លោក Southgate សង្ឃឹមថា អង់គ្លេស នឹង​គេច​ផុតពី​ការភិតភ័យ​ក្នុង​វគ្គ 1/2 ផ្តាច់ព្រ័ត្រ

លោក Gareth Southgate គ្រូបង្វឹក​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស បាន​បញ្ជាក់ថា ក្រុម​ដែល​គ្មាន​បទពិសោធ​របស់លោក ត្រូវតែ​សម្លឹង​រក​ការបង្ហាញ​ពី​ទម្រង់​លេង​ក្នុង «កម្រិត​ជាធម្មតា» របស់​ពួកគេ បើទោះបី​ត្រូវមាន​សម្ពាធ​សម្រាប់​ការលេង​ក្នុង​ព្រឹត្តិការណ៍ World Cup វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ​ក៏ដោយ។

ក្រុម​ជម្រើសជាតិ​អង់គ្លេស នឹងត្រូវ​ប៉ះ​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី ក្នុង​ទីក្រុង​ម៉ូស្គូ នៅ​រាត្រី​នេះ ក្រោយពី​បាន​ឈានទៅ​វគ្គ 4ក្រុម​ចុងក្រោយ​នៃ​យុទ្ធនាការ​ដ៏​ធំ​មួយ​នេះ​ជា​លើកដំបូង ចាប់តាំងពី​ព្រឹត្តិការណ៍ Euro ឆ្នាំ1996 ដែល​នៅពេលនោះ​លោក Southgate បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​មិន​ចូល​ទី បណ្ដាលឱ្យ​ចាញ់​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់។

បច្ចុប្បន្ន គ្រូបង្វឹក​រូបនេះ​កំពុងតែ​ព្យាយាម​លុបចោល​ការធ្វេសប្រហែសផ្សេងៗ ខណៈដែល​ក្រុម​ប្រជុំ​ដោយ​កីឡាករ​វ័យក្មេង​របស់​លោក​កំពុង​ត្រៀម​ប្រជែង​កៅអី​ទៅ​វគ្គ​បន្ត​ដើម្បី​ឈ្នះ​ពាន World Cup ដូច​កាលពី​ឆ្នាំ1966 នៅលើ​ទឹកដី​ខ្លួនឯង។ លោក Southgate បាន​ប្រាប់​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​អង្គា​រថា រឿង​ដ៏​សំខាន់បំផុត គឺ​ការ​ក្សា និង​ធ្វើឱ្យអ្វីៗស្ថិតនៅ​ជាធម្មតា​តាម​ដែល​អាច​ធ្វើបាន។ យើង​បាន​ស្ថិតក្នុង​អារម្មណ៍​ស្ងប់​ក្នុង​ជំរំ​របស់​យើង ដោយ​ត្រៀមលក្ខណៈ​ដូចគ្នា។ ការត្រៀម​លក្ខណៈ​របស់​យើង​សម្រាប់​ការប្រកួត​នេះ ស្ថិតនៅ​ជាធម្មតា។ ខ្ញុំ​គិតថា វា​ពិតជា​សំខាន់​ណាស់​ក្នុងការ​មាន​ភាពរឹងមាំ​ក្នុងការ​ប្រកួត​នេះ»។

ជាមួយគ្នានេះ ខ្សែការពារ​អន្តរជាតិ​ក្រូ​អាស៊ី DejanLovren ជឿជាក់ថា ក្រុម​របស់គេ កំពុងតែ​ត្រៀមលក្ខណៈ​រួចរាល់​ក្នុងការ​ដណ្តើមយក​ឱកាស​ដ៏​ល្អ​មួយ​ក្នុង​ជីវិត នៅពេលដែល​ពួកគេ​ប៉ះ​ជាមួយនឹង​ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស។ មាន​កង្វល់​ជាច្រើន​ថា ការ​អស់កម្លាំង​អាច​នឹង​ក្លាយជា​កត្តា​គួរឱ្យ​បារម្ភ​មួយ​សម្រាប់​ក្រុម​របស់លោក Zlatko Dalic ដោយសារតែ​ពួកគេ​ត្រូវ​បង្ខំចិត្ត​លេង​ពន្យារ​ការប្រកួត​រយៈពេល120នាទី និង​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី ទាំង​ក្នុងពេល​ប្រកួត​ជាមួយនឹង​ក្រុម​ម្ចាស់ផ្ទះ និង​ក្រុម​ជម្រើសជាតិ​ដា​ណឺ​ម៉ាក ក្នុងការ​ប្រកួត 2ជុំ​ចុងក្រោយ។ ប៉ុន្តែ ទោះបីជា​យ៉ាងណា ខ្សែការពារ​កណ្តាល Lovren របស់​ក្លិប Liverpool បាន​ច្រានចោល​ចំពោះ​ការបារម្ភ​បែបនេះ។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង 1រំលងអធ្រាត្រ៕

ប្រភពពី៖ Channel News Asia

Advertisement