ទីក្រុង​ប៉ារីស អបអរ​យ៉ាង​ខ្លាំងក្លា ក្រោយ​បារាំង​ផ្តួល​បែលហ្ស៊ិក ដើម្បី​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ

ចម្រៀង​ជាតិ​របស់​ប្រទេស​បារាំង​ដែលមាន​ចំណងជើង​ថា La Marseillaise ការស្រែក​បន្ទរ​គ្នា​ឡើង​ថា «យើង​ទៅដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ!!» និង​សំឡេង​ស៊ី​ហ្វ្លេ​រថយន្ត និង​កាំជ្រួច បាន​បន្លឺឡើង​យា់ង​កងរំពង​ទូទាំង​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃ​អង្គារ ខណៈដែល​ប្រជាជន​ក្នុង​រដ្ឋធានី​នេះ​បាន​អបអរ​សម្រាប់​ការធ្វើដំណើរ​របស់​ក្រុម​ជម្រើសជាតិ​បារាំង​ឆ្ពោះទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ World Cup។

អ្នកគាំទ្រ​ដ៏​ច្រើន​កុះករ​ប្រមាណ 20,000នាក់ បាន​ប្រមូល​ផ្តុំគ្នា​ដើម្បី​ទស្សនាការ​ប្រកួត​របស់​ក្រុម​លោក Dider Deschamps ក្នុងពេល​ពួកគេ​ផ្តួល​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក ក្នុង​លទ្ធផល 1-០ ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៅ​ទីក្រុង Saint Petersburg នៅលើ​ផ្ទាំងសំពត់ស​ដ៏​ធំ​មួយ​នៅឯ Hotel de Ville ក្នុង​ទីក្រុង​ប៉ារីស។

ដោយសារតែ​ទស្សនីយភាព​នៃ​ការប្រកួត​ត្រូវបាន​បិទបាំង​ដោយ​ហ្វូងមនុស្ស​ដ៏​ច្រើន​កុះករ​នេះ អ្នកខ្លះ​បាន​ឡើងលើ​ដើមឈើ​នានា លើ​រថយន្ត ឬក៏​លើ​ធុងសំរាម ដើម្បី​មើល​ការប្រកួត​ផ្សាយ​ផ្ទាល់​ឱ្យបាន​ច្បាស់។ គ្រាប់​បាល់​កាត់សេចក្តី​របស់​ខ្សែការពារ Samuel Umtiti នៅ​នាទី​ទី51 បាន​បង្កើតឱ្យមាន​ការ​អបអរ​យ៉ាងខ្លាំង ខណៈដែល​អ្នកគាំទ្រ​ភាគច្រើន​បាន​ឱប និង​ថើប​គ្នា និង​រាំរែក​យ៉ាង​រីករាយ។ លោក Didier Deschampsគ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​បារាំង បានឱ្យដឹងថា៖ «យើង​បានបង្ហាញ​ពី​ឥរិយាបថ និង​ស្មារតី។ វា​ពិតជា​លំបាក​ណាស់​សម្រាប់​យើង​នៅ​រាត្រី​នេះ។ យើង​បានធ្វើ​ការងារ​យ៉ាង​លំបាក​លើ​តំបន់​ការពារ យើង​ត្រូវតែ​ដណ្តើមយក​ការ​មានប្រៀប​បន្តិច​លើ​ការ​វាយបក​រហ័ស ប៉ុន្តែ សូម​អបអរសាទរ​ដល់​កីឡាករ និង​បុគ្គលិក​របស់ខ្ញុំ»។

ក្រុម​ជម្រើសជាតិ​បារាំង នឹងត្រូវ​ប៉ះ​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​អង់គ្លេស ឬ​ក្រូ​អាស៊ី​ក្នុង​ទីក្រុង​ម៉ូស្គូ នៅ​ថ្ងៃអាទិត្យ​នេះ ខណៈដែល​បារាំង​សម្លឹង​រក​ការលើក​ពាន​នេះ​ជា​លើក​ទី2 ក្រោយពី​បានឈ្នះ​នៅលើ​ទឹកដី​ខ្លួនឯង​ម្ដង​រួចមកហើយ​កាលពី​ឆ្នាំ1998៕

ប្រភពពី៖ Channel News Asia

Advertisement