត៌​មាន នៅមុន​​ពេល​ការប្រកួត​បើក​ឆាក​នៃ​យុទ្ធ​នាការ World Cup ជា​មួយ​នឹងក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌីត នៅ​រាត្រីនេះ និង​​ត្រូវ​ផ្តោត​ទៅលើ​ការ​ឈ្នះ​​។

ក្រុមម្ចាស់ផ្ទះមួយ​នេះ នឹង​​ឈាន​ទៅ​កាន់​យុទ្ធ​នា​ការ World Cup លើ​ទឹកដីខ្លួន​ឯង​ជាលើក​ទី​1 ក្នុង​ទម្រង់​លេង​ដ៏អន់​។ ពួក​គេ​បាន​បំ​បែក​​ទាំង​កំណត់​ត្រា​​របស់​រុស្ស៊ី និង​សហ​ភាព​សូវៀត តាមរយៈ​ការមិន​ស្គាល់ឈ្នះ​សោះ​ចំនួន​ 7​លើក​ជាប់​ៗ​គ្នា និង​ធ្លាក់​ទៅឈរ​​ក្នុង​ចំណាត់​ថ្នាក់​លេខ​70 នៅលើ​តារាង​ពិភព​លោក ដែល​ជាចំណាត់​ថ្នាក់​ទាប​ជាង​គេ​​បំផុត​ក្នុង​ចំណោម​ក្រុម​ទាំង​32 ​ក្នុង​យុទ្ធ​​នា​ការ World Cup លើកនេះ​។ ទំព័រ​មុខ​របស់​កា​សែត​ជាច្រើន កំពុង​តែ​ដាក់សំណួរថា តើរុស្ស៊ីនឹង​មាន​ឱកាស​លើកពាន World Cup ជាលើក​ទី​1 ឬ​យ៉ាង​ណា ប្រសិន​បើ​អ្វី​ៗ​កាន់​តែ​​លិច​លង់​បែបនេះ​?។ លោក Cherchesov បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន ក្រោយ​ពី​ការ​ហ្វឹកហាត់​ជាលើក​ចុងក្រោយ​របស់​ក្រុម​លោក​នៅ​កីឡដ្ឋាន Luzhniki ក្នុង​ទីក្រុង​ម៉ូ​ស្គូ​ថា៖ «យើង​ត្រូវ​តែ​ទទួល​យក​រាល់​ការ​រិះ​គន់​ទាំង​អស់ និង​ធ្វើ​ឱ្យ​វា​ក្លាយ​ជារឿង​វិជ្ជ​មាន​»​។

ការ​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ 1-1 ក្នុង​ទីក្រុង​​ម៉ូ​ស្គូ ជា​មួយ​នឹងក្រុម​ជម្រើស​ជាតិ​តួក​គី កាល​ពី​សប្តាហ៍មុន បាន​ធ្វើ​ឱ្យ​​អតីត​អ្នក​ចាំ​ទី​​អន្តរ​ជាតិ​រុស្ស៊ី​លោក Cherchesov ក្លាយ​ជា​អ្នក​ចាត់​ការ​ទូទៅ​របស់​រុស្ស៊ី ឬ​សហ​ភាព​សូវៀត​ដំបូង​គេ ក្នុង​ការ​មិនស្គាល់​ឈ្នះ​សោះ​ក្នុង​ការប្រកួត​​ 7លើក​ជាប់​ៗ​គ្នា ក្នុងនោះ​ 4​ប្រកួត​បញ្ចប់​ដោយ​ការ​ចាញ់​​។ ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​ 10​យប់​៕

ប្រភព​ពី៖ Times of India

Advertisement