Kane រក​គ្រាប់​បាល់​ឈ្នះ​សម្រាប់​អង់គ្លេស ខណៈ​​បែលហ្ស៊ិក លត់ ប៉ា​ណា​ម៉ា ចាស់​ដៃ

ខ្សែ​ប្រយុទ្ធ Harry Kane បាន​រក​គ្រាប់​បាល់​ឈ្នះ​នៅ​ពេលជិត​បញ្ចប់​ការ​ប្រកួតសម្រាប់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អង់គ្លេស កាល​ពីថ្ងៃ​ចន្ទ តាម​រយៈ​ការ​តែត​បាល់​បញ្ចូល​ទី​យ៉ាងល្អ​នៅនាទី​បន្ថែម ក្នុង​ការ​ប្រកួត​បើកឆាក​នៃ​យុទ្ធ​នា​ការ World Cup របស់​ពួក​គេ ក្រោយពី​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​បែលហ្ស៊ិក ផ្តួល​ក្រុម​ជម្រើស​ជាតិ​ប៉ា​ណា​ម៉ា ក្នុង​ការ​ប្រកួត​មួយ​គូ​មុននេះ​។

គ្រាប់​បាល់​ទី​2 ​របស់ Kane ក្នុង​ការ​ប្រកួត​នេះ បាន​ជួយ​​ឱ្យ​ក្រុម​របស់គេ​ទទួល​ជ័យជម្នះ 2-1 ក្រោយ​ពី​វា​ហាក់​បង្ហាញ​ថា ក្រុម​ជម្រើស​ជាតិ​អង់​គ្លេស បាន​ខ្ជះ​ខ្ជាយ​ឱកាស​ជាច្រើន​ក្នុង​ការ​​បាត់​បង់​ 3​ពិន្ទុ​ទៅហើយ បន្ទាប់​ពី​​ក្រុម​ជម្រើស​ជាតិ​ទុយ​នី​ស៊ី តាម​ស្មើ​វិញ​នៅ​​រយៈពេល​ 20​នាទី​ចុងក្រោយ​នៃ​តង់​ទី​1​។ Kane បាន​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​ពិត​ជា​មាន​មោទ​ន​ភាព​ណាស់​​ចំពោះ​មិត្តួរួម​​ក្រុម​ទាំង​អស់​។ ពួក​គេ​បាន​រក្សា​ការ​ឆ្ពោះ​ទៅ​មុខ និង​រក្សា​ការ​ប្រជែង​រហូត​ដល់​វិនាទី​ចុងក្រោយ​។ ខ្ញុំ​ពិត​ជា​​រំភើប​ណាស់ ក្រុម​ការ​ងារ​ទាំង​អស់​ក៏​រំភើប​ដែរ​។ វា​បង្ហាញពី​ឥរិយា​បថ​ដ៏ល្អ​ក្នុង​ការ​បំពេញ​ការ​ងារ​នេះ​»​។

លោក Roberto Martinez គ្រូបង្វឹកនៃក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​បែល​ហ្ស៊ិក បាន​កោត​សរសើរ​​ទម្រង់​លេង​របស់​ក្រុម​លោក ក្រោយ​ពី​ពួក​គេ​បាន​ជម្នះ​លើ​បញ្ហា​លំ​បាកក្នុង​តង់​ទី​1 ដើម្បីផ្តួលក្រុម​ជម្រើស​ជាតិ​ប៉ា​ណាម៉ា យ៉ាង​ចាស់​ដៃក្នុង​លទ្ធ​ផល 3-០ ក្នុង​ការ​ប្រកួត​បើកឆាក​នៃ​យុទ្ធ​នា​ការ World Cup របស់​ពួក​គេ កាល​ពីថ្ងៃ​ចន្ទ​។លោក Martinez បាន​ឱ្យ​ដឹង​ថា៖ «គ្រាប់​បាល់​ទី​1 ​ពិត​ជា​សំខាន់​ណាស់​។ វា​គឺ​ជា​ការ​ជំរុញស្មារតី​ដ៏ធំមួយ​សម្រាប់ក្រុម​យើង ហើយ​វា​ផ្តល់​ឱ្យអ្នក​នូវ​​ភាពធូរ​ស្រាល​សម្រាប់​ការ​ប្រកួត​លើកទី​1 ​របស់​អ្នក​ក្នុ​ងយុទ្ធ​នា​ការ​នេះ ហើយ​ខ្ញុំ​បាន​គិត​ត្រង់​ចំណុច​នោះ​ថា យើង​កាន់​តែ​​លេង​ល្អ និង​កាន់​តែ​គ្រប់​គ្រង​បាល់​បាន​ច្រើន​»។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុម​ជម្រើស​ជាតិ​ស៊ុយ​អែត បាន​ផ្តួល​ក្រុម​ជម្រើស​ជាតិ​​កូរ៉េខាង​ត្បូង ក្នុងលទ្ធផល 1-០ ក្រោយ​ពី​​​មាន​គ្រាប់​បាល់​ប៉េ​ណាល់​ទី​​1 ក្នុ​ងតង់​ទី​2 ដែលបានកើត​ឡើង​​ដោយ​សារ​តែប្រព័ន្ធ​​វី​ដេ​អូ​ជំនួយ​ការ​អាជ្ញា​កណ្តាល(VAR)​​​៕

ប្រភព​ពី៖ The Sun Daily

Advertisement