លោក Southgate៖ អង់គ្លេស ត្រូវតែ​បង្ហាញ​ពី​ភាពខ្លាំង​ពេល​ប៉ះ ស៊ុយអែត

លោក Gareth Southgate ដែលជា​អ្នកចាត់ការ​ទូទៅ បាន​បញ្ជាក់ថា ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស «ប្រហែលជា​មិនមាន​ឱកាស​បែបនេះ​ម្តង​ទៀតឡើយ» ខណៈដែល​លោក​កំពុងតែ​រៀបចំ​ផែនការផ្សេងៗក្នុងការ​យកឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​ស៊ុយអែត ក្នុងការ​ប្រកួត​វគ្គ៨ក្រុម​ចុងក្រោយ ដើម្បី​ឈានទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ World Cup វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជា​លើក​ទី1ក្នុង​រយៈពេល៣ទសវត្សរ៍។

លោក Southgate បាន​ប្រាប់​បណ្តាញសារព័ត៌មាន BBC កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រុម​ប្រជុំ​ដោយ​កីឡា​ការ​វ័យក្មេង​របស់លោក ដែល​ត្រូវបាន​ដឹកនាំ​ដោយ​ខ្សែ​ប​យុទ្ធ Harry Kane «ត្រូវតែ​ប្រឹង​ឲ្យ​អស់ពី​សមត្ថភាព» ក្នុង​យុទ្ធនាការ​នៅ​ប្រទេស​រុស្ស៊ី។ លោក Southgate បាន​ឲ្យ​ដឹងថា៖ «វា​ជា​ឱកាស​ដ៏​អស្ចារ្យ​មួយ ហើយ​បើទោះបី​ក្រុម​របស់​យើង​នឹងមាន​ទេពកោសល្យ​ល្អប្រសើរ​ជាង2ឆ្នាំមុន​ក៏ដោយ ប៉ុន្តែ យើង​ប្រហែលជា​មិនមាន​ឱកាស​បែបនេះ​ម្តង​ទៀតឡើយ»។

ការដណ្តើម​បាន​ជ័យជម្នះ​ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​របស់​អង់គ្លេស លើ​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី ក្នុង​វគ្គ16ក្រុម​ចុងក្រោយ​មានន័យថា មានតែ​ក្រុម​ស៊ុយអែត​ប៉ុណ្ណោះ ជា​ឧ​ប​ស័គ្គ​របស់​ពួកគេ​ក្នុងការ​ឈានទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជា​លើក​ទី1 បើ​គិត​ចាប់តាំងពី​ឆ្នាំ1990។

លោក Southgate បាន​បញ្ជាក់ថា លោក​កំពុងតែ​សម្លឹង​ឆ្ពោះទៅកាន់​ការប្រកួត​វគ្គ៨ក្រុម​ចុងក្រោយ​ជាមួយនឹង​ក្រុម​ស៊ុយអែត នៅ​ថ្ងៃ​សៅរ៍​នេះ រួចជាស្រេច ក្នុង​ទីក្រុង Samara ដើម្បី​ប្រជែង​យក​កៅអី​ទៅ​ជួប​ក្រុម​ក្រូ​អាស៊ី ឬ​រុស្ស៊ី ក្នុង​វគ្គ៤ក្រុម​ចុងក្រោយ។

លោក Southgate ដែល​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​មិន​ចូល​ទី​របស់លោក​បានធ្វើ​ឲ្យ​ក្រុម​អង់គ្លេស ចាញ់​អាល្លឺម៉ង់ ក្នុង​វគ្គ1/2ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ Euro ឆ្នាំ1996 នា​កីឡដ្ឋាន Wembley នោះ បាន​ឲ្យ​ដឹងថា៖ នេះ​គឺជា​លទ្ធផល​ដ៏​ពិសេស ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​យើង​បន្តដំណើរ​ទៅមុខ។

គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀតថា៖ ស៊ុយអែត គឺជា​ក្រុម​មួយទៀត​ដែល​យើង​មាន​កំណត់ត្រា​ដ៏​អន់​ពេល​ជួបគ្នា។ យើង​បាន​មើលស្រាល​ពួកគេ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ។ ពួកគេ​បាន​បង្កើត​រឿង​ផ្ទាល់​របស់​ពួកគេ និង​បាន​បង្កើត​ប្រវត្តិសាស្ត្រ។ ខ្ញុំ​មិនទាន់​ចង់ទៅ​ផ្ទះ​នៅឡើយ​ទេ។ ការប្រកួត​នៅ​ថ្ងៃ​សៅរ៍​នេះ នឹង​ចាប់ផ្តើម​នៅ​ម៉ោង៩យប់៕

ប្រភពពី៖ Channel News Asia

Advertisement