អង់គ្លេស សម្លឹង​រក​ការបញ្ចប់ World Cup ទាំង​ភាព​រីករាយ ពេល​ប៉ះ បែលហ្ស៊ិក ថ្ងៃ​សៅរ៍

លោក Gareth Southgate អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស បាន​ទទួលស្គាល់ថា ការប្រកួត​នៅ​ថ្ងៃ​សៅរ៍​នេះ ជាមួយនឹង​ក្រុម​ជម្រើសជាតិ​បែ​ល​ហ្ស៊ី​ក នឹង​ផ្តល់នូវ​ឱកាស​ក្នុង​ការបញ្ចប់​ក្នុង​យុទ្ធនាការ​នេះ ដោយ​ជ័យជម្នះ​បើទោះបី ការប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ3 ក្នុង World Cup គឺជា​ការប្រកួត​មួយ​ដែល​មិនមាន​ក្រុម​ណា​ចង់​លេង​ក៏ដោយ។

ការរង​បរាជ័យ​យ៉ាង​ខកចិត្ត​ក្នុង​លទ្ធផល 2-1 ក្រោម​ស្នាដៃ​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី ក្រោយពី​នាទី​បន្ថែម 15នាទី 2ដង បាន​រារាំង​មិន​ឲ្យ​អង់គ្លេស ធ្វើដំណើរ​ទៅ​ប្រជែង​ដណ្តើមពាន World Cup ជា​លើក​ទី2 ដោយ​ត្រូវធ្វើ​ការប្រកួត មួយ​នឹង​ក្រុម​បែលហ្ស៊ិក ដើម្បី​ដណ្តើម​លេខ3 ជំនួស​វិញ។

ក្រុម​បែលហ្ស៊ិក​របស់លោក Roberto Martinez ដែល​បាន​រង​បរាជ័យ​ក្រោម​ស្នាដៃ​ក្រុម​ជម្រើសជាតិ​បារាំង 1-0 ក្នុង​វគ្គ4 ក្រុម​ចុងក្រោយ​នោះ បានបញ្ចប់​ដោយ​ឈរ​លេខ1 ក្នុង​ពូ​ល G ពីលើ​ក្រុម​អង់គ្លេស ក្រោយពី​គ្រាប់​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​របស់​ខ្សែប្រយុទ្ធ Adnan Januzaj បាន​កាត់សេចក្តី ក្នុងការ​ប្រកួត​នៅ​ទីក្រុង Kaliningrad។

ក្នុងការ​ប្រកួត​នោះ គ្រូបង្វឹក​ទាំង2 បាន​ផ្លាស់ប្តូរ​កីឡាករ​ជាច្រើន​ក្នុង​ជម្រើស​ទាំង 11នាក់​ដំបូង​របស់លោក ហើយ​ការផ្លាស់ប្តូរ​ដូចគ្នានេះ អាច​នឹង​ធ្វើឡើង​ម្តងទៀត​ក្នុង​ទីក្រុង Saint Petersburg ស្របពេល​កីឡាករ​បម្រុង​ជាច្រើន​អាច​នឹង​ចូល​លេង​ក្នុង​ជម្រើស​ដំបូង។

លោក Southgate ដែល​ក្រុម​របស់លោក​បានទទួល​ការកោតសរសើរ​ចំពោះ​ការ​សាមគ្គីភាព​របស់​ពួកគេ​ក្នុងនាម​ជា​ប្រទេសមួយ​នោះ បាន​ឲ្យ​ដឹងថា៖ «រឿង​ដ៏​ស្មោះត្រង់​បំផុត​នោះ​គឺថា វា​មិនមែនជា​ការប្រកួត​មួយ​ដែល​ក្រុម​ណាមួយ​ចង់​លេង​ឡើយ»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង 9យប់៕

ប្រភពពី៖ Sport24

Advertisement