Pacquiao ប្រាប់ឱ្យ Horn ត្រៀមលក្ខណៈឱ្យរួចរាល់ ដើម្បីប៉ះជាមួយរូបគេ

ម្ចាស់​ខ្សែក្រវាត់​ពិភព​លោក​ ៨​ប្រភេទ ​ទម្ងន់​ផ្សេង​​គ្នា Manny Pacquiao ទទួល​ស្គាល់​ថា គូ​ប្រកួត​នា​ពេល​ខាង​មុខ​នេះ​​​​​គឺ Jeff Horn ស្ថិត​ក្នុង​​សមត្ថ​ភាព​ដែល​មិន​អាច​ដឹង​បាន ប៉ុន្តែ បាន​ប្រាប់​​​កីឡាករ​ប្រដាល់​សញ្ជាតិ​អូ​ស្ត្រាលី​រូប​នេះ​​ថា រូប​គេ​ត្រូវ​តែ​ស្ថិត​ក្នុង​សមត្ថ​ភាព​ខ្ពស់​បំផុត​របស់​គេ​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​​ថា ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក  WBO ក្នុង​ទម្ងន់​ ​៦៦,៧​គីឡូ​ក្រាម​របស់​ពួក​គេ នឹង​ផ្តល់​ការ​រីក​រាយ​​ដល់​អ្នក​គាំ​ទ្រ​។

Pacquiao បាន​ធ្វើ​ដំណើរ​​ទស្ស​ន​កិច្ច​ទៅ​កាន់​ប្រទេស​អូ​ស្ត្រាលី​កាល​ពី​ថ្ងៃ​ចន្ទ ដើម្បី​​ផ្សព្វ​ផ្សាយ​ការ​ប្រកួត​របស់​ពួក​គេ​នៅ​ថ្ងៃ​ទី​២ ខែ​កក្ក​ដា ខាង​មុខ​នេះ នៅ​សង្វៀន Lang Park និង​បាន​និយាយ​ជា​មួយ​នឹង​អ្នក​យក​ព័ត៌​មាន នៅ​មុន​ពេល​ត្រូវ​បាន​​ស្វាគមន៍​ដោយ​អ្នក​គាំ​ទ្រ​។ Pacquiao បាន​ប្រាប់​​បណ្តាញ​សារ​ព័ត៌​មានក្នុង​ស្រុក​ថា៖ «​ខ្ញុំ​មិន​​ដឹង​ពី​សមត្ថ​ភាព​របស់​​គេ​ឡើយ ប៉ុន្តែ ខ្ញុំ​ដឹង​ថា រូប​គេ​ជា​អ្នក​ប្រយុទ្ធ​ម្នាក់​។ ខ្ញុំ​​មិន​ទាន់​បាន​ទស្ស​នា​ការ​ប្រកួត​របស់​គេ​នៅ​ឡើយ​ទេ ប៉ុន្តែ ខ្ញុំ​នឹង​​​ត្រួត​ពិនិត្យ​ទៅ​លើ​ការ​ប្រកួត​៣​លើក​ចុង​ក្រោយ​របស់​គេ​​»​។ កីឡាករ​ប្រដាល់​របស់​​ហ្វី​លី​ពីន​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «សារ​របស់​ខ្ញុំ​សម្រាប់​រូប​គេ​គឺ​ត្រូវ​តែ​ខិត​ខំ​​​ហ្វឹក​ហាត់​ឱ្យ​បាន​​រឹង​មាំ និ​ង​ត្រូវ​​តែ​ធ្វើ​ឱ្យ​ប្រាកដ​ថា អ្នក​ស្ថិតក្នុង​កម្រិត​រឹង​មាំ​១០០​ភាគ​រយ​សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​ទី២ ខែ​កក្ក​ដា ហេតុ​នេះ យើង​អាច​ផ្តល់​ការ​ប្រកួត​ដ៏​​ជក់​ចិត្តមួយ ហើយ​យើង​អាច​ផ្តល់​ការ​រំភើប​ដល់​អ្នក​គាំ​ទ្រ​»​។

ការ​ប្រកួត​​ជា​មួយ​នឹង​ Horn ដែ​មិន​កំណត់​ត្រា​ឈ្នះ​១៦​លើក និង​ស្មើ​១លើក​នោះ នឹង​ក្លាយ​ជា​ការ​ប្រកួត​ជា​លើក​ទី​១​របស់ Pacquiao ចាប់​តាំង​ពី​រូប​គេ​បាន​ឈ្នះ​ពិន្ទុ​ជា​​ឯក​ច្ឆន្ទ​លើ​កីឡាករ​អាមេរិក Jessie Vargas ក្នុង​ទីក្រុង Las Vegas កាល​ពី​ខែ​វិច្ឆិកា​។ Pacquiao មាន​កំណត់​ត្រា​ឈ្នះ​៥៩​លើក ចាញ់​៦​លើក និង​ស្មើ​២លើក ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ចំនួន​៣៨​លើក​៕

ប្រភព​ព័ត៌​មាន៖ Reuters

Advertisement