លោក Deschamps ៖ បារាំង ត្រូវ​ដណ្តើមយក​ឱកាស​ពេល​ប៉ះ អូស្ត្រាលី

លោក Didier Deschamps គ្រូបង្វឹក​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​បារាំង បាន​អំពាវនាវ​ឱ្យ​ក្រុម​ប្រជុំ​ដោយ​តារាឆ្នើមៗរបស់ខ្លួន «ដណ្តើមយក​ថ្ងៃ​របស់ខ្លួន​ឱ្យបាន» នៅពេលដែល​ពួកគេ​ត្រូវ​ប៉ះ​ជាមួយនឹង​ក្រុមបាល់ទាត់​ជម្រើសជាតិ​អូស្ត្រាលី ដែល​កំពុង​សម្លឹង​រក​ជ័យជម្នះ​ក្នុងការ​ប្រកួត​បើកឆាក​របស់ខ្លួន​ក្នុង​យុទ្ធនាការ World Cup ក្នុង​ទីក្រុង Kazan នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ។

Soccer Football – FIFA World Cup – France Press Conference – Domaine de Montjoye, Clairefontaine, France – May 23, 2018 France coach Didier Deschamps during the press conference REUTERS/Gonzalo Fuentes

លោក Deschamps ដែលជា​សមាជិក​ឈ្នះ​ពាន World Cup ឆ្នាំ1998 ជាមួយនឹង​ក្រុម​ជម្រើសជាតិ​បារាំង នឹងត្រូវ​ដឹកនាំ​ក្រុម​ប្រជុំ​ដោយ​កីឡាករ​វ័យក្មេង​បំផុត​នៃ​យុទ្ធនាការ​នេះ និង​កំពុងតែ​សង្ឃឹមថា អាចធ្វើ​ការស្តារ​មុខមាត់​ពី​ការរង​បរាជ័យ​ក្នុងការ​ប្រកួត Euro ឆ្នាំ2016 វគ្គ​ផ្តាច់ព្រ័ត្រ ក្រោម​ស្នាដៃ​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ ក្នុងប្រទេស​បារាំង កាលពី 2ឆ្នាំមុន។

ក្នុងចំណោម​កីឡាករ​ទាំង 23នាក់​ក្នុង​ក្រុម​របស់លោក Deschamps មាន​កីឡាករ 14នាក់​មិន​ធ្លាប់បាន​លេង​ក្នុង​យុទ្ធនាការធំៗណាមួយ​នៅឡើយ ប៉ុន្តែ លោក​មិនបាន​ចាត់ទុក​ការខ្វះ​នូវ​បទពិសោធ​នេះ​ថា ជា​បញ្ហា​ធំ​ឡើយ។  លោក Deschamps វ័យ 49ឆ្នាំ បានបញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​ថា៖ «សម្រាប់​ខ្ញុំ វា​គ្មាន​នូវ​ការប្រថុយប្រថាន​ណាមួយ​ឡើយ  និង​ប្រសិនបើ​មាន គឺ​ដោយសារតែ​ពួកគេ​ខ្លួនឯង​ហ្នឹងឯង»។

គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀតថា៖ «យើង​មិនអាច​ធ្វើឱ្យមាន​អារម្មណ៍​ភ័យខ្លាច​បានឡើយ។ ខ្ញុំ​ចង់ឱ្យ​កីឡាករ​ទាំងអស់​មាន​អារម្មណ៍​ស្ងប់ និង​មានការ​ផ្តោតអារម្មណ៍។ គោលដៅ​របស់​ពួកគេ គឺ​ការធ្វើឱ្យ​បានល្អ​បំផុត។ ពួកគេ​ត្រូវតែ​ដណ្តើមយក​ឱកាស​របស់​ពួកគេ​ឱ្យបាន​ច្រើន​បំផុត»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង 5ល្ងាច៕

ប្រភពពី៖ Channel News Asia

Advertisement