លោក​ពូ​ទីន អប​​អរ​គ្រូបង្វឹក​រុស្ស៊ី ក្រោយ​​ក្រុមជម្រើសជាតិរបស់ខ្លួនលត់​ក្រុមអា​រ៉ា​ប៊ី​សា​អ៊ូ​ឌីត


លោក Stanislav Cherchesov គ្រូបង្វឹក​​នៃក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​​រុស្ស៊ី បាន​បញ្ជាក់​ថា លោក​បាន​ទទួល​សារ​អប​អរ​សាទរ​ពីសំណាក់​លោក​ប្រធា​នា​ធិបតី​ Vladimir Putin ក្រោយ​ពីក្រុម​ម្ចាស់ផ្ទះ World Cup មួយនេះ បាន​ផ្តួល​ក្រុម​ជម្រើស​ជាតិ​អា​រ៉ាប៊ី​សា​អ៊ូឌីត​ ក្នុង​លទ្ធផល 5-០ ក្នុង​ការ​ប្រកួត​បើក​ឆាក​នៃ​យុទ្ធ​នា​ការ​នេះ កាល​ពីថ្ងៃព្រហស្បតិ៍​។

ក្រុមរ​បស់​លោក Cherchesov បាន​ឈាន​ទៅកាន់​ការប្រកួត​នា​កីឡដ្ឋាន Luzhniki ក្នុង​ទីក្រុង​ម៉ូស្គូ ក្រោម​សម្ពាធ​ដ៏​ធំ ដើម្បី​​បង្ហាញ​​ពី​ទម្រង់​លេង​ប្រកប​ដោយ​ភាព​ទាក់​ទាញ​។ ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី មិនដែលស្គាល់​ឈ្នះ​សោះ​អស់​រយៈពេលច្រើន​ជាង​ 8​​ខែមក​ហើយ និង​បាន​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​70 ​ក្នុង​ពិភព​លោក ដែលនេះ​ជា​ចំណាត់ថ្នាក់​ទាប​ជាង​គេ​បំផុត​ក្នុង​ចំណោម​ក្រុម​ទាំង​32 ​ក្នុង​ព្រឹត្តិ​ការណ៍ World Cup​។ ប៉ុន្តែ ក្រុម​ម្ចាស់​ផ្ទះមួយនេះ បាន​​បង្ហាញ​ពី​ភាព​ជឿជាក់​ម្តង​ទៀត ជាមួយ​នឹង​ការ​បង្ហាញពី​ទម្រង់​លេង​ដ៏គួរ​ឱ្យកត់សម្គាល់​។ ពួក​គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់​នៅ​ពេលជិត​បញ្ចប់​ការ​ប្រកួត ហើយ​​កីឡាករ​របស់​ក្រុម​ជម្រើស​ជាតិ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌីត បាន​សម្តែង​នូវ​ការ​ខកចិត្ត​យ៉ាង​ខ្លាំង ក្រោយពី​បញ្ចប់​ការ​ប្រកួត​​ភ្លាម​ៗ​។ លោក Putin បាន​ញញឹម​ជាច្រើន​លើក ខណៈ​ដែល​លោក​បាន​ទស្ស​​នា​ការ​ប្រកួត​ពី​កៅអីក្នុង​ប្រអប់ VIP ជាមួយ​នឹង​​ព្រះ​អង្គ​ម្ចាស់​អារ៉ា​ប៊ី​សា​អ៊ូ​ឌីត Mohammed bin Salman​។

កីឡាករ IuryGazinsky បាន​​ស៊ុត​បាល់​បញ្ចូល​ទី​ក្រោយពី​លេង​បាន​រយៈពេល​ 12​នាទី ហើយ Denis Cheryshev បាន​បន្ថែម​​គ្រាប់បាល់​ទី​2 នៅមុន​ពេល​សម្រាក​តង់​ទី​1 ក្រោយពី​​ចូល​លេង​ជំនួស​កន្លែង​របស់​កីឡាករ Alan Dzagoev ដែលមាន​​របួស​​។ ខ្សែ​ប្រយុទ្ធ ArtemDzuyba បាន​ស៊ុត​បាល់​បញ្ចូល​ទី​​គ្រាប់បាល់​ទី​3 ​មុន​ពេល​ក្រុមម្ចាស់ផ្ទះរក​បាន​គ្រាប់​បាល់​បន្ថែម​ទៀត​នៅពេល​ជិត​បញ្ចប់​ការ​ប្រកួត​ពី​សំណាក់​កីឡាករ Cheryshev និង AleksandrGolovin និងបាន​បំពេញ​ជ័យជម្នះ​​ដ៏​កក់​ក្តៅ​ជាលើក​ទី​1 ​របស់​រុស្ស៊ី ចាប់​តាំងពី​ខែ​តុលា ឆ្នាំទៅដើម្បី​ចាប់​ផ្តើម​យុទ្ធ​នា​ការ​ក្នុង​ពូល A របស់​ពួក​គេ បានយ៉ាងល្អ​​ឥត​ខ្ចោះ​​តែម្តង​​៕

ប្រភព​ពី៖ Channel News Asia

Advertisement