លោក Dalic៖ ក្រូ​អាស៊ី ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ប៉ះ​បារាំង​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ World Cup

0

លោក Zlatko Dalic គ្រូបង្វឹក​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ក្រូ​អាស៊ី កំពុងតែ​ពោរពេញ​ទៅដោយ​ការ​ជឿជាក់ថា ការ​អស់កម្លាំង​នឹងមិន​ក្លាយជា​បញ្ហា​ធំ​ឡើយ​សម្រាប់​ក្រុម​របស់លោក នៅពេលដែល​ពួកគេ​ត្រូវ​ប៉ះ​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​បារាំង ក្នុង​ព្រឹត្តិការណ៍ World Cup វគ្គ​ផ្តាច់ព្រ័ត្រ បើទោះបីជា​ការប្រកួត​ត្រូវ​បន្ថែម 15នាទី 2ដង​ម្ដងទៀត​ក៏ដោយ។

ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី បាន​វាយបក​ពី​ការ​ដេញតាម​ពីក្រោយ ដើម្បី​កត់ត្រា​ជ័យជម្នះ​ក្នុង​លទ្ធផល 2-1 ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្នុង​ទីក្រុង​ម៉ូស្គូ ខណៈដែល​ខ្សែប្រយុទ្ធ Mario Mandzukic បា​នរក​គ្រាប់​បាល់​ឈ្នះ​នៅ​នាទី​ទី109 ក្រោយពី Ivan Perisic បា​នរក​គ្រាប់​បាល់​តាម​ស្មើ​គ្រាប់​បាល់​បើកឆាក​របស់​ខ្សែការពារ Kieran Trippier។

ក្រុម​របស់លោក Dalic ពិតជា​អស់កម្លាំង​មែន ប៉ុន្តែ​ពួកគេ​បានធ្វើការ​វាយបក​វិញ​យ៉ាង​ល្អ​ដើម្បី​បញ្ចប់​ការប្រកួត​រយៈពេល 2ម៉ោង​ទាំង​ភាព​រីករាយ និង​ដើម្បី​ដឹកនាំ​ក្រុម​ប្រទេសមួយ​ដែលមាន​ប្រជាជន​តែ​ជាង 4លាន​នាក់​នេះ​ឈានទៅដល់​វគ្គ​ផ្តាច់ព្រ័ត្រ​បានសម្រេច​ជា​លើក​ទី1។

ប៉ុន្តែ ទោះបីជា​យ៉ាងណា កង្វល់​ដ៏​ធំ​បំផុត​នៅ​មុនពេល​ប្រកួត​នៅ​ថ្ងៃអាទិត្យ​ខាងមុខនេះ គឺ​ការ​គេច​ឱ្យ​ផុតពី​បញ្ហា​អស់កម្លាំង ព្រោះ​ក្រុម​ក្រូ​អាស៊ី​មួយ​នេះ​បាន​លេង​នៅ​នាទី​បន្ថែម 15នាទី 2ដង និង​បន្ថែម​ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​ទៀតផង​កាលពីពេល​ប្រកួត​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ដា​ណឺ​ម៉ាក និង​ម្ចាស់ផ្ទះ​រុស្ស៊ី ក្នុង​រយៈពេល 2សប្តាហ៍​ចុងក្រោយ​នេះ។

ក្រុម​ជម្រើសជាតិ​បារាំង​នឹងមាន​ពេល​សម្រាក​ច្រើនជាង​ដល់​ទៅ 24ម៉ោង ដើម្បី​ត្រៀម​សម្រាប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ក្រោយពី​ផ្តួល​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក ក្នុង​លទ្ធផល 1-០ ក្នុង​រយៈពេល 90នាទី ក្នុង​ទីក្រុង Saint Petersburg កាលពី​ថ្ងៃ​អង្គារ។

លោក Dalic បានឱ្យដឹងថា៖ «វា​ពិតជា​អស្ចារ្យ​មែន! ប៉ុន្តែ​នៅ​នាទី​បន្ថែម 15នាទី 2ដង​នេះ គ្មាន​កីឡាករ​រូប​ណា​ចង់​ប្តូរ​ចេញ​ឡើយ។ នេះ​បង្ហាញ​ពី​ឥរិយាបថ និង​ជា​អ្វីដែល​ធ្វើឱ្យ​យើង​មាន​មោទនភាព​យ៉ាងខ្លាំង។ គ្មាន​នរណា​បោះបង់​ការចង់​ឈ្នះ​ចោល​ឡើយ»៕

ប្រភពពី៖ sports.yahoo.com

ចែករំលែក