កូរ៉េ​ខាង​ជើង និង​ខាង​ត្បូង យល់​ព្រមបង្កើត​ក្រុម​រួម​គ្នា និង​ចូល​រួមព្រឹត្តិ​ការណ៍​កីឡា​នា​នា

កូរ៉េខា​ង​ជើង និង​ខាង​ត្បូង បានយល់​​ព្រម​រៀប​ចំ​ការ​ប្រកួត​កីឡា​បាល់​​បោះ​រួម​គ្នា​មួយ ក្នុង​ទីក្រុង Pyongyang  ហើយនឹង​បង្កើត​ក្រុម​រួម​គ្នា​ជាច្រើន​ទៀតក្នុងព្រឹត្តិការណ៍​កីឡា​អាស៊ី នា​ខែ​សីហា ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​។ នេះ​បើយោង​តាម​ការ​ប្រកាស​​របស់​​ប្រទេស​​ទាំង​2 កាល​ពីថ្ងៃ​ចន្ទ ក្រោយពី​ការ​​ចរ​ចា​នា​នា​ពេញ​ 1​ថ្ងៃ នៅ​ឯ​ព្រំ​ដែន​រួម​គ្នា​របស់​ពួក​គេរួចមក​។

ការ​ប្រកួត​កីឡា​បាល់​បោះ​នេះ នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​​នៅថ្ងៃ​ទី​4 ខែកក្កដា ដើម្បី​អប​អរ​​ខួប​គម្រប់​នៃ​​កិច្ច​ព្រម​ព្រៀង​រួម​គ្នា​មួយ​របស់​​អន្តរ​កូរ៉េ​​។ នេះ​បើយោង​តាម​ការ​ប្រកាស​របស់ប្រទេស​ទាំង​2 ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​។ ការ​ប្រកួត​មួយ​ផ្សេង​ទៀត​នឹង​ត្រូវ​រៀប​ចំ​ឡើង​នៅ​ទីក្រុង​សេ​អ៊ូល នៅ​ចុង​ឆ្នាំ​នេះ​។ អត្ត​ពលិក​​មក​ពី​ប្រទេស​ទាំង​2 នឹង​ដង្ហែ​ក្បួន​ជាមួយ​គ្នា​ក្រោម​ទង់​ជាតិ​រួម​គ្នា​មួយ និង​ប្រទេស​ដែល​មាន​ឈ្មោះ​ថា «កូរ៉េ» អំឡុង​ពេល​បើក និង​បិទ​កម្ម​វិធី​ប្រកួត​នៃ​ព្រឹត្តិ​ការណ៍​កីឡា​អាស៊ី ដូច​ដែល​ពួក​គេ​បាន​ធ្វើរួចមកហើយ​ក្នុង​ព្រឹត្តិ​ការណ៍​អូឡាំ​ពិក​រដូវ​រងា​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ខែ​កុម្ភៈ​ដូច្នោះ​ដែរ​។

ពួក​គេ​ក៏​បានយល់​ព្រម​ក្នុង​ការ​បង្កើត​ក្រុមរួម​​ចម្រុះ​គ្នា សម្រាប់​ព្រឹត្តិ​ការណ៍​នា​​ពេល​ខាងមុខ​ និង​សម្រាប់​យុទ្ធ​នា​​ការ​អន្តរ​ជាតិ​ផ្សេង​ទៀតផងដែរ ហើយ​ប្រទេស​ទាំង​2 នឹង​រៀប​ចំ​ការ​ពិភាក្សា​​ផ្សេង​ៗ​ជាច្រើន​​បន្ថែម​ទៀត​​ដើម្បី​​ធ្វើ​ការងារ​លើ​សេចក្តីលម្អិត​នានា​ទាំងនោះ។ លោក Jeon Choong-ryul អគ្គ​រដ្ឋ​លេខា​ធិការ​របស់​គណៈ​កម្មា​ធិការ​អូឡាំ​ពិក និង​កីឡា​កូរ៉េ បាន​ឱ្យ​ដឹង​ថា៖ «យើង​នឹង​ព្យា​យាម​​បង្ហាញ​ពី​ស្មារតី និង​គោល​ការណ៍​នា​នា​ដែល​ត្រូវ​បាន​ព្រម​ព្រៀង​រវាង​មន្ត្រី​ជាន់​ខ្ពស់​របស់​កូរ៉េ​ខាង​ត្បូង និង​ខាង​ជើង ក្រោម​ការ​ជឿជាក់​ថា កីឡា​អាច​ដើរ​តួ​ជា​អ្នក​នាំ​ផ្លូវ​មួយ​សម្រាប់​ការ​ដោះ​ដូរ​​កាន់​តែ​ច្រើនឡើង​​រវាង​​អន្តរ​កូរ៉េ​»​៕

ប្រភពពី៖ Channel News Asia

Advertisement