ជប៉ុន បង្កើត​ប្រវត្តិ​សាស្ត្រ ខណៈ​រុស្ស៊ី និង​សេ​ណេ​ហ្គាល់ ឈ្នះ​ដូចគ្នា

ជប៉ុន បានក្លាយ​ជាក្រុម​ដំបូង​គេ​របស់​ទ្វីប​អាស៊ី ក្នុងការ​យកឈ្នះ​លើ​ក្រុម​​របស់​តំបន់​អាមេរិក​ខាងត្បូង នា​ព្រឹត្តិ​ការណ៍ World Cup កាល​ពី​ថ្ងៃ​អង្គារ តាមរយៈ​ការ​ផ្តួលក្រុម​នៅ​សល់សមា​ជិក​ត្រឹម​តែ​ 10នាក់ កូ​ឡុំ​ប៊ី ក្នុង​លទ្ធផល 2-1 ដើម្បី​បំពេញ​ការ​សង​សឹក​ដ៏ផ្អែម​ល្ហែម​មួយ​សម្រាប់​ការ​បរា​ជ័យ​ដ៏​ឈឺ​ចាប់​ក្នុង​ប្រទេស​ប្រេស៊ីល កាលពីឆ្នាំ​2014​។

គ្រាប់​បាល់​ឈ្នះ​នៅនាទីទី​73 ​របស់​កីឡាករ Yuya Osako បាន​ផ្តល់​នូវ​ការ​ធូរ​ស្រាល​ដ៏ធំមួយ​សម្រាប់​ជប៉ុន ដែល​បាន​រង​បរា​ជ័យ​ក្នុង​លទ្ធ​ផល 4-1 ក្រោម​ស្នា​ដៃក្រុម​ជម្រើស​ជាតិកូឡុំ​ប៊ី កាលពី​ 4​ឆ្នាំមុន អំឡុង​ពេលនៃ​យុទ្ធ​នា​ការ​ដ៏ខក​ចិត្ត​មួយ ខណៈ​ដែល​ពួក​គេមិន​អាច​សូម្បី​តែ​ដណ្តើម​យក​ជ័យជម្នះ​ 1លើក​​។ ក្នុង​ការ​ប្រកួត​ជុំ​ទី​2 នៃ​ពូល A នា​ថ្ងៃ​ដដែលនោះ ការ​វិល​ត្រឡប់​របស់ Mohamed Salah ពី​បញ្ហា​របួស​វិញ មិន​បាន​​រា​រាំង​មិន​ឱ្យ​ក្រុម​ម្ចាស់​ផ្ទះ World Cup រុស្ស៊ី បំពេញ​ការ​ឈ្នះ​កៅអី​របស់​ពួក​គេក្នុង​វគ្គ​ 16ក្រុម​ចុង​ក្រោ​យ​តាម​រយៈ​ការ​ផ្តួលក្រុម​ជម្រើស​ជាតិ​អេ​ហ្ស៊ីប ក្នុង​លទ្ធ​ផល 3-1 កាល​ពី​ថ្ងៃ​អង្គារ​ឡើយ​។ ការ​ធ្វើ​ឱ្យ​បាល់​ចូល​ទី​ខ្លួន​ឯង​របស់​ប្រធានក្រុម​អេ​ហ្ស៊ីប Ahmed Fathy បាន​បង្កើត​ឱ្យ​មាន​គ្រាប់​បាល់​បន្ត​បន្ទាប់​​ជាច្រើន នៅ​រាត្រី​​ដ៏​សោក​សៅ​ក្នុង​ទីក្រុង Saint Petersburg នៅ​មុន​ពេលគ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់​កីឡាករ Denis Cheryshevនិង ArtemDzyuba បាន​ពង្រឹង​ក្តី​សង្ឃឹម​របស់​រុស្ស៊ី​ថា ពួក​គេ​អាច​លុប​ចោល​នូ​វការមន្ទិល​សង្ស័យ​ទាំងឡាយ​ដើម្បី​ឈាន​ទៅ​វគ្គ​ជ្រៅ​ៗទៀតនៃ​យុទ្ធ​នា​ការនេះ​​។

ជាមួយ​គ្នា​​នេះ លោក AliouCisse គ្រូបង្វឹក​នៃក្រុម​ជម្រើស​ជាតិ​សេ​ណេ​ហ្គាល់ បាន​ព្រមាន​ដល់​គូ​ប្រជែង​ក្នុង World Cup របស់​ខ្លួន​ថា ក្រុម​នៅ​អា​ហ្វ្រិក​ខាង​លិច​មួយនេះ បាន​បន្ថែម​ជំនាញ​​បច្ចេក​ទេស​​ទៅ​លើ​ទេពកោ​សល្យ​របស់​ពួក​គេ កាល​ពី​ថ្ងៃ​អង្គារ ក្រោយពី​ពួក​គេ​បានបើក​យុទ្ធ​នាការ​របស់​ពួក​គេ ជាមួយ​នឹង​ជ័យជម្នះ 2-1 លើ​ក្រុម​ជម្រើស​​ជាតិ​ប៉ូឡូញ​៕

ប្រភព​ពី៖ Channel News Asia

Advertisement